បទវិចារណកថា៖ រុស្ស៊ី​ត្រូវតែ​ដកទ័ព​ចេញ​ពី​ដែនដី​អ៊ុយក្រែន

រូបឯកសារ៖ ទាហាន​រុស្ស៊ី​ដើរ​ល្បាត​នៅ​តំបន់​មួយ​នៅ​ស្ថានីយ៍​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយក្រែន។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​ឆ្នាំ​២០១៤​ រុស្ស៊ីបាន​ចូល​កាន់កាប់​ឧបទ្វីប​ Crimea ​ជា​ដែនដី​ប្រទេស​អ៊ុយក្រែន​ដោយ​ឥត​អៀន​ខ្មាស។ «វា​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ពេលនោះ​ ហើយ​នៅតែ​បន្ត​រំលោភ​បំពាន​យ៉ាង​ដូច្នេះ​រហូត​មក​ទល់​បច្ចុប្បន្ន‍»។‍ នេះ​ជា​ការ​ប្រកាស​ឱ្យដឹង​របស់​លោក​ឯកអគ្គរដ្ឋទូត ​Jeffrey DeLaurentis ​ជា​ភូឈួយ​ស្តីទីអ្នក​តំណាង​អចិន្ត្រៃយ៍​របស់​សហរដ្ឋ​អាមេរិក​ ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ។

លោក​ឯកអគ្គរដ្ឋទូត​ DeLaurentis ​មាន​ប្រសាសន៍​ថា​ រយ:ពេល​៩ឆ្នាំ​បន្ទាប់​មក រុស្ស៊ីបាន​រំកិល​កងទ័ព​របស់​ខ្លួន​ចូល​លុក​លុយ​ដែនដី​អ៊ុយក្រែន​កាន់​តែ​ជ្រៅ។

លោក​ថា៖ «រុស្ស៊ីកំពុង​ប្រើ​វិធីសាស្ត្រ​ដដែល​ក្នុង​ប្រទេស​អ៊ុយក្រែន​ដូចជា​រុស្ស៊ីបាន​ធ្វើ​ក្នុង​ឆ្នាំ​២០១៤។ រុស្ស៊ីធ្វើ​សកម្មភាព​ព្យាយាម​ដដែលៗ​ដើម្បី​ដណ្តើម​កាន់កាប់​ដែនដី​អ៊ុយក្រែន​ច្រើន​ថែម​ទៀត​តាម​រយៈប្រជាមតិ​ក្លែងក្លាយ។ រុស្ស៊ីព្យាយាម​ត្រួតត្រា​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទាំងនោះ​បន្ត​ទៀត​តាម​រយៈការ​ចូល​សញ្ជាតិ​ដោយ​ផ្តល់​លិខិត​ឆ្លង​ដែន​ ការបង្កើតក្រុម​អាជ្ញាធរ​ក្នុង​តំបន់​ដែល​រុស្ស៊ីលើក​បន្តុប​ដើម្បី​កាន់កាប់​ដែនដី​ឈ្លានពាន ការកេណ្ឌ​ពលរដ្ឋ​អ៊ុយក្រែន​ចូល​បម្រើ​កងទ័ព​រុស្ស៉ី ​និង ​តាម​រយៈ​វិធី​ខុស​ច្បាប់​ផ្សេងៗ​ទៀត»។

ចាប់​តាំងពី​ខែកុម្ភៈ​ឆ្នាំមុន​ រុស្ស៊ីបាន​សម្លាប់​ពលរដ្ឋ​អ៊ុយក្រែន ​ជា​បុរស​ ស្ត្រី ​និង​កូនក្មេង​ រាប់​ម៉ឺន​នាក់។ រុស្ស៊ីបាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង ​និង​បំផ្លាញ​ប្រភព​ថាមពល​របស់​ប្រទេស​ជាង​ពាក់​កណ្តាល។

នៅ​ក្នុង​តំបន់​ក្រោម​ការ​ត្រួតត្រា​របស់​រុស្ស៊ី កងទ័ព​រុស្ស៉ី ​បាន​ចាប់​ឃុំខ្លួន​ពលរដ្ឋ​អ៊ុយក្រែន​រាប់​ម៉ឺន​នាក់​ ដែល​មនុស្ស​ជាច្រើន​បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ​ ឬរង​ទារុណកម្ម ​និង​ឃុំ​ដាច់​ពី​គេឯង។ ជា​ការ​ពិត​ ឧត្តម​ស្នងការ​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្ស​ ថ្មីៗនេះ ​បាន​បង្ហាញ​ការ​រក​ឃើញ​ចុង​ក្រោយ​របស់​លោក។

​លោក​ឯកអគ្គរដ្ឋទូត​ DeLaurentis ​មាន​ប្រសាសន៍​ថា៖ «លោក [ឧត្តម​ស្នងការ] ​បាន​ហៅ​អំពើ​ទាំងនោះ​ថា ជា​រឿង​រន្ធត់»។ ហើយ​ថា៖ «ក្នុង​ចំណោម​ ការ​រក​ឃើញ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ជាច្រើន​ទាំងនោះ» មាន​ករណីដែល​គេ​បាន​កត់ត្រា​ទុក​មួយ​ចំនួន ​ដែល​រក​ឃើញ​ថា​ កងទ័ព​រុស្ស៉ី ​បាន​ប្រើ​ការ​ឃុំឃាំង​ពលរដ្ឋ​ស៊ីវិល​ជា​ខែល​មនុស្ស។

លោក​ឯកអគ្គរដ្ឋទូត​ DeLaurentis ​បាន​ធ្វើការ​កត់​សម្គាល់ថា៖ «ការ​ចូល​ឈ្លានពាន​របស់​រុស្ស៊ីនៅ​ផ្នែក​ជាច្រើន​នៃ​ដែនដី​អ៊ុយក្រែន​ បាននាំ​ឱ្យ​មានគ្រោះថ្នាក់​ផង​ដែរ​ចំពោះរោងចក្រ​នុយក្លេអ៊ែរ​ និង ហេដ្ឋារចនាសម្ពន្ធ​សំខាន់ៗ​ផ្សេង​ទៀតដែល​នៅ​តំបន់​ជិតៗ​នោះ»។

លោក​បន្ត​ថា៖ «និយាយ​ដោយ​ត្រង់ៗ​ថា​ ការ​ដាក់​កងទ័ព​រុស្ស៊ីនៅ​ឯ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឋាមពល​នុយក្លេអ៊ែរ ​Zaporizhzhya រួម​នឹង​វត្តមាន​កងទ័ព​រុស្ស៊ីនៅ​លើ​អគារ​ដែល​មានម៉ាស៊ីន​រ៉េអាក់ទ័រ​ ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​សន្តិសុខ​និង​ សុវត្ថិភាព​នុយក្លេអ៊ែរ​ពិភពលោក។

លោក​ឯកអគ្គរដ្ឋទូត​ DeLaurentis បាន​បញ្ជាក់​ថា៖​ «ផល​ប៉ះពាល់​នៃ​សង្គ្រាម​នេះ​ បាន​ធ្វើ​ឲ្យ​មាន​មហន្តរាយ មិន​គ្រាន់តែសម្រាប់​ពលរដ្ឋ​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ពលរដ្ឋ​នៅ​លើ​ពិភពលោក​ផងដែរ​ ខណ:​ដែល​តម្លៃ​ឋាមពល​និង​ស្បៀង​អាហារ​ បន្ត​កើន​ឡើង»។

លោក​បាន​បន្ត​ថា៖ «ការ​ផ្អាក​មិន​ចូលរួម​របស់​រុស្ស៊ីក្នុង​គំនិត​ផ្ទួចផ្តើម​ដឹកជញ្ជូន​ស្បៀងអាហារ​តាម​សមុទ្រ​ខ្មៅ (Black Sea Grain Initiative)​ គឺជា​រឿង​អាត្មា​និយម​ចំពោះ​ជន​ងាយ​រងគ្រោះ​ស្ទើរ​តែ​ទាំងអស់​ក្នុង​ពិភពលោក។ យើង​ទទូច​ដល់​រដ្ឋ​ជា​សមាជិក​ទាំងអស់​ឲ្យ​ជំរុញ​ដល់​រុស្ស៊ីឲ្យ​ធ្វើការ​សម្រេច​ចិត្ត​ឡើងវិញ​ បន្ត​កិច្ច​ចរចា ​និង​បន្ត​អនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ​ឲ្យ​បាន​ពេញលេញ​តទៅ​មុខ​ទៀត»។

លោក​ឯកអគ្គរដ្ឋទូត​ DeLaurentis ថា៖ «សង្គ្រាម​រុស្ស៊ីប្រឆាំង​នឹង​អ៊ុយក្រែន​គឺជា​ការ​រំលោភ​បំពាន​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​យ៉ាង​ច្បាស់។ ជាថ្មី​ម្តង​ទៀត យើង​អំពាវនាវ​ដល់​រុស្ស៊ីឲ្យ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពីដែន​ដី​អធិបតេយ្យ​អ៊ុយក្រែន​ ហើយ​បញ្ចប់​សង្គ្រាម​នេះ»៕