តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សេរីភាពសាសនា ដូចទៅនឹងសិទ្ធិមនុស្សផ្សេងទៀតផងដែរ គឺជាសិទ្ធិជាសាកល។ នេះ បើតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅពេលចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសស្ដីពីសេរីភាពសាសនាអន្តរជាតិ។
លោករដ្ឋមន្ត្រី Blinken ថ្លែងដូច្នេះថា៖ «មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែងទាំងអស់មានសិទ្ធិទទួលបានសេរីភាពសាសនា មិនថា ពួកគេរស់នៅទីណា មានជំនឿ ឬមិនមានជំនឿលើអ្វីនោះទេ។ ...សេរីភាពសាសនាមិនអាចសម្រេចបានពេញលេញនោះឡើយ លុះត្រាណាតែសិទ្ធិមនុស្សផ្សេងទៀតត្រូវបានគោរព ហើយនៅពេលដែលរដ្ឋាភិបាលរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងការមានជំនឿ និងគោរពសាសនាណាមួយដោយសេរី នោះវានឹងបង្កបញ្ហាដល់សិទ្ធិផ្សេងទៀត»។
សម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក សេរីភាពសាសនា គឺនៅតែមិនអាចសម្រេចបាន។ ជាការពិត បើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew ប្រទេសចំនួន ៥៦ មានការរឹតត្បិតតឹងតែងលើសេរីភាពសាសនា។
របបដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ នៅតែបន្តគំរាមកំហែង យាយី និងចាប់ខ្លួនសមាជិកនៃក្រុមអ្នកកាន់សាសនាភាគតិច ដែលក្នុងនោះ មានទាំងអ្នកកាន់សាសនាបាហាយ (Baha'i) អ្នកកាន់សាសនាគ្រិស្ត អ្នកកាន់សាសនាជ្វីហ្វ អ្នកកាន់សាសនាហ្ស៊ូរ៉ូរ៉ាស្ទ្រៀន (Zoroastrianism) និងអ្នកកាន់សាសនាឥស្លាមនិកាយស៊ុននី (Sunni) និងនិកាយស៊ូហ្វី (Sufi) ផងដែរ។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា មេដឹកនាំរដ្ឋប្រហារយោធាស្ថិតក្នុងចំណោមអ្នកដែលទទួលខុសត្រូវចំពោះការបោសសម្អាតជាតិសាសន៍ និងអំពើរឃោរឃៅផ្សេងទៀតប្រឆាំងនឹងជាតិសាសន៍រ៉ូហ៊ីងយ៉ា (Rohingya) កាន់សាសនាឥស្លាម។
នៅក្នុងប្រទេសរុស្ស៊ី អាជ្ញាធរបន្តយាយី ចាប់ដាក់ឃុំ និងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកកាន់សាសនាគ្រិស្ដនិកាយយេហូវ៉ា (Jehovah's Witnesses) ក៏ដូចជាសមាជិកនៃក្រុមភាគតិចកាន់សាសនាឥស្លាមផងដែរ នៅក្រោមលេសចោទប្រកាន់ថា អ្នកទាំងនោះ បានប្រព្រឹត្តិភាពជ្រុលនិយម។
ប្រទេសអារ៉ាប៊ីសាអូឌីត នៅតែជាប្រទេសតែមួយគត់នៅលើពិភពលោកដែលគ្មានវិហារគ្រិស្ដសាសនា ទោះបីជាមានអ្នកកាន់សាសនាគ្រិស្តជាងមួយលាននាក់ រស់នៅក្នុងប្រទេសនេះក៏ដោយ។
ជាងនេះទៀត សាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកការបញ្ចេញមតិបែបសាសនាជាទូទៅថា ជាបទឧក្រិដ្ឋ និងនៅតែបន្តប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍លើជាតិសាសន៍អ៊ុយហ្គ័រ (Uighur) កាន់សាសនាឥស្លាម ក៏ដូចជាលើសមាជិកនៃក្រុមភាគតិចកាន់សាសនាផ្សេងទៀតនិងក្រុមជាតិសាសន៍ភាគតិចដទៃទៀតផងដែរនៅក្នុងតំបន់ Xinjiang។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់ថា ប្រទេសមួយចំនួន បានចាត់វិធានការបង្កើនការគោរពចំពោះសេរីភាពសាសនា។
លោក Blinken ថ្លែងដូច្នេះថា៖ «កាលពីឆ្នាំមុន រដ្ឋាភិបាលអន្តរកាលបែបស៊ីវិលនៅក្នុងប្រទេសស៊ូដង់ បានលុបចោលច្បាប់ដកខ្លួនចេញពីសាសនា និងច្បាប់សណ្ដាប់ធ្នាប់សាធារណៈ ដែលកន្លងមកត្រូវបានប្រើដើម្បីយាយីលើសមាជិកនៃក្រុមសាសនាភាគតិចនានា»។
លោក Blinken បានបន្ថែមថា៖ «រដ្ឋាភិបាលអ៊ូសបេគីស្ថាន បានដោះលែងមនុស្សរាប់រយនាក់ដែលត្រូវបានគេដាក់ឃុំដោយសារតែជំនឿសាសនារបស់ពួកគេ។ ...រដ្ឋាភិបាលតួកមេនីស្ថាន បានដោះលែងអ្នកកាន់សាសនាគ្រិស្ដនិកាយយេហូវ៉ា ១៦ នាក់ ដែលជំទាស់ដោយមនសិការ និងបដិសេធមិនព្រមចូលបម្រើកងទ័ព»។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់ថា យើងនឹងរក្សាការដឹកនាំជាយូរអង្វែងរបស់សហរដ្ឋអាមេរិកលើសេរីភាពសាសនា និងបន្តធ្វើការជាមួយអ្នកតស៊ូមតិសិទ្ធិមនុស្សនិងសហគមន៍សាសនានានាដើម្បីប្រយុទ្ធប្រឆាំងនឹងរាល់ទម្រង់ទាំងអស់នៃអំពើស្អប់គុំកួន និងការរើសអើងសាសនា»៕