តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងសុន្ទរកថារបស់លោកពេលបើកសម័យប្រជុំសន្និសីទអ.ស.ប.ស្តីពីមហាសមុទ្រនៅក្រុងលីសបោន ប្រទេសព័រទុយហ្គាល់ អគ្គលេខាធិការអ.ស.ប.លោក Antonio Guterres បានប្រកាសថា មហាសមុទ្រក្នុងពិភពលោកមានស្ថានភាពមិនល្អ។ លោកបានមានប្រសាសន៍ថា «យើងបានសន្មតថា មហាសមុទ្រមានស្ថានភាពល្អ ហើយនៅពេលនេះយើងប្រឈមនឹងអ្វីដែលខ្ញុំហៅថា ភាពអាសន្ននៃមហាសមុទ្រ»។
លោក John Kerry ប្រេសិតពិសេសរបស់ប្រធានាធិបតីសម្រាប់បញ្ហាធាតុអាកាសយល់ស្របជាមួយលោក Guterres ដោយលោកកត់សម្គាល់ថា «នេះជាពេលវេលាសំខាន់មួយសម្រាប់មហាសមុទ្ររបស់យើង»។
ការពិត ស្ថិតិបង្ហាញអំពីបញ្ហានេះ។ មហាសមុទ្រស្រូបប្រមាណ៣០%នៃ carbon dioxide ដែលត្រូវបានបញ្ចេញទៅក្នុងបរិយាកាសរៀងរាល់ឆ្នាំដោយសារសកម្មភាពរបស់មនុស្ស នាំឱ្យមានជាតិអាស៊ីដក្នុងមហាសមុទ្រ។ មិនហួសពីឆ្នាំ២០៥០ សម្រាមប្លាស្ទីកអាចនឹងមានទម្ងន់ច្រើនជាងត្រីក្នុងមហាសមុទ្រ។ ហើយមានតែ១,២ភាគរយនៃលំហសមុទ្រឆ្ងាយពីឆ្នេរ ត្រូវបានការពារ។
លោករដ្ឋមន្ត្រី Kerry បាននិយាយថា៖ «ជីវិតមនុស្សកំពុងជួបប្រទះនឹងគ្រោះថ្នាក់។ មហាសមុទ្ររបស់យើងប៉ះពាល់ដល់ជីវិតយើងគ្រប់វិស័យ ចាប់ពីខ្យល់ដែលយើងដកដង្ហើមរហូតដល់អាហារដែលយើងបរិភោគ»។
លោកបានថ្លែងទៀតថា៖ «យើងត្រូវតែដឹងថា គ្មានការសន្ទនាគ្នាណាមួយអំពីមហាសមុទ្រ ទាក់ទិនជាមួយមហាសមុទ្រតែម្យ៉ាងនោះទេ។ វាទាក់ទិននឹងបញ្ហាអាកាសធាតុ»។
លោក Kerry បានមានប្រសាសន៍ថា៖ «លោកអ្នកមិនអាចបែងចែកវិបត្តិមហាសមុទ្រពីវិបត្តិអាកាសធាតុបានទេ ហើយគ្មានវិបត្តិអាកាសធាតុណាមួយអាចត្រូវដោះស្រាយបានដោយគ្មានដំណោះស្រាយអំពីមហាសមុទ្រឡើយ។ ការសាយភាយឧស្ម័នផ្ទះកញ្ចក់មានផលអាក្រក់ដោយធ្វើឱ្យមហាសមុទ្ររបស់យើងក្តៅជាងមុន មានជាតិអាស៊ីដច្រើនជាងមុន មានផលិតភាពតិចជាងមុន និងនាំឱ្យមានកំណើនកម្រិតទឹកសមុទ្រផងដែរ។ យើងមិនអាចដោះស្រាយវិបត្តិមហាសមុទ្រដោយមិនបានដោះស្រាយបញ្ហាសាយភាយឧស្ម័នផ្ទះកញ្ចក់ទេ»។
លោករដ្ឋមន្ត្រី Kerry បាននិយាយថា៖ «នៅពេលជាមួយគ្នានេះ មហាសមុទ្រជាប្រភពមួយនៃដំណោះស្រាយបញ្ហាអាកាសធាតុ។ យើងត្រូវតែថែរក្សានិងការពារប្រព័ន្ធអេកូឡូស៊ីតាមឆ្នេរសមុទ្រនិងក្នុងសមុទ្រដែលមានផ្ទុកសារធាតុកាបោន និងការពារឆ្នេរសមុទ្ររបស់យើង-ព្រមទាំងពង្រឹងអភិបាលកិច្ចក្នុងតំបន់ការពារសមុទ្រ»។
លោក Kerry បានមានប្រសាសន៍ថា៖ «ទីពីរ យើងបានសម្រេចកិច្ចព្រមព្រៀងមួយប្រកបដោយមហិច្ឆតានិងប្រសិទ្ធភាពសម្រាប់ការថែរក្សានិងការប្រើប្រាស់ជីវចម្រុះក្រៅដែនអំណាចជាតិ-ដែលអាចនាំឱ្យមានជាលើកដំបូងនូវរបៀបដោះស្រាយមួយមានការសម្របសម្រួលនិងឆ្លងកាត់ផ្នែកនានាសម្រាប់បង្កើតតំបន់ការពារដែនសមុទ្រនៅឆ្ងាយពីឆ្នេរ»។
លោក Kerry បាននិយាយថា៖ «ទីបី យើងត្រូវតែបញ្ឈប់ការនេសាទដែលគ្មានការប្រុងប្រយ័ត្ន មិនត្រឹមត្រូវតាមច្បាប់ មិនត្រូវបានរាយការណ៍និងគ្មានការត្រួតពិនិត្យ។ ការនេសាទទាំង៣បែបនេះ ធ្វើឱ្យខូចខាតមហាសមុទ្ររបស់យើង ធ្វើឱ្យអន្តរាយសន្តិសុខសមុទ្រ និងធ្វើឱ្យក្រុមអ្នកនេសាទនិងសហគមន៍ដែលគោរពតាមច្បាប់ ជួបប្រទះនឹងគ្រោះថ្នាក់»។
ហើយនៅទីបញ្ចប់ «ពេលនេះត្រូវតែជាពេលវេលាដែលយើងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយស្តីពីភាពកខ្វក់ដោយសារប្លាស្ទីកនៅគ្រប់ជាន់ថ្នាក់ទាំងអស់»។
លោក Kerry បានមានប្រសាសន៍ថា៖ «អាណត្តិអ.ស.ប.ដើម្បីបើកធ្វើការចរចាពហុភាគីអំពីកិច្ចព្រមព្រៀងសាកលមួយត្រូវអនុវត្តតាមច្បាប់ នឹងមានការទទួលស្វាគមន៍ច្រើន»។
លោក Kerry បានពោលថា ការណ៍នេះត្រូវតែជាអាទិភាពមួយក្នុងបណ្តាអាទិភាពខ្ពស់ៗនៃប្រព័ន្ធអ.ស.ប.។
លោកបានមានប្រសាសន៍ថា៖ «បញ្ហានីមួយៗក្នុងចំណោមបញ្ហាទាំងនេះត្រូវបានបង្កើតដោយមនុស្ស ហើយការដោះស្រាយបញ្ហាទាំងនេះត្រូវមានឆន្ទៈ។ យើងអាចឈ្នះក្នុងការប្រយុទ្ធនេះ»៕