Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ពង្រឹង​កងកម្លាំង​ការពារ​នៅ​តំបន់​មជ្ឈិមបូព៌ា


រូបឯកសារ៖ ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះ បង្ហាញ​ពី​នាវា​ធុន USS Abraham Lincoln និង​នាវា​ធុន USS Kearsarge។
រូបឯកសារ៖ ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះ បង្ហាញ​ពី​នាវា​ធុន USS Abraham Lincoln និង​នាវា​ធុន USS Kearsarge។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា សហរដ្ឋ​អាមេរិក​បន្ត​ចាត់វិធានការ​ដើម្បី​បន្ថយ​កម្តៅ​នៅ​តំបន់​មជ្ឈិមបូព៌ា​«ដើម្បី​ទប់ស្កាត់​ការកើនឡើង​របស់​អ៊ីរ៉ង់ ដៃគូ និង​ភ្នាក់ងារ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។ យើង​បាន​កែសម្រួល​ឥរិយាបថ​យោធា​របស់​យើង​ដើម្បី​ពង្រឹង​ការការពារ​កងកម្លាំង​របស់​យើង និង​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ការការពារ​ជាតិ​អ៊ីស្រាអែល​ និង​ដើម្បី​រក្សា​ការត្រៀមខ្លួន​ក្នុង​ការឆ្លើយតប​ទៅនឹង​ឧបទ្ទវហេតុ​ណា​មួយ‍»។

លោក Lloyd Austin បាន​និយាយ​ថា៖ «‍ដើម្បី​រក្សា​វត្តមាន​ក្រុម​នាវា​ចម្បាំង​របស់​យើង​នៅ​តំបន់​មជ្ឈិមបូព៌ា ខ្ញុំ​បាន​បញ្ជា​ឱ្យ​ដាក់​នាវា​ចម្បាំង​ធុន USS Abraham Lincoln ជំនួស​នាវា​ធុន USS Theodore Roosevelt នៅ​ចុង​ខែ​នេះ។ ខ្ញុំ​ក៏​បាន​បញ្ជា​ឱ្យ​បញ្ជូន​នាវា​ចម្បាំង និង​នាវា​ពិឃាត​បន្ថែម​ទៀត​ដែល​មាន​សមត្ថភាព​ទប់ទល់​នឹង​កាំជ្រួច​មីស៊ីល​ទៅកាន់​តំបន់​នោះ ហើយ​ខ្ញុំ​បាន​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ផ្សេង​ទៀត​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​ដែន​អាកាស​របស់​យើង​នៅ​ទីនោះ»។

លោក Lloyd Austin បាន​និយាយ​ទៀត​ថា៖ «‍ការកែសម្រួល​ឥរិយាបថ​ទាំងនេះ គឺ​បន្ថែម​ទៅលើ​សមត្ថភាព​ទូលំ​ទូលាយ​របស់​យើង​នៅ​ក្នុង​តំបន់ ហើយ​យើង​នៅតែ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការដាក់​ពង្រាយ​តាម​ការជូនដំណឹង​ភ្លាមៗ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការគំរាម​កំហែង​ដែល​កំពុង​វិវត្ត​ដល់​ផ្នែក​សន្តិសុខ​របស់​យើង ដៃគូ​របស់​យើង ឬ​ផលប្រយោជន៍​របស់​យើង»។

លោក Lloyd Austin បាន​និយាយ​បន្ត​ថា៖ «‍សហរដ្ឋ​អាមេរិក​នៅតែ​ផ្តោត​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ទៅ​លើ​ការបន្ថយ​ភាពតានតឹង​នៅក្នុង​តំបន់ ហើយ​យើង​ក៏​កំពុង ផ្តោត​លើ​ការធានា​ឱ្យ​មាន​បទឈប់បាញ់​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំង​ដើម្បី​នាំ​យក​ចំណាប់ខ្មាំង​ទាំងអស់​មក​ផ្ទះ​វិញ និង​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា»។

កាលពី​ខែមេសា សហរដ្ឋ​អាមេរិក​រួមជាមួយនឹង​សម្ពន្ធមិត្ត និង​ដៃគូ​នានា រួមទាំង​ប្រទេស​អារ៉ាប៊ីសាអូឌីត អេមីរ៉ាត​អារ៉ាប់​រួម និង​ហ្ស៊កដានី បាន​ជួយ​អ៊ីស្រាអែល​ទប់ទល់នឹង​ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ៏​ច្រើន និង​កាំជ្រួច​ពី​ប្រទេស​អ៊ីរ៉ង់។ ការវាយ​ប្រហារ​របស់​អ៊ីរ៉ង់​បាន​ធ្វើឡើង​បន្ទាប់ពី​អ៊ីស្រាអែល​បាន​សម្លាប់​តាម​គោលដៅ​នូវ​មេដឹកនាំ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ិស្លាម​អ៊ីរ៉ង់​ដែល​ជា​អង្គការ​ទទួល​ខុសត្រូវ​ចំពោះ​ប្រតិបត្តិការ​ភេរវជន​នៅ​ក្រៅ​ទឹកដី​របស់​របប​អ៊ីរ៉ង់។ កាលពី​ថ្ងៃទី៣១ ខែកក្កដា លោក Ismail Haniyeh មេដឹកនាំ​កំពូល​នៃ​ក្រុមភេរវជន​ហាម៉ាស់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​បាន​ចាប់ផ្តើម​ជម្លោះ​នា​ពេល​បច្ចុប្បន្ន​នៅ​តំបន់​ហ្កាហ្សា​បន្ទាប់ពី​ក្រុម​ហាម៉ាស់​បាន​បើក​ការវាយប្រហារ​ភេរវកម្ម​ដ៏ឃោរឃៅ​ទៅ​លើ​អ៊ីស្រាអែល ត្រូវ​បាន​គេ​ធ្វើឃាត​នៅ​ទីក្រុង​តេហេរ៉ង់។

អ៊ីរ៉ង់​បាន​ប្តេជ្ញា​សងសឹក ហើយ​ភាពតានតឹង​បាន​កើនឡើង។ សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​ដើម្បី​បញ្ឈប់​ជម្លោះ​កុំ​ឱ្យ​កើនឡើង ដោយ​មិន​ត្រឹមតែ​ពង្រឹង​ជំហរ​ការការពារ​ខ្លួន​នៅក្នុង​តំបន់​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​លើក​ទឹកចិត្ត​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​ឱ្យ​យល់ព្រម​លើ​សំណើ​បទឈប់បាញ់​ដែល​ពួកគេ​បាន​ចរចា​អស់​រយៈពេល​ពីរ​ខែ​កន្លង​មក​នេះ​ទៀត​ផង។

តាមរយៈ​ការរារាំង​និង​តាម​ផ្នែកការទូត​នេះ សហរដ្ឋ​អាមេរិក​កំពុង​ផ្ញើ​សារ​យ៉ាង​ច្បាស់លាស់​មួយ​ថា៖ ត្រូវតែ​បញ្ចៀស​ជម្លោះ​កាន់តែ​ទូលំទូលាយ​នៅ​តំបន់​មជ្ឈិមបូព៌ា៕

XS
SM
MD
LG