Accessibility links

Breaking News

បទវិចារណកថា៖ លទ្ធិប្រជាធិបតេយ្យ ត្រូវតែ​ស្ដារ​ឡើងវិញ​នៅ​ប្រទេស​បួគីណាហ្វាសូ


ប្រធាន​សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​នៅ​ប៉ែក​ខាងលិច​នៃ​ទ្វីប​អាហ្វ្រិក ហៅ​កាត់​ថា ECOWAS និង​ប្រធានាធិបតី​ហ្គាណា​លោក Nana Akufo-Addo ចូលរួម​ក្នុង​ការបើក​កិច្ចប្រជុំ​បន្ទាន់​លើកទីពីរ​របស់​ប្រមុខរដ្ឋ​នៃ​សហគមន៍ ECOWAS កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រធាន​សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​នៅ​ប៉ែក​ខាងលិច​នៃ​ទ្វីប​អាហ្វ្រិក ហៅ​កាត់​ថា ECOWAS និង​ប្រធានាធិបតី​ហ្គាណា​លោក Nana Akufo-Addo ចូលរួម​ក្នុង​ការបើក​កិច្ចប្រជុំ​បន្ទាន់​លើកទីពីរ​របស់​ប្រមុខរដ្ឋ​នៃ​សហគមន៍ ECOWAS កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កងទ័ព​ប្រទេសបួគីណាហ្វាសូ បាន​ដណ្ដើម​ការត្រួតត្រាប្រទេស​នេះ​ កាលពី​ថ្ងៃទី២៤ ខែ​មករា ដោយបានទម្លាក់លោក​ប្រធានាធិបតី Roch [Rock] Marc Christian Kaboré ពី​តំណែង រំលាយ​រដ្ឋាភិបាល​និងសភា ព្យួររដ្ឋធម្មនុញ្ញ និង​បាន​បិទ​ព្រំដែន​ផង​ដែរ។

លោក​អនុសេនីយ៍​ឯក Sidsore Kader Ouedraogo បានប្រកាស​អំពី​រដ្ឋប្រហារនេះ​តាម​ទូរទស្សន៍រដ្ឋ ដោយ​បាននិយាយ​ថា កងយោធា​ បាន​ក្ដោបក្តាប់​អំណាច​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​«ស្ថានភាព​សន្តិសុខដុនដាប»ក្នុង​ប្រទេស និង«អសមត្ថភាព​របស់រដ្ឋាភិបាល»​ក្នុង​ការ​បង្រួបបង្រួម​ប្រជាជន។

នាយទាហាន​ជាន់ខ្ពស់ ​គឺ​លោក​វរសេនីយ៍ទោ Paul-Henri Damiba ត្រូវ​បាន​ណែនាំ​ខ្លួនថា​ ជាមេដឹកនាំ​ថ្មី​របស់​ប្រទេស​បួគីណាហ្វាសូ។

ជាការ​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​នេះ សហភាពអាហ្វ្រិក​ បានប្រកាស​តាម tweet ​កាល​ពី​ថ្ងៃទី៣១ ខែ​មករា​ អំពី​ការ​ព្យួរសមាជិកភាព​នៃប្រទេស​បួគីណាហ្វាសូ​រហូត​ដល់ពេល​ណា​ដែល​សណ្តាប់ធ្នាប់ខាង​រដ្ឋធម្មនុញ្ញ​ ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ឡើង​វិញ​ក្នុង​ប្រទេស​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​មួយ​នេះ។

កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ សហគមន៍​សេដ្ឋកិច្ចនៃបណ្ដា​ប្រទេស​នៅប៉ែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិកហៅកាត់​ថា ECOWAS ដែល​មាន​សមាជិក​ចំនួន ​១៥​ ប្រទេស​ បានព្យួរ​សមាជិកភាព​ប្រទេសបួគីណាហ្វាសូ ដោយធ្វើឱ្យ​ប្រទេស​នេះ ជា​ប្រទេស​ជាតិ​ទី​បីក្នុង​ប្លុកនេះ​ បន្ទាប់​ពី​ប្រទេស​ម៉ាលី និង​ប្រទេស​ហ្គីណេ ទទួល​ខុសត្រូវ​ចំពោះ​ការ​ដណ្ដើម​អំណាច​របស់​កង​យោធាក្នុង​ពេល​មួយ​ឆ្នាំ​កន្លះ​ខាង​មុខ​នេះ។ ការព្យួរ​សមាជិកភាព​នេះ មានន័យ​ថា ប្រទេស​ទាំង​នេះ មិន​អាច​ចូល​រួម​ក្នុងការប្រជុំ ឬ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ណាមួយ​នោះ​ទេ។ នេះ ​បើ​តាម​ការ​បញ្ជាក់​របស់​ពួក​មន្ត្រី។

ស.រ.អ.​ គាំទ្រ​សកម្មភាពដែល​សហភាពអាហ្វ្រិក និងសហគមន៍ ECOWAS បាន​ប្រកាសក្នុងការការពារលទ្ធិ​ប្រជាធិបតេយ្យ​ និង​ក្នុងការ​គាំទ្រ​ដល់​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​បួគីណាហ្វាសូ។​

បើ​តាម​ឧត្តម​ស្នងការ​អ.ស.ប.ខាង​ជន​ភៀសខ្លួន មានអំពើ​ហិង្សា​ក្នុង​ប្រទេស​បួគូណាហ្វាសូ​ដែល​មានទាក់ទិន​នឹង​ពូករដ្ឋ​ឥស្លាម ​និង​ពួក​ al-Qaida​ ដែល​បណ្តាល​ឱ្យ​មនុស្ស​រាប់ពាន់នាក់​ស្លាប់ និង​មនុស្ស ១ លាន ៥ សែននាក់ ខ្ចាត់ព្រាត់​ពី​ផ្ទះ​សំបែង​។ ​មានកងកម្លាំង​សន្តិសុខ​យ៉ាង​តិច​ណាស់ ៥០ នាក់ ត្រូវ​បានសម្លាប់​ក្នុង​តំបន់ Sahel។​

ស.រ.អ.​ មាន​ការ​អាណិតអាសូរ​ចំពោះ​ប្រជាជនបួគីណាហ្វាសូ និង​កងកម្លាំង​សន្តិសុខ​ដែល​រងទុក្ខ​វេទនា ហើយ​ក៏​មានកង្វល់​ដូចពួក​មេដឹកនាំ​អាហ្វ្រិក​ដែរ​ ​ជា​ពិសេសអំពី​ការ​ព្យួរ​រដ្ឋធម្មនុញ្ញ និង​ការ​ដកប្រធានាធិបតីជាប់ឆ្នោតតាម​ប្រជាធិបតេយ្យ​ពី​តំណែង និង​ការ​ព្យួរ​សភា។ ទោះជា​ផ្នែក​ខ្លះ​នៃរដ្ឋធម្មនុញ្ញត្រូវធ្វើឱ្យមានឡើង​វិញក៏​ដោយ​ ក៏​ការ​ដណ្ដើម​អំណាចក្រៅ​រដ្ឋធម្មនុញ្ញធ្វើ​ឱ្យបាត់​បង់​ភាព​ត្រឹមត្រូវតាមច្បាប់​នៃអភិបាលកិច្ច​និង​កម្រិត​លទ្ធភាព​របស់​ស.រ.អ. និង​ពួក​ដៃគូ​អន្តរជាតិ​ដទៃទៀតក្នុង​ការ​ជួយប្រទេស​នេះ​ទៅ​រក​សន្តិភាព ​និង​សន្ដិសុខ។​

ស.រ.អ.​ គូសបញ្ជាក់​នូវ​ការ​អំពាវនាវ​របស់​សហគមន៍ ECOWAS ឱ្យ​មានការ​ដោះលែង​លោក​ប្រធានាធិបតី​ Kabore និង​សមាជិកឯ​ទៀតៗរបស់រដ្ឋាភិបាល​ដែល​ត្រូវ​បានចាប់​ឃុំឃាំ​ងដោយ​អយុត្តិធម៌ និង​ឱ្យ​មាន​ការវិលត្រឡប់​ជា​បន្ទាន់​ទៅ​កាន់សណ្តាប់​ធ្នាប់​រដ្ឋធម្មនុញ្ញ​ក្នុង​ប្រទេសបួគីណាហ្វាសូ​វិញ៕

XS
SM
MD
LG