តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ផលប៉ះពាល់នៃអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច ការប្រមូលផលដំណាំមិនបានល្អ និងបញ្ហាខាងការផ្គត់ផ្គង់សាកលមានផលជាមហន្តរាយលើប្រទេសស៊ូដង់។ លោក Volker Perthes អ្នកតំណាងពិសេសនៃអគ្គលេខាធិការអ.ស.ប. និងជាប្រធាន UNITAMS ដែលជាបេសកកម្មមួយរបស់អ.ស.ប.ដើម្បីជួយដល់អន្តរកាលនៃប្រទេសស៊ូដង់ទៅកាន់ការគ្រប់គ្រងប្រទេសបែបលទ្ធិប្រជាធិបតេយ្យ គាំទ្រសន្តិភាពនិងការពារសិទ្ធិមនុស្ស ក៏យល់ឃើញដូច្នេះដែរ។
ការក្តាប់អំណាចដោយកងយោធាកាលពីខែតុលា ឆ្នាំ២០២១ បានបញ្ឈប់ការជឿនលឿន របស់ប្រទេសស៊ូដង់ទៅកាន់លទ្ធិប្រជាធិបតេយ្យនិងកំណែទម្រង់សេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹម។ បន្ទាប់មកមិនយូរប៉ុន្មានក៏មានបាតុមកម្មធំៗនិងគំនាបអន្តរជាតិលើកងយោធាឱ្យគោរពសិទ្ធិមនុស្សនិងចាត់វិធានការទៅកាន់អន្តរកាលប្រជាធិបតេយ្យដឹកនាំដោយពួកជនស៊ីវិល។ វិនិយោគបរទេសនិងពាណិជ្ជកម្មអន្តរជាតិមានផលប៉ះពាល់អវិជ្ជមាន ហើយការសម្រាលបំណុលនិងឥណទានពីអង្គការពហុជាតិត្រូវបានផ្អាក។ សេដ្ឋកិច្ចស៊ូដង់ដែលមានបញ្ហាច្រើនស្រេចហើយនោះ ក៏មានផលប៉ះពាល់ថែមទៀតដោយសារការក្តាប់អំណាចដោយកងយោធានេះ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីសម្រួលកិច្ចចរចារវាងរដ្ឋាភិបាលយោធានៃប្រទេសស៊ូដង់និងក្រុមនយោបាយជាច្រើននៃប្រទេសនេះ UNITAMS សហភាពអាហ្វ្រិកនិងអាជ្ញាធរអន្តររដ្ឋាភិបាលអំពីការអភិវឌ្ឍ បានបង្កើតយន្តការត្រីភាគីមួយ។ គោលដៅនៃយន្តការនេះ គឺសម្រួលឱ្យមានកិច្ចចរចាដឹកនាំដោយស៊ូដង់ដោយមានភាគីទាំងអស់ចូលរួមសម្រាប់រកវិធីធ្វើឱ្យមានអន្តរកាលប្រជាធិបតេយ្យដឹកនាំដោយពួកជនស៊ីវិលឡើងវិញដែលប្រជារាស្ត្រទទួលយកបាន។
លោក Richard Mills អ្នកតំណាងរងស.រ.អ.ប្រចាំអ.ស.ប.បាននិយាយថា ស.រ.អ.គាំទ្រពេញលេញដល់កិច្ចប្រឹងប្រែងរបស់យន្តការត្រីភាគីដើម្បីសម្រួលដំណើរការដឹកនាំដោយស៊ូដង់ទៅកាន់អន្តរកាលនៃលទ្ធិប្រជាធិបតេយ្យដឹកនាំដោយពួកជនស៊ីវិលដោយពេញលេញ។
លោក Mills បាននិយាយថា៖ «យើងលើកទឹកចិត្តខ្លាំងដល់ប្រជារាស្ត្រស៊ូដង់-ទាំងជាជនស៊ីវិល ទាំងជាក្រុមបុគ្គលិកយោធា-ឱ្យប្រើដំណើរការនេះសម្រាប់ធ្វើឱ្យមានការជឿនលឿនឆាប់រហ័សអំពីក្របខណ្ឌសម្រាប់រដ្ឋាភិបាលអន្តរកាលមួយដឹកនាំដោយពួកជនស៊ីវិល»។
លោកឯកអគ្គរដ្ឋទូត Mills បានថ្លែងថា៖ «យើងត្រូវតែធ្វើឱ្យប្រាកដថាក្រុមស្ត្រី ពួកយុវជននិងក្រុមសមាជិកនៃក្រុមបន្ទាប់បន្សំឯទៀតៗចូលរួមពេញលេញ ប្រកបដោយប្រសិទ្ធិភាពនិងមានន័យនិងបានរួមបញ្ចូលក្នុងដំណាក់កាលទាំងអស់នៃដំណើរការនេះ។ ហើយនេះជាសញ្ញាសម្គាល់នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
«ការផ្ទេរអំណាចឱ្យរដ្ខាភិបាលមួយដឹកនាំដោយពួកជនស៊ីវិលនឹងអាចធ្វើឱ្យមានការគាំទ្រខាងសេដ្ឋកិច្ចនិងជំនួយអភិវឌ្ឍន៍ជាថ្មី-ដែលជាការគាំទ្រដែលប្រទេសនេះត្រូវការណាស់។ ដើម្បីធ្វើឱ្យប្រាកដថាមានការជឿនលឿន ហើយថាប្រជារាស្ត្រស៊ូដង់បានត្រូវបម្រើដោយល្អប្រសើរ យើងប្រុងប្រៀបនឹងដាក់ឱ្យមានផលវិបាកលើក្រុមជនដែលបង្អាក់ ឬធ្វើឱ្យមានការកករល្អក់ដល់អន្តរកាលទៅកាន់លទ្ធិប្រជាធិបតេយ្យ»។
លោកឯកអគ្គរដ្ឋទូត Mills បាននិយាយថា៖ «នៅពេលមានការជឿនលឿនទៅកាន់ការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលមួយដឹកនាំដោយពួកជនស៊ីវិល...ស.រ.អ.នឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជារាស្ត្រស៊ូដង់និងគាំទ្រដល់សង្គមស៊ីវិលផងដែរ»។
លោកបានថ្លែងបន្ថែមថា៖ «យើងឈរជាមួយប្រជារាស្ត្រស៊ូដង់ក្នុងការស្វែងរកប្រទេសស៊ូដង់មួយដែលមានលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សនិងមានភាពសំបូររុងរឿង។ យើងនឹងបន្ថែមសំឡេងរបស់យើងដើម្បីបង្កើនសំឡេងពួកគេនិងធ្វើសកម្មភាពជួយពួកគេបង្កើតប្រទេសស៊ូដង់មួយមានសន្តិភាពនិងមានលទ្ធិប្រជាធិបតេយ្យ»៕