តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងទស្សនកិច្ចមួយកាលពីពេលថ្មីៗនេះនៅក្នុងតំបន់គ្មានកងទ័ពបែងចែកប្រទេសកូរ៉េខាងជើងពីប្រទេសកូរ៉េខាងត្បូង ឯកអង្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានកត់សម្គាល់ថា «កាលពីជាង៧០ឆ្នាំមុន កិច្ចព្រមព្រៀងយុទ្ធសន្តិភាពកូរ៉េដែលត្រូវបានចុះហត្ថលេខាបានដាក់ប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូងឱ្យនៅលើមាគ៌ាដាច់គ្នាស្រឡះ»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បាននិយាយថា វាជា«ពិភពលោកមួយដែលនៅក្នុងនោះ នៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រទៅខាងត្បូង យើងឃើញមានលទ្ធិប្រជាធិបតេយ្យនិងភាពសំបូររុងរឿង ហើយនៅតែប៉ុន្មានគីឡូម៉ែត្រទៀតទៅខាងជើង មានការបង្ក្រាបនិងការនៅឯកោពីគេ គឺជាពិភពមួយដែលគ្មានសន្តិភាពពិតប្រាកដនិងមិនមានការរស់នៅជាមួយគ្នា។ ដោយគ្មានចម្ងល់ឡើយ ការណ៍នេះមានឡើងដោយសារកំណើនវោហារសាស្ត្រ ការធ្វើសេចក្តីសម្រេចដោយភ័ន្តច្រឡំនិងសកម្មភាពនាំឱ្យមានអស្ថិរភាព គឺសកម្មភាពនាំឱ្យមានគ្រោះថ្នាក់ដល់សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ និងហួសពីនោះទៅទៀត»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានថ្លែងថា សហរដ្ឋអាមេរិកគ្មានបំណងអរិភាពណាមួយចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ DPRK ទេ។
លោកស្រីបានពោលថា «យើងបានសុំជាច្រើនដងដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាងកុំឱ្យបង្ករឿង ហើយធ្វើការសន្ទនាគ្នា។ យើងបានបើកទ្វារចំហសម្រាប់ការទូតមានន័យ។ ហើយយើងនៅតែចំហសម្រាប់ការសន្ទនាគ្នា...ពីព្រោះគោលដៅរបស់យើង គឺធ្វើឱ្យមានឧបទ្វីបមួយមានសន្តិភាពនិងស្ថិរភាព និងពិភពលោកមួយមានសន្តិភាពនិងស្ថិរភាព»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បាននិយាយថា «សហរដ្ឋអាមេរិកដឹងគុណដល់ទាហាន២ម៉ឺន ៨ពាន់ ៥រយនាក់ ដែលឈរស្មាទល់នឹងស្មាជាមួយក្រុមទាហានសាធារណរដ្ឋកូរ៉េនិងកងកម្លាំងពហុភាគីដែលបម្រើការឱ្យគោលដៅនោះ»។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក«នឹងមិនដឹកនាំដោយឧទាហរណ៍នៃកម្លាំងយើងទេ តែដោយកម្លាំងនៃឧទាហរណ៍របស់យើង»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានថ្លែងថា «ការប្តេជ្ញានេះគឺជាអ្វីដែលបែងចែកយើងនិងដៃគូយើងដូចជាសាធារណរដ្ឋកូរ៉េជាដើម ពីក្រុមជនដែលប្រឆាំងនឹងប្រជាជនខ្លួនឯង ច្រានចោលពហុភាគីនិយម និងធ្វើឱ្យមានគ្រោះថ្នាក់ដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ដែលវាស់វែងកម្លាំងរបស់ពួកគេដោយគ្រាប់រំសេវពួកគេនិងប្រឹងប្រែងបើកផ្លូវពួកគេទៅកាន់អំណាច។ ហើយនៅពេលយើងព្រួតដៃគ្នាជាមួយពួកសម្ព័ន្ធមិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការមិនរីកសាយអាវុធនុយក្លេអ៊ែរដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ យើងក៏បញ្ជាក់ជាថ្មីថា វិធីតែមួយគត់ដើម្បីឱ្យបានសម្រេចគោលដៅទាំងនេះ គឺតាមរយៈការទូត»។
នៅពេលនេះ ដោយមានសាធារណរដ្ឋកូរ៉េនិងប្រទេសជប៉ុននៅជិតខ្លួន សហរដ្ឋអាមេរិកនឹងបន្តធ្វើការនៅក្នុងប្រឹក្សាសន្តិសុខអ.ស.ប.ដើម្បីឱ្យក្រុមជនដែលគំរាមកំហែងដល់ការមិនរីកសាយអាវុធនុយក្លេអ៊ែរទទួលខុសត្រូវដល់សកម្មភាពពួកគេ។ ការណ៍នេះមានរួមប្រទេសរុស្ស៊ីនិងប្រទេសចិនដែលជាប្រទេសពីរបន្តប្រើតំណែងខ្លួននៅក្នុងប្រឹក្សាសន្តិសុខដើម្បីការពារសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េមិនឱ្យមានការទទួលខុសត្រូវខ្ពស់។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ថា «យើងសុំឱ្យរុស្ស៊ីនិងចិនប្រែក្រឡះវិធានការនេះ ហើយម្តងទៀត យើងសុំដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យជ្រើសរើសយកការទូតហើយមកកាន់តុចរចាគ្នា...ដើម្បីធ្វើឱ្យប្រាកដប្រជាថា ទសវត្សរ៍៧ខាងមុខនេះមានសន្តិភាពជាងពេល៧ទសវត្សរ៍មុន»៕