បទវិចារណកថា៖ ការវាយ​តម្លៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ

អ្នកស្រី Isobel Coleman អនុ​ប្រធាន​ផ្នែក​គោល​នយោបាយ​និង​ការ​រៀបចំ​កម្មវិធី​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ថ្លែងនៅឯ​មហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ២០២៣។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី ៨ ឆ្នាំ​មុន អង្គការ​សហប្រជាជាតិ​បាន​បង្កើត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs) ដែល​ជា​គោលដៅ​ពាក់ព័ន្ធ​គ្នា​ចំនួន ១៧ ដែល​មាន​បំណង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​នៅ​ត្រឹម​ឆ្នាំ ២០៣០ ខាង​មុខ។

កាលពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​បាន​ពិនិត្យ​វាយតម្លៃ​ថា​តើ​បណ្ដា​ប្រទេស​ជា​សមាជិក​ធ្វើ​បាន​ប៉ុណ្ណា​នៅ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ទាំង​នេះ។

អ្នកស្រី Isobel Coleman អនុ​ប្រធាន​ផ្នែក​គោល​នយោបាយ​និង​ការ​រៀបចំ​កម្មវិធី​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​និយាយ​ថា៖ «ពិភពលោក​មិន​ទាន់​បាន​ឈាន​ដល់​កម្រិត​ដែល​ខ្លួន​ចាំបាច់​ត្រូវ​ធ្វើ​ឱ្យ​បាន​នៅ​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​ឡើយ​ទេ។ ជា​ការពិត យើង​ធ្វើ​ដំណើរ​បាន​ជាង​ពាក់​កណ្ដាល​ផ្លូវ​ហើយ​ចាប់ពី​ឆ្នាំ ២០១៥ ឆ្ពោះ​ទៅ​កាន់​ឆ្នាំ ២០៣០ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​នេះ ហើយ​យើង​នៅ​យឺតយ៉ាវ​នៅ​ឡើយ»។

អ្នកស្រី Coleman បាន​បញ្ជាក់​បន្ថែម​ថា៖ «និយាយ​តាម​ត្រង់​ទៅ យើង​មាន​ដំណើរ​ថយ​ក្រោយ​ច្រើន ដំណើរ​វិវឌ្ឍ​ដ៏​គួរ​ឱ្យ​ខក​ចិត្ត​ច្រើន​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នេះ ហើយ​ករណី​នេះ​គឺ​បាន​កើតឡើង​តាំងពី​មុន​វិបត្តិ​ជំងឺ​កូវីដ១៩ ទៅ​ទៀត»។

អ្នកស្រី Coleman បាន​លើកឡើង​ទៀត​ថា៖ «យើង​បាន​សម្រេច​តែ ១៥% ប៉ុណ្ណោះ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​យើង​នៅ​ពេល​បច្ចុប្បន្ន ហើយ​ក្នុង​ករណី​ខ្លះ យើង​ថែម​ទាំង​បាន​ដើរ​ថយ​ក្រោយ​ទៀត​ផង»។

អ្នកស្រី​បាន​កត់​សម្គាល់​ថា វិបត្តិ​ជំងឺ​កូវីដ១៩ ក៏​ដូចជា​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន បាន​រួម​ចំណែក​យ៉ាង​ពិត​ប្រាកដ​ដល់​ដំណើរ​ថយក្រោយ​នេះ «ដូច្នេះ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ត្រូវ​ពង្រឹង​ទ្វេ​ដង​នូវ​ការ​ប្ដេជ្ញា​របស់​យើង​គ្រប់​ទិដ្ឋភាព​ទាំង​អស់​ដើម្បី​បង្កើន​ឱ្យ​បាន​ខ្លាំងក្លា​នូវ​កិច្ច​ប្រឹងប្រែង​របស់​យើង​នៅ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព»។

អ្នកស្រី Coleman បាន​ថ្លែង​ដូច្នេះ​ថា៖ «ករណី​នេះ​នឹង​តម្រូវ​ឱ្យ​មាន​មិន​ត្រឹមតែ​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ការ​អន្តរាគមន៍​ពី​វិស័យ​ឯកជន​ថែម​ទៀត​ផង។ ដូច្នេះ គំនិត​ទាំង​មូល​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នេះ​គឺ​ការ​ផ្ដោត​ពិត​ប្រាកដ​លើ​កិច្ច​ប្រឹងប្រែង​ទាំង​អស់​របស់​យើង​លើ​បណ្ដុំ​គោលដៅ​រួម។ ជាង​នេះ​ទៀត យើង​ទាំង​អស់​គ្នា​ចាំបាច់​ត្រូវ​ប្រើ​ចង្វារ​ចែវ​ទូក​នោះ​ក្នុង​ទិសដៅ​ដូច​គ្នា​ដើម្បី​ដោះស្រាយ​គ្រោះ​អត់ឃ្លាន​នៅ​លើ​ពិភពលោក វិសមភាព ភាព​ក្រីក្រ បញ្ហា​សុខភាព ផ្នែក​ផ្សេងៗ​ទាំង​អស់​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​សិទ្ធិ​របស់​ស្ត្រី​និង​កុមារី។ ទាំង​អស់​នេះ​គឺ​សុទ្ធតែ​ជា​ផ្នែក​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ហើយ​យើង​ពិតជា​ត្រូវការ​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​បន្ថែម​លើ​រឿង​នេះ​ឱ្យ​បាន​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​ធ្វើ​កន្លង​មក»។

អ្នកស្រី Coleman បាន​សង្កត់​ធ្ងន់​ថា ជា​ការពិត «ការ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នេះ​តម្រូវ​ឱ្យ​មាន​ភាព​ជា​ដៃគូ»។

អ្នកស្រី​បាន​លើកឡើង​ដូច្នេះ​ថា៖ «គ្មាន​អង្គភាព​ណា​មួយ គ្មាន​វិស័យ​ណា​មួយ​ដែល​អាច​ធ្វើ​រឿង​នេះ​ដោយ​ខ្លួន​ឯង​បាន​ទេ។ ដូច្នេះ យើង​ដឹង​យ៉ាង​ច្បាស់​អំពី​តម្រូវការ​នៅ​ក្នុង​ការ​មាន​ដៃគូ​បន្ថែម​ទៀត។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​យើង​ធ្វើ​ដៃគូ​ជាមួយ​នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​ន័រវែស ធ្វើ​ដៃគូ​ជាមួយ​នឹង​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក»។

អ្នកស្រី Coleman បាន​បន្ថែម​ថា ជា​ទី​បញ្ចប់ យើង​ឃើញ​មាន​ការ​ជំរុញ​ដ៏​ខ្លាំងក្លា​មួយ​ឱ្យ​មាន​ការ «ធ្វើ​ជា​ដៃគូ​ជាមួយ​នឹង​វិស័យ​ឯកជន ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​មូលធន​ឯកជន​មាន​កម្រិត​ច្រើន​ជាង​មូលធន​ដែល​រដ្ឋាភិបាល​អាច​ប្រមូល​បាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ឱកាស​នានា​ដែល​ស្ថិត​នៅ​ពី​មុខ​យើង»៕