បទវិចារណកថា៖ ទិវា​ភព​ផែនដី​ឆ្នាំ២០២៣

ទិវា​ភព​ផែនដី​ឆ្នាំ២០២៣

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ថ្ងៃទី២២ ខែ​មេសា​ ជា​ទិវា​ភពផែនដី ដែល​ជា​ឱកាសមួយ​ដើម្បី​អបអរសាទរ​ធម្មជាតិ​ ត្រិះរិះ​ពិចារណាអំពី​ផល​ប៉ះពាល់​ដែល​មនុស្ស​ធ្វើដល់​បរិស្ថាន​របស់​យើង និង​ដើម្បី​បញ្ជាក់​ជា​ថ្មីអំពី​ការ​គាំទ្រ​របស់​យើង​ដល់​ការ​ការពារ​បរិស្ថាន។

ការ​រំឭក​ទិវា​នេះមាន​ឫស​គល់​ពី​ការ​ខឹង​សម្បា​ជា​សាធារណៈ​ដល់​ការ​ចុះ​ថមថយ​នៃ​បរិស្ថាន​នៅ​ទូទាំង​ប្រទេស និង​ដល់​ការ​ខ្វះ​ឆន្ទៈ​នយោបាយដើម្បី​ដោះស្រាយ​បញ្ហា​នេះ។​

លោក Gaylord Nelson ដែល​ធ្លាប់​ជា​សមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក និងជា​សកម្មជន​បរិស្ថាន​បានសន្និដ្ឋាន​ថា នឹង​គ្មានចំណាត់ការ​ទេ​រហូត​ដល់​ពេល​ណាមាន​មនុស្ស​គ្រប់គ្រាន់​បង្ហាញ​កំហឹង​របស់​ពួកគេ។ លោក​ក៏បានចាត់ចែង​ឱ្យ​មាន​ទិវា​ភព​ផែនដីជា​លើក​ដំបូងកាលពី​ថ្ងៃទី២២ ខែមេសា​ ឆ្នាំ១៩៧០។

លោកស្រី​ Monica Medina ឧបការី​រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក​ខាង​មហា​សមុទ្រ បរិស្ថាន​អន្តរជាតិ​និង​កិច្ចការ​វិទ្យាសាស្ត្រ​បាននិយាយ​ថា៖ ​«នេះ​ជា​ពេលវេលា​សំខាន់​មួយ​សម្រាប់​ប្រទេស​យើងដើម្បី​ពិចារណានិង​ធ្វើ​សកម្មភាព​បន្ថែមដើម្បីថែរក្សា​បរិស្ថាន»។

លោកស្រី Medina បាននិយាយថា៖ «ទិវា​ភពផែនដី​ជា​ពេលវេលា​សំខាន់​មួយ​សម្រាប់យើង​ទាំងអស់​គ្នា​គិត​អំពីថា ​តើបរិស្ថាន​សំខាន់​បែបណា​ដល់​គុណភាព​ជីវិត ដល់​សេដ្ឋកិច្ច និង​ដល់​សុខភាព​មនុស្ស...ប្រធានបទនៅ​ឆ្នាំ​នេះ​គឺការ​វិនិយោគ​ក្នុង​ភព​ផែនដី​របស់​យើងដែល​សំខាន់​ជាង​មុន។ សហរដ្ឋ​អាមេរិក​ធ្វើការ​ខ្លាំង​ណាស់ដើម្បី​បង្កើន​ការ​បណ្តាក់​ទុន​ក្នុង​ផ្នែក​ផ្សេងៗដូចជា​ឧទ្យាននិង​តំបន់​ត្រូវ​ការពារ គុណភាព​ទឹក​ ការថែរក្សា គឺ​អ្វីៗ​ទាំងអស់ដែល​នឹងកែ​លម្អគុណភាព​ជីវិត​ កែប្រែហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​យើង និង​គោលដៅ​ខាង​ថាមពល​ទាំង​អស់​របស់​យើង​ដែលអាច​ប្រើ​បាន​ជា​ថ្មី​ច្រើន​ជាង​មុន»។

លោកស្រីឧបការី​រដ្ឋមន្ត្រី​ការបរទេស​ Medina ដែលបម្រើការ​ជា​ប្រេសិត​ពិសេសខាង​ជីវៈចម្រុះ​និង​ប្រភព​ទឹកដែរ​នោះបានថ្លែង​ថា៖ ​«ទាំង​អស់នេះ​នឹង​នាំ​ឱ្យ​មាន​ផល​ប្រយោជន៍ច្រើនសម្រាប់គុណភាព​ជីវិត តែ​ក៏​កែ​លម្អ​ការងារ​ និង​សេដ្ឋកិច្ច​ផង​ដែរ។ ​តំបន់ត្រូវ​ការពារថ្មីៗ​ ទាំងនៅ​លើ​ដី​និង​ក្នុងមហាសមុទ្រ​...ជាវិធី​សំខាន់ៗ​ដែលរដ្ឋាភិបាល​ធ្វើឱ្យ​មាន​ការ​ជឿនលឿន​ក្នុង​ការ​ថែទាំភពផែនដី​របស់​យើង ​និង​បរិស្ថាន​របស់​យើង»។

លោកស្រី Medina បាន​ថ្លែង​ថា៖ «យើងបណ្តាក់​ទុនក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​ដើម្បី​ធ្វើ​ឱ្យឆ្នេរ​សមុទ្រ​យើងនិង​ប្រទេស​យើង​មាន​ភាពធុនជាង​មុន​នឹង​ការ​ប្រែប្រួលធាតុអាកាសនិងអាកាសធាតុអាក្រក់​ខ្លាំង។ ហើយ​ប្រាក់​កាសទាំងអស់​ដែល​យើង​ចំណាយក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ គឺ​សម្រាប់​កែ​លម្អហេដ្ឋារចនាសម្ព័ន្ធក្នុង​វិធីដែល​នាំ​ឱ្យ​មាន​ប្រយោជន៍​ច្រើន​ជាង​មុន​ខាង​បរិស្ថាន។ ហើយ...យើង​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​យើង​ដើម្បី​ពឹង​ពាក់​ច្រើន​ជាង​មុន​លើ​ថាមពល​អាច​ប្រើ​ជាថ្មី​បានដែល​ស្អាត ​និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន»។

នៅ​ក្នុង​ទិវា​ភព​ផែនដី ចូរ​យើង​ចាំ​ថា បរិស្ថាន​របស់​យើង​កំណត់គុណភាព​នៃ​ការ​រស់រាន​មាន​ជីវិត​របស់​យើង។ លោកស្រីឧបការី​រដ្ឋមន្ត្រី​ការបរទេស​ Medina បានពោល​ថា៖ «ប្រសិន​បើ​យើង​គ្មាន​បរិស្ថាន​ស្អាត​និង​ល្អ​ប្រសើរ​ទេ ​យើងប្រាកដ​ជាមិន​អាចធុន​នឹង​ខ្លួន​យើង​បាន​ទេ​ ហើយ​មិន​អាច​រស់​ដោយ​មាន​គុណភាព​ជីវិតដែល​យើង​ចង់​មាន​នោះ​ឡើយ»៕