តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងលោក Heiko Maas រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយស្តីពីប្រទេសអាហ្វហ្គានីស្ថានជាមួយប្រទេសនានានៅទូទាំងពិភពលោក។
លោករដ្ឋមន្ត្រី Blinken បានផ្តោតការយកចិត្តទុដាក់លើវិស័យបីដែលនៅក្នុងនោះមានសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការមានសារៈសំខាន់ជាពិសេស។
វិស័យទីមួយ គឺធ្វើឱ្យក្រុមតាលីបង់ធ្វើតាមការសន្យារបស់ខ្លួនដោយអនុញ្ញាតឱ្យក្រុមជនបរទេស អ្នកមានទិដ្ឋាការ និងជនជាតិអាហ្វហ្គានីស្ថាន ធ្វើដំណើរទៅក្រៅប្រទេសប្រសិនបើពួកគេចង់ចាកចេញ។ ដោយតបតនឹងការជំទាស់របស់ពួកតាលីបង់មិនឱ្យមនុស្សមានជំនាញចាកចេញពីប្រទេស នឹងបណ្តាលឱ្យមាន«ការរត់ចោលប្រទេសដោយក្រុមជនមានការចេះដឹង» លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា «វិធីល្អបំផុតដើម្បីឱ្យមនុស្សឋិតនៅក្នុងប្រទេស គឺអនុញ្ញាតឱ្យពួកគេចាកចេញពីអាហ្វហ្គានីស្ថាន និងគោរពសិទ្ធិជាមូលដ្ឋានរបស់ពួកគេ»។
សហរដ្ឋអាមេរិក នឹងបន្តធ្វើការដើម្បីការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ប្រជារាស្ត្រអាហ្វហ្គានីស្ថានគ្រប់ៗគ្នា។
ទីពីរ លោករដ្ឋមន្ត្រី Blinken បានគូសបញ្ជាក់ថា សហគមន៍អន្តរជាតិត្រូវធ្វើឱ្យពួកតាលីបង់ធ្វើតាមការសន្យារបស់ពួកគេ គឺបញ្ចៀសកុំឱ្យក្រុមភេរវជនប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានជាមូលដ្ឋានមួយសម្រាប់ធ្វើកិច្ចប្រតិបត្តិការដែលគំរាមកំហែងប្រទេសណាមួយ។
លោករដ្ឋមន្ត្រី Blinken បានប្រកាសថា «ជាការពិត យើងមិនអាចគ្រាន់តែពឹងពាក់លើក្រុមតាលីបង់ដើម្បីធ្វើតាមការសន្យារបស់ពួកគេតែប៉ុណ្ណោះទេ យើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្ននិងតាមឃ្លាំមើលការគំរាមកំហែង ជាពិសេសការលេចឡើងវិញនៃការលបធ្វើអំពើអាក្រក់ពីខាងក្រៅនិងដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់នៅពេលវាកើតមាន។ លោកប្រធានាធិបតី Biden បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងរក្សាសមត្ថភាពមាំទាំខាងការប្រឆាំងភេរវកម្មនៅក្នុងតំបន់ដើម្បីកម្ចាត់ការគំរាមកំហែងទាំងឡាយ ហើយយើងនឹងមិនរារែកទេក្នុងការប្រើសមត្ថភាពទាំងនោះប្រសិនបើយើងត្រូវតែធ្វើដូច្នេះនោះ»។
ទីបី លោករដ្ឋមន្ត្រីការបរទេស Blinken បានគូសបញ្ចាក់សេចក្តីត្រូវការឱ្យសហគមន៍អន្តរជាតិបន្តធ្វើឱ្យប្រាកដប្រជាថា ជំនួយមនុស្សធម៌ស្រោចស្រង់ជីវិតមនុស្សនៅតែមានសម្រាប់ប្រជារាស្ត្រអាហ្វហ្គានីស្ថានដោយធ្វើទៅតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិប្រឆាំងនឹងពួកភេរវជន។
លោករដ្ឋមន្ត្រី Blinken មានប្រសាសន៍ទៀតថា «គោលដៅស្នូលទាំងបីនេះ នឹងតម្រូវឱ្យមានការទាក់ទងជាមួយពួកតាលីបង់ តែមានការចែកឱ្យដាច់ពីគ្នារវាងទំនាក់ទំនងដែលយើងបានធ្វើ នៅពេលមានការជម្លៀសមនុស្សដែលយើងនឹងធ្វើតទៅទៀត និងការប្រព្រឹត្តទៅលើពួកតាលីបង់ដូចដែលយើងធ្វើជាមួយប្រទេសភាគច្រើនឯទៀតៗដែរ»។ លោកបានកត់សម្គាល់ថា ភាពត្រឹមត្រូវតាមច្បាប់ដែលក្រុមតាលីបង់បានអះអាងថា ចង់ឱ្យមាន ត្រូវតែទទួលបានជាមួយការប្តេជ្ញាខ្ជាប់ខ្ជួនដល់ការរំពឹងទុកស្នូលរបស់សហគមន៍អន្តរជាតិ។ នេះមានរួមបញ្ចូលការគោរពដល់សមិទ្ធិផលបានមកក្នុងពេលជាង២០ឆ្នាំកន្លងទៅនេះដែលពង្រីកសិទ្ធិស្ត្រី កុមារ ក្រុមអ្នកកាសែត មនុស្សកាយវិកល សមាជិកសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នា និងសមាជិកក្រុមជនភាគតិច។
លោករដ្ឋមន្ត្រី Blinken បានប្រកាសថា «ដើម្បីជំរុញផលប្រយោជន៍រួមគ្នារបស់យើង ការទាក់ទងរបស់យើងជាមួយពួកតាលីបង់ ត្រូវតែមានជាប្រព័ន្ធ ភ្លឺស្វាង ប្រយ័ត្នប្រយែង និងជាសម្ព័ន្ធភាពតាមដែលអាចធ្វើទៅបាន»៕