តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងឱ្យឃើញទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio មានប្រសាសន៍ថា ភាគច្រើននៃប្រវត្តិសាស្ត្រនៃសតវត្សរ៍ទី២១នេះ នឹងត្រូវសរសេរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅថ្ងៃដំបូងនៃការចូលកាន់តំណែងរបស់លោក លោករដ្ឋមន្ត្រីការបរទេស Rubio បានជួបជាមួយបណ្តារដ្ឋមន្ត្រីការបរទេសរបស់ប្រទេស៣ នៅតំបន់ឥណ្ឌួប៉ាស៊ីហ្វិកដែលរួមជាមួយសហរដ្ឋអាមេរិក បង្កើតបានជាក្រុម Quad មានប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុន។
រដ្ឋមន្ត្រីការបរទេសទាំង៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយដែលបញ្ជាក់ឡើងវិញនូវ«ការតាំងចិត្តរួមដើម្បីពង្រឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហជាទីកន្លែងដែលតម្លៃនីតិរដ្ឋ ប្រជាធិបតេយ្យ បូរណភាព និងអធិបតេយ្យភាពទឹកដីត្រូវលើកកម្ពស់និងការពារ។ រដ្ឋមន្ត្រីការបរទេសទាំង៤ បានសរសេរថា «ប្រទេសយើងទាំង៤ រក្សាជំនឿស៊ុបរបស់យើងថា ច្បាប់អន្តរជាតិ ឱកាសសេដ្ឋកិច្ច សន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ត្រួតត្រាទាំងអស់ រួមមានតំបន់នាវាចរណ៍ ពង្រឹងការអភិវឌ្ឍ និងវិបុលភាពរបស់ប្រជាពលរដ្ឋនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យើងក៏ជំទាស់ប្រឆាំងយ៉ាងខ្លាំងដល់ចំណាត់ការជាឯកតោភាគីណាមួយដែលស្វះស្វែងធ្វើការផ្លាស់ប្តូរស្ថានភាពដូចបច្ចុប្បន្នដោយកម្លាំង ឬការបង្ខិតបង្ខំ។
នៅក្នុងសេចក្តីថ្លែងការណ៍នៃជំនួបដាច់ដោយឡែករបស់លោករដ្ឋមន្ត្រីការបរទេស Rubio ជាមួយពួកមន្ត្រីទាំង៣ប្រទេសនោះបានឲ្យដឹងថា ការតាំងចិត្តដើម្បីធ្វើឱ្យចំណងទាក់ទងកាន់តែកាន់តែស៊ីជម្រៅរវាងប្រទេសនិមួយៗ និងសហរដ្ឋអាមេរិកបានត្រូវបញ្ជាក់។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Iwaya Takeshi លោករដ្ឋមន្ត្រីការបរទេស Rubio បានបញ្ជាក់ថា សម្ពន្ធភាពរវាងសហរដ្ឋអាមេរិកនិងជប៉ុនជាការសំខាន់នៃសន្តិសុខនិងវិបុលភាពនៅក្នុងតំបន់។
នៅពេលដែលលោករដ្ឋមន្ត្រីការបរទេស Rubio បានជួបជាមួយរដ្ឋមន្ត្រីកិច្ចការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar ក្រសួងការបរទេសអាមេរិកបានកត់សម្គាល់ថា ឥស្សរជនទាំង២បានពិភាក្សាប្រធានបទសំខាន់ៗរួមមានការពង្រឹងភាពជាដៃគូរបស់អស់លោកលើវិស័យសំខាន់និងលេចធ្លោលើបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការការពារប្រទេស និងថាមពល។
ក្នុងជំនួបរវាងរដ្ឋមន្ត្រីកិច្ចការបរទេសអូស្ត្រាលីអ្នកស្រី Penny Wong និងលោករដ្ឋមន្ត្រីការបរទេស Rubio ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា មន្ត្រីទាំង២«បានសរសើរសម្ពន្ធភាពយូរអង្វែងរវាងសហរដ្ឋអាមេរិកនិងអូស្ត្រាលីជាគ្រឹះដល់សន្តិសុខ និងវិបុលភាពអន្តរជាតិ»។
ជំនួបលើកដំបូងរបស់លោករដ្ឋមន្ត្រីការបរទេស Rubio ជាមួយសម្ពន្ធមិត្តទាំង៣របស់សហរដ្ឋអាមេរិកសង្កត់ពីអ្វីដែលលោកបានថ្លែងទៅកាន់បុគ្គលិករបស់ក្រសួងការបរទេសនៅថ្ងៃដដែលនោះថា នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកមានភាពច្បាស់លាស់អំពីបេសកកម្មរបស់ខ្លួនគឺ«អ្វីៗដែលធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែខ្លាំង ឬមានសុវត្ថិភាពឡើង ឬមានវិបុលភាពឡើង នឹងក្លាយជាបេសកកម្មរបស់យើង»។ លោករដ្ឋមន្ត្រីការបរទេស Rubio បានថ្លែងថា៖
«ខ្ញុំរំពឹងថា គ្រប់ប្រទេសទាំងអស់នៅលើផែនដីនឹងធ្វើឱ្យជឿនលឿនផលប្រយោជន៍ជាតិរបស់ខ្លួន។ ហើយក្នុងឧទាហរណ៍ប្រទេសទាំងនោះ ខ្ញុំសង្ឃឹមថានឹងមានប្រទេសជាច្រើន ដែលក្នុងនោះផលប្រយោជន៍ជាតិរបស់យើង និងការសម្របតាមរបស់ពួកគេ យើងសង្ឃឹមនឹងធ្វើការជាមួយពួកគេ»។
លោករដ្ឋមន្ត្រីការបរទេស Rubio បានថ្លែងទៀតថា គោលដៅដ៏សំខាន់សម្រាប់គោលនយោបាយសាកលលោករបស់លោកប្រធានាធិបតី Trump គឺលើកស្ទួយសន្តិភាព ពីព្រោះការណ៍នេះស្ថិតក្នុងផលប្រយោជន៍ជាតិរបស់យើង»។
ជំនួបរវាងសហរដ្ឋអាមេរិកនិងដៃគូរបស់ខ្លួននៅក្នុងក្រុម Quad បង្ហាញនូវការតាំងចិត្តមួយដល់គោលដៅរួម៕