បទវិចារណកថា៖ កាលពី ៥ ឆ្នាំ​មុន អាជ្ញាធរ​ស៊ីរី​ទម្លាក់​ឧស្ម័ន​ពុល​លើ​ពលរដ្ឋ​ក្រុង Douma

រូបឯកសារ៖ ទីបញ្ចុះសព​នៅ​ទីក្រុង Douma ដែល​នៅ​ជាយក្រុង​ភាគខាងកើត​នៃ​ទីក្រុង​ដាម៉ាស​នៃ​ប្រទេស​ស៊ីរី កាលពី​ថ្ងៃ៩ ខែមីនា ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ជិត ៥ ឆ្នាំ​មុន នៅ​ពេល​ព្រលប់​ថ្ងៃ​ទី ៧ ខែ​មេសា ឆ្នាំ ២០១៨ ឧទ្ធម្ភាគចក្រ​កងទ័ព​ជើង​អាកាស​ស៊ីរី​យ៉ាង​តិច​មួយ​គ្រឿង​បាន​ទម្លាក់​ធុង​រាង​ស៊ីឡាំង​ពីរ​ដែល​មាន​ផ្ទុក​ឧស្ម័ន​ពុល​ក្លរីន​លើ​ទីក្រុង Douma របស់​ប្រទេស​ស៊ីរី ដោយ​សម្លាប់​មនុស្ស ៤៣ នាក់ និង​ធ្វើ​ឱ្យ​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស។

នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​មួយ​លើក​ទៀត ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​បន្ទាប់ពី​របប​ដឹកនាំ​ស៊ីរី​បាន​ធ្វើ​សង្គ្រាម​យ៉ាង​ព្រៃផ្សៃ​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ខ្លួន​ឯង ដោយ​ធ្វើ​ឱ្យ​អ្នក​តាមដាន​ស្ថានការណ៍​នានា​នៅ​ជុំវិញ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល។

ការ​បដិសេធ​របស់​របប​ដឹកនាំ​ស៊ីរី​ដែល​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អធិការកិច្ច​អាវុធ​អន្តរជាតិ​មាន​លទ្ធភាព​លឿន​ក្នុង​ការ​ចូល​ទៅ​កាន់​ទីតាំង​នោះ បាន​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ ដោយ​ធ្វើ​ឱ្យ​កិច្ចការ​របស់​ក្រុម​អធិការកិច្ច​កាន់តែ​លំបាក។ ស្រប​ពេល​នេះ​ដែរ រដ្ឋាភិបាល​ស៊ីរី​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា ​ខ្លួន​មិន​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ ហើយ​ប្រទេស​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ស៊ីរី បាន​ចូល​ជ្រៀតជ្រែក​ក្នុង​រឿង​នេះ។

ប្រទេស​រុស្ស៊ី​និង​ស៊ីរី​ក៏​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ទ្រង់ទ្រាយ​ធំ​មួយ​ទៀត​ដើម្បី​បិទបាំង​សកម្មភាព​ទាំង​នេះ​របស់​ពួកគេ​ផងដែរ។ ពួកគេ​អះអាង​ដោយ​មិន​ត្រឹមត្រូវ​ថា​ ហេតុការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ធុង​រាង​ស៊ីឡាំង​ដែល​ផ្ទុក​ឧស្ម័ន​ពុល​និង​សាកសព​ទាំង​នោះ​ត្រូវ​បាន​ក្រុម​ឧទ្ទាម​ក្នុង​ស្រុក​យក​ទៅ​ដាក់​នៅ​កន្លែង​កើតហេតុ និង​ថា​ឧស្ម័ន​ពុល​នោះ​គឺ​មាន​ប្រភព​មក​ពី​ឃ្លាំង​ដែល​នៅ​ក្បែរ​នោះ​ដែល​ប្រើ​ដោយ​ពួក​បះបោរ ឬ​ក៏​ថា​ជន​រងគ្រោះ​ទាំង​នោះ​ត្រូវ​បាន​សម្លាប់​នៅ​កន្លែង​ផ្សេង​ហើយ​ដឹក​មក​ដាក់​នៅ​ក្រុង Douma។

ក្នុង​អំឡុង​ពេល​ទាំង​នេះ កង​កម្លាំង​របស់​របប​ដឹកនាំ​រុស្ស៊ី​និង​ស៊ីរី​តាម​ការពិត​បាន​សម្អាត​កន្លែង​វាយ​ប្រហារ​នោះ យក​ភ័ស្តុតាង​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ចេញ បង្កើត​ប្លង់​ដើម្បី​ថតរូប និង​បង្ខិតបង្ខំ​សាក្សី​ឱ្យ​គាំទ្រ​ការ​ឃោសនា​ដែល​ឥត​អៀនខ្មាស់​របស់​ខ្លួន។

បី​ខែ​ក្រោយ​មក អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) បាន​ចេញ​របាយការណ៍​ដំបូង​មួយ​លើ​ការ​វាយ​ប្រហារ​នេះ​ដោយ​សន្និដ្ឋាន​ថា ពលរដ្ឋ​នៃ​ក្រុង Douma តាមពិត​បាន​រង​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ពិត​ប្រាកដ​មែន។

របាយការណ៍​ចុងក្រោយ​បង្អស់​ដែល​ចេញ​ដោយ​អង្គការ OPCW កាលពី​ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ ២០២៣ បាន​សន្និដ្ឋាន​បន្ថែម​ថា «នៅ​ល្ងាច​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ២០១៨ ឧទ្ធម្ភាគចក្រ​នៃ​អង្គភាព​ទ័ពស្រួច «កង​កម្លាំង​ខ្លា» របស់​ស៊ីរី​បាន​ទម្លាក់​ធុង​រាង​ស៊ីឡាំង​ពណ៌​លឿង​ចំនួន​ពីរ​ដែល​មាន​ផ្ទុក​ឧស្ម័ន​ពុល​ក្លរីន​លើ​អគារ​ស្នាក់នៅ​ពីរ​កន្លែង​នៅ​ក្នុង​តំបន់​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ក្រុង Douma ដោយ​សម្លាប់​មនុស្ស ៤៣ នាក់​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មនុស្ស​រាប់​សិប​នាក់​ទៀត»។

បន្ទាប់ពី​របាយការណ៍​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ប្រទេស​បារាំង និង​ប្រទេស​អាល្លឺម៉ង់​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ថ្កោលទោស​របប​ដឹកនាំ​របស់​ប្រធានាធិបតី​ស៊ីរី​លោក Bashar Assad ចំពោះ​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដ៏​ប្រល័យ​លើ​ទីក្រុង Douma នេះ។ សេចក្ដី​ថ្លែងការណ៍​រួម​នេះ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា «របាយការណ៍​នេះ​ច្រានចោល​ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា ការ​វាយ​ប្រហារ​នោះ​គឺ​ជា​ការ​វាយ​ប្រហារ​របស់​ក្រុម​ប្រឆាំង»។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បាន​លើកឡើង​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​ស៊ីរី​ត្រូវតែ​ប្រកាស​និង​បំផ្លាញ​កម្មវិធី​អាវុធ​គីមី​របស់​ខ្លួន និង​អនុញ្ញាត​ឱ្យ​បុគ្គលិក​របស់​អង្គការ OPCW ចូល​ទៅ​កាន់​ប្រទេស​ស៊ីរី​ដើម្បី​ផ្ទៀងផ្ទាត់​ថា​ រដ្ឋាភិបាល​ស៊ីរី​បាន​ធ្វើ​ដូច្នេះ​មែន»។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បាន​បន្ត​ថា៖ «យើង​អំពាវនាវ​ឱ្យ​សហព័ន្ធ​រុស្ស៊ី​បញ្ឈប់​ការ​ការពារ​រដ្ឋាភិបាល​ស៊ីរី​ពី​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ប្រើ​អាវុធ​គីមី​របស់​ខ្លួន។ គ្មាន​ព័ត៌មាន​ប្រឌិត​ណា​មួយ​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​អាច​បិទបាំង​បាត​ដៃ​របស់​ខ្លួន​នៅ​ក្នុង​ការ​សមគំនិត​ជាមួយ​នឹង​របប​ដឹកនាំ​របស់​លោក Assad បាន​ទេ»។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា៖ «យើង​សរសើរ​កិច្ចការ​ឯករាជ្យ មិន​លម្អៀង និង​ប្រកប​ដោយ​ជំនាញ​របស់​បុគ្គលិក​អង្គការ OPCW និង​ថ្កោលទោស​ការ​ប្រើ​អាវុធ​គីមី​មិន​ថា​នៅ​កន្លែង​ណា​និង​ធ្វើ​ឡើង​ដោយ​នរណា​នោះ​ទេ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។ យើង​ក៏​បញ្ជាក់​អះអាង​ជាថ្មី​ផង​ដែរ​អំពី​ការ​តាំងចិត្ត​របស់​យើង​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ជនល្មើស​ទទួល​ខុស​ត្រូវ​ចំពោះ​រាល់​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​នៅ​កន្លែង​ផ្សេង​ទៀត»៕