Accessibility links

Breaking News

បទវិចារណកថា៖ សង្គ្រាម​នៅ​ប្រទេស​ស៊ូដង់​កំពុង​នាំ​ឱ្យ​មាន​ទុរិ្ភក្ស​យ៉ាង​ខ្លាំង


រូបឯកសារ៖ ស្ត្រី​ជនភៀសខ្លួន​ស៊ូដង់​ម្នាក់​សម្រាក​នៅ​ក្នុង​ជម្រក​មួយ​នៅ​ជំរំ Zamzam ក្នុង​តំបន់ North Darfur ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។
រូបឯកសារ៖ ស្ត្រី​ជនភៀសខ្លួន​ស៊ូដង់​ម្នាក់​សម្រាក​នៅ​ក្នុង​ជម្រក​មួយ​នៅ​ជំរំ Zamzam ក្នុង​តំបន់ North Darfur ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

អ្នក​តំណាង​បម្រុង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចការ​នយោបាយ​ពិសេស​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Robert Wood បាន​ប្រកាស​ថា៖ ប្រទេស​ស៊ូដង់​គឺ​ស្ថិត​នៅ​ចំណុច​វិបត្តិ​មួយ​ដោយសារតែ​«សង្រ្គាម​គ្មាន​ន័យ​នេះ‍»។

លោក Robert Wood បាន​ថ្លែង​ថា៖ «‍ទុរ្ភិក្ស​នេះ​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​ជំរំ Zamzam ដែល​ជា​ជំរំ​សម្រាប់​ជន​ផ្លាស់​ទីលំនៅ​នៅក្នុង​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ El Fasher នៃ​រដ្ឋ North Darfur ជា​ទីកន្លែង​ដែល​មនុស្ស​ជាង ៥០០.០០០ នាក់​កំពុង​ជ្រក​ពួន។ អ្នកជំនាញ​សង្ស័យ​ថា គ្រោះ​ទុរ្ភិក្ស​នេះ​ក៏​កំពុង​កើតឡើង​នៅ​ក្នុង​ជំរំ Abu Shouk និង​ជំរំ Al Salam IDP ដែល​ជា​ជំរំ​សម្រាប់​មនុស្ស​គ្មាន​ទីកន្លែង​រស់នៅ​នៅ​ក្នុង​ប្រទេស​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ផងដែរ»។

លោក Robert Wood បាន​ថ្លែង​បន្ត​ថា៖ «‍គ្រួសារ​ដែល​ភៀស​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​ដ៏​គួរឱ្យ​រន្ធត់​បាន​ជួប​ប្រទះ​ភាពស្រេក​ឃ្លាន​ជា​ច្រើន​ខែ​មក​ហើយ។ ក្មេងៗ​បាន​ហូប​ដី និង​ស្លឹកឈើ។ ហើយ​ជា​រៀង​រាល់​ថ្ងៃ​ទារក​បាន​ស្លាប់​ដោយសារ​ភាពស្រេកឃ្លាន។ ហើយ​ទោះបីជា​មាន​ជំនួយ​មនុស្សធម៌​ក៏ដោយ ក៏​កងកម្លាំង​ប្រដាប់​អាវុធ​ស៊ូដង់​ឬ SAF និង​កង​ឯកភាព​ប្រតិព័ទ្ធ (Rapid Support Forces) ឬ RSF បាន​សុខចិត្ត​ឱ្យ​ប្រជាជន​ស៊ូដង់​ជួប​ប្រទះ​ភាពស្រេកឃ្លាន​ដោយ​ការបិទ​ច្រករបៀង​មនុស្សធម៌»។

លោក Robert Wood ថ្លែង​បន្ថែម​ថា៖ «‍ការណ៍​នេះ​រាប់បញ្ចូល​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ​ស៊ូដង់ (SAF) ដែល​បាន​ដាក់​កំហិត​លើ​បុគ្គលិក​ធ្វើការ​ផ្នែក​មនុស្សធម៌​មិន​ឱ្យ​បង្កើន​ការផ្គត់ផ្គង់​តាមរយៈ​ច្រក​ព្រំដែន Adré ដ៏​សំខាន់ ដែល​នៅ​មិន​ឆ្ងាយ​ពី​ជំរំ Zamzam នោះ​ទេ។ រឿង​នេះ គឺ​ដូច​ដែល​ពួកគេ​បាន​រារាំង​ចលនា​ជំនួយ​ពី​ច្រក​ព្រំដែន Adré ដែរ ដោយ​ផ្តល់​កំណត់ទូត​ធម្មតា​តែ​មួយ។ កងកម្លាំង​ប្រដាប់​អាវុធ​ស៊ូដង់ និង​រដ្ឋាភិបាល​ក្រុង Port Sudan អាច​បញ្ចប់​ការរារាំង​នេះ​នៅ​ថ្ងៃ​នេះ​បាន»។

យោង​តាម​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន Doctors Without Borders បាន​ឱ្យ​ដឹង​ថា ម្ហូប​អាហារ​មាន​គ្រប់គ្រាន់​សម្រាប់​តែ​កុមារ​ដែល​ខ្វះអាហា​រូបត្ថម្ភ​នៅក្នុង​ជំរំ Zamzam រយៈពេល​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ។ ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​ត្រូវតែ​កំណត់​ចំនួន​កុមារ​ដែល​អាច​ទទួល​បាន​ម្ហូបអាហារ​នេះ ពីព្រោះ​កង​ឯកភាព​ប្រតិព័ទ្ធ (RSF) បាន​រាំង​ខ្ទប់​រថយន្ត​ដែល​ដឹក​គ្រឿង​ផ្គត់ផ្គង់។

លោក Robert Wood បាន​ថ្លែង​ទៀត​ថា៖ «‍ចាប់តាំងពី​ជម្លោះ​នេះ​បាន​ចាប់ផ្តើម សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត ផ្តល់​ឱ្យ​កាន់តែ​ច្រើន និង​ធ្វើការ​បន្ថែម​ទៀត»។ សហរដ្ឋ​អាមេរិក​បាន​ដឹកនាំ​ដោយ​ធ្វើជា​ឧទាហរណ៍​ដោយ​ផ្តល់​ជំនួយ​ជាង​១ពាន់​៦រយ​លានដុល្លារ​ដល់​ប្រទេស​ស៊ូដង់ និង​ប្រទេស​ជិតខាង​ចាប់តាំង​ពី​ជម្លោះ​នេះ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២៣។

លោក Robert Wood បាន​ថ្លែង​បន្ត​ទៀត​ថា៖ «‍ក៏ប៉ុន្តែ​នៅ​ពេល​នេះ កងកម្លាំង​ប្រដាប់​អាវុធ​ស៊ូដង់ និង​កង​ឯកភាព​ប្រតិព័ទ្ធ ត្រូវ​តែ​ដក​របាំង​ចេញ​ដើម្បី​អាច​ឱ្យ​ជំនួយ ម្ហូប​អាហារ ទឹក និង​ឱសថ​ដែល​ត្រូវការ​ចាំបាច់ ហូរ​ចូល​ដោយ​សេរី និង​រួមទាំង​នៅ​ចំណុច​ចូល​ជាច្រើន ឆ្លងកាត់​ព្រំដែន និង​ខ្សែជម្លោះ​ផងដែរ។ ពួកគេ​ក៏​ត្រូវ​ចូលរួម​ក្នុង​ការ​ចរចា​អំពី​បទ​ឈប់​បាញ់​គ្នា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា និង​បំបាត់​សំឡេង​កាំភ្លើង​ជារៀង​រហូត​ទៅ»។

សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឱ្យ​លោក​ឧត្តមសេនីយ៍ Abdel Fattah al-Burhan និង​លោក Hemedti ចូលរួម​កិច្ចចរចា​អំពី​បទ​ឈប់​បាញ់​ដែល​នឹងធ្វើ​ឡើង​នៅក្នុង​ប្រទេស​ស្វីស​នៅ​ថ្ងៃ​ទី១៤ ខែ​សីហា​ ខាងមុខ​នេះ។

លោក Wood បាន​និយាយ​ទៀត​ថា «មិន​មាន​ដំណោះស្រាយ​ផ្នែក​យោធា​ចំពោះ​សង្គ្រាម​នេះ​ទេ។ ចំនួន​អ្នកស្លាប់​កំពុង​ត្រូវបាន​វាស់វែង​នៅ​ក្នុង​សោកនាដកម្ម​នៃ​ការបាត់បង់​ជីវិត​របស់​ជនស៊ីវិល ការផ្លាស់ទី​លំនៅ​របស់​មនុស្ស​រាប់លាន​នាក់​ចេញ​ពី​ផ្ទះ​របស់​ពួកគេ កង្វះ​អាហារូបត្ថម្ភ​យ៉ាងខ្លាំង ការរំលោភ​សេពសន្ថវៈ ការធ្វើ​ទារុណកម្ម និង​ការប្រព្រឹត្តិ​អាក្រក់​ផ្សេងៗ​ទៀត និង​ការបោស​សម្អាត​ជាតិ​សាសន៍‍»៕

XS
SM
MD
LG