តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
មានរយៈពេល១៨ ខែមកហើយ ដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្តើមអ្វីដែលលោកហៅថា «កិច្ចប្រតិបត្តិការយោធាពិសេស» ប្រឆាំងនឹងប្រទេសអ៊ុយក្រែន និងជាអ្វីដែលពួកប្រទេសមានអារ្យធម៌ហៅដោយត្រឹមត្រូវថា ជាការលុកលុយដ៏ឃោរឃៅនិងគ្មានការបង្ករឿងរបស់រុស្ស៊ី។
ប្រសិនបើលោក Putin មានជំនឿថា «កិច្ចប្រតិបត្តិការ» នេះមានរយៈពេលខ្លី និងគ្មានការឈឺចាប់សម្រាប់រុស្ស៊ីមែននោះ ព្រឹត្តិការណ៍នានាដែលបានកើតឡើងបានបង្ហាញឱ្យឃើញថា មិនមែនដូច្នេះទេ។ នាយិកាខាងការស៊ើបការណ៍សម្ងាត់ជាតិសហរដ្ឋអាមេរិក លោកស្រី Avril Haines បានថ្លែងប្រាប់សភាថា៖ «រដ្ឋាភិបាលក្រុងមូស្គូបានប៉ាន់ប្រមាណខុសដោយមើលស្រាលអំពីកម្លាំងនៃការតស៊ូរបស់អ៊ុយក្រែននិងឧបសគ្គយោធាក្នុងប្រទេស»។
ជាការពិត គឺអ៊ុយក្រែនដែលបានរងគ្រោះភាគច្រើនជាងគេដោយសារអំពើឈ្លានពានរបស់រុស្ស៊ី នាំឱ្យមានផលប៉ះពាល់ហិនហោចដល់ប្រជាជនស៊ីវីល ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចនៃប្រទេសនេះ។ ប៉ុន្តែការខូចខាតដល់រុស្ស៊ីក៏មានច្រើនដែរ។ ការប៉ាន់ស្មានគឺថា មានទាហានរុស្ស៊ីរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ជនជាតិរុស្ស៊ីរាប់សែននាក់បានចាកចេញពីប្រទេស ការចំណាយខាងយោធាកើនឡើងច្រើន ហើយមានការខ្វះគ្រាប់រំសេវ មានរួមទាំងកង្វះរថក្រោះ ដ្រូន និងកាំភ្លើងធំផងដែរ។
កង្វះគ្រាប់រំសេវរបស់រុស្ស៊ីភាគច្រើន បណ្តាលមកពីការដាក់ទណ្ឌកម្មរបស់ពួកប្រទេសលោកខាងលិចដែលបានបង្ខំវិមានក្រឹមឡាំងឱ្យស្វះស្វែងរកជំនួយពីក្រុមប្រទេសនានា ដែលមិនគិតដល់ការបំផ្លាញហិនហោចដល់ប្រទេសអ៊ុយក្រែន ឬមិនគិតដល់សន្តិភាពនិងស្ថិរភាពអន្តរជាតិទេ។
ប្រទេសអ៊ីរ៉ង់ជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលបានជួយរុស្ស៊ី។ រុស្ស៊ីបានទទួលដ្រូនរាប់រយគ្រឿងពីរដ្ឋាភិបាលក្រុងតេហេរ៉ង់ដែលខ្លួនបានប្រើដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន និងសម្លាប់ជនស៊ីវីលអ៊ុយក្រែន។ នៅពេលនេះរុស្ស៊ីទទួលសម្ភារៈពីអ៊ីរ៉ង់សម្រាប់កសាងរោងចក្រផលិត UAV មួយក្នុងប្រទេសរុស្ស៊ី។
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ DPRK ជាប្រទេសមួយទៀតដែលគ្មានរអែងក្នុងការជួយដល់ការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីបំផ្លាញអ៊ុយក្រែន។ កាលពីឆ្នាំ ២០២២ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានផ្តល់រ៉ុក្កែតនិងមីស៊ីលដល់រុស្ស៊ីសម្រាប់ឱ្យក្រុម Wagner គាំទ្រដោយរុស្ស៊ីប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។
នៅដំណាច់ខែកក្កដា គេរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានជួបនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជាមួយពួកមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងអំពីកំណើនការលក់គ្រាប់រំសេវកូរ៉េខាងជើងឱ្យរដ្ឋាភិបាលក្រុងមូស្គូសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។
អ្នកសម្របសម្រួលខាងគមនាគមន៍យុទ្ធសាស្ត្រផ្នែកសន្តិសុខជាតិសហរដ្ឋអាមេរិក លោក John Kirby បាននិយាយថា៖ «នេះជាឧទាហរណ៍មួយទៀតនៃការអស់សង្ឃឹមរបស់លោក Putin ដោយសារម៉ាស៊ីនសង្គ្រាមរបស់លោកទទួលផលប៉ះពាល់ដោយសារការដាក់ទណ្ឌកម្មនិងការត្រួតត្រាការដឹកជញ្ជូនទំនិញទៅលក់ឯប្រទេសក្រៅ។ លោកមានបញ្ជីសារពើភ័ណ្ឌវែងមួយដើម្បីព្យាយាមធ្វើឱ្យអ៊ុយក្រែនចុះញ៉ម។ លោកក៏បានឈោងដៃទៅរកប្រទេសនានាដូចជាកូរ៉េខាងជើងនិងអ៊ីរ៉ង់ជាដើម ហើយជាការប្រាកដលោកក៏បានព្យាយាមឈោងដៃទៅរកប្រទេសចិនដែរ ដើម្បីទទួលការគាំទ្រដល់ម៉ាស៊ីនសង្គ្រាមរបស់លោក»។
ពួកមន្ត្រីសហរដ្ឋអាមេរិកបានសម្តែងកង្វល់ខ្លាំងអំពីលទ្ធភាពដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ DPRK នឹងជួយថែមទៀតដល់អំពីឃោរឃៅរបស់រុស្ស៊ី ហើយបានសន្យាថា នឹងលាតត្រដាងអំពីការផ្ទេរអាវុធដោយខុសច្បាប់ទាំងអស់និងពង្រឹងការដាក់ទណ្ឌកម្មទាំងអស់របស់សហរដ្ឋអាមេរិកផងដែរ។ លោក Kirby បានប្រកាសថា «គ្មាននរណាមួយគួរជួយលោក Putin ឱ្យសម្លាប់ជនជាតិអ៊ុយក្រែនច្រើននាក់ថែមទៀតទេ»៕