តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បើតាម Cary Fowler ប្រេសិតពិសេសរបស់រដ្ឋបាលលោក Biden សម្រាប់ភាពអត់ឃ្លានសាកលថ្លែងថា៖ «កសិកម្មកំពុងប្រឈមនឹងឧបសគ្គផ្សំគ្នាមិនធា្លប់មានពីមុនក្នុងប្រវត្តិសាស្ត្រគឺការផលិតអាហារឱ្យបានច្រើនជាងមុន ជាមួយផ្ទៃដីកាន់តែតិច ជាមួយទឹកកាន់តែតិច នៅក្នុងបរិបទនៃការមានជម្លោះកើនច្រើនជាងមុន និងក្នុងការប្រឈមនឹងធាតុអាកាសមានការប្រែប្រួលឆាប់រហ័ស»។
លោក Jose Fernandez អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការការលូតលាស់សេដ្ឋកិច្ច ថាមពល និងបរិស្ថាន បាននិយាយថា នៅពេលជាមួយគ្នានេះ «នេះជាពេលវេលាដ៏សំខាន់មួយសម្រាប់សន្តិសុខស្បៀង»។
លោកបាននិយាយថា៖ «ក្នុងឆ្នាំ២០២១ មនុស្សជាង១៦០លាននាក់នៅទូទាំងពិភពលោកបានជួបប្រទះអសន្តិសុខស្បៀងធ្ងន់ធ្ងរគឺកើនឡើង១៩ភាគរយ គឺ១៩ភាគរយ ពីមួយឆ្នាំមុននោះ»។
លោកអនុរដ្ឋមន្ត្រី Fernandez បានថ្លែងថា៖ «បញ្ហាអសន្តិសុខស្បៀងកើនខ្លាំងជាអាសន្នជាងមុន ហើយផលប៉ះពាល់នៃអសន្តិសុខស្បៀងមានរាលដាល និងនាំឱ្យមានផលវិបាកខ្លាំង»។
លោកបានថ្លែងថា៖ «នៅពេលមានអសន្តិសុខស្បៀង ក្រុមកសិករបាត់បង់ជីវភាពពួកគេ។ ឪពុកម្តាយចំណាយពេលច្រើនម៉ោងរៀងរាល់ថ្ងៃដើម្បីឱ្យមានអាហារសម្រាប់គ្រួសារ។ ក្រុមកុមារស្រេកឃ្លានតស៊ូរៀនសូត្រ ហើយពួកគេមានផលវិបាកខាងសុខភាពមិនអាចប្រែក្រឡះបាន។ ក្រុមមនុស្សងាយរងគ្រោះមានការលំបាកខ្លាំងបំផុត ហើយអសន្តិសុខស្បៀងក៏រារាំងការលូតលាស់សេដ្ឋកិច្ច និងបង្កើនគ្រោះថ្នាក់នៃជម្លោះហិង្សា និងចលាចលស៊ីវិលផងដែរ»។
លោកអនុរដ្ឋមន្ត្រី Fernandez បាននិយាយថា សហរដ្ឋអាមេរិកប្តេជ្ញាប្រយុទ្ធជាសាកលប្រឆាំងអសន្តិសុខស្បៀង ដោយដោះស្រាយបុព្វហេតុជាឫសគល់នៃការស្រេកឃ្លាន និងបំពេញសេចក្តីត្រូវការជាបន្ទាន់របស់ក្រុមជនដែលរងទុក្ខវេទនានៅទូទាំងពិភពលោក។
ទីមួយ យើងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាការបង្អាក់ចង្វាក់នៃការផ្គត់ផ្គង់ស្បៀងសាកល និងប្រមូលធនធានសម្រាប់បំពេញសេចក្តីត្រូវការខាងមនុស្សធម៌ជាបន្ទាន់។ ដើម្បីសម្រេចគោលដៅនេះ ចាប់តាំងពីខែកុម្ភៈមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយស្បៀងគ្រាមានអាសន្នជាសាកលជិតចំនួន២.៦០០លានដុល្លារ។
ទីពីរ យើងសហការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីបន្ធូរបន្ថយការខ្វះជីជាសាកល។
ទីបី យើងបន្តបង្កើនសមត្ថភាព និងភាពធន់កសិកម្មតាមរយៈកម្មវិធី Feed the Future ដែលជាគម្រោងផ្តើមគំនិតខាងការស្រេកឃ្លាននិងអសន្តិសុខស្បៀងសាកលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ទីបួន យើងកំពុងធ្វើការជាមួយដៃគូជាច្រើន ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអង្គការពហុភាគីឯទៀតៗដើម្បីផ្តល់ការជួយសង្គ្រោះជាបន្ទាន់ និងសម្រាលផលប៉ះពាល់ដោយសារកំណើនតម្លៃស្បៀងអាហារទៅលើក្រុមមនុស្សងាយរងគ្រោះបំផុត។
ហើយជាទីបញ្ចប់ ដើម្បីសម្រេចគោលដៅទាំងនេះ យើងបង្កើនទំនាក់ទំនងខាងការទូតនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង និងនៅលើឆាកអន្តរជាតិ។ កិច្ចប្រឹងប្រែងនេះក៏នឹងនាំមកជុំគ្នាបណ្តាប្រទេសមានផលប៉ះពាល់ខ្លាំងបំផុតដោយអសន្តិសុខស្បៀង និងបណ្តាប្រទេសមានលទ្ធភាពច្រើនបំផុតក្នុងការជួយ។
លោកអនុរដ្ឋមន្ត្រី Fernandez បានថ្លែងថា៖ «នេះជាវិបត្តិមនុស្សធម៌ នេះជាវិបត្តិសុខភាព។ វាជាបញ្ហាខាងសេដ្ឋកិច្ច និងខាងសន្តិសុខជាតិ។ នេះជាបញ្ហាសីលធម៌។ គ្មានកុមារណាម្នាក់នៅលើផែនដីនេះគួររងគ្រោះដោយសារភាពអត់ឃ្លានឡើយ»៕