បទវិចារណកថា៖ ស្ថានភាព​អស់​សង្ឃឹម​របស់​ប្រជាជន​កូរ៉េ​ខាងជើង

រូបឯកសារ៖ លោកស្រី​ឯកអគ្គរដ្ឋទូត Linda Thomas-Greenfield ថ្លែង​នៅពេល​លោកស្រី​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នៅ​ប្រទេស​កូរ៉េ​ខាងជើង។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅដើមឆ្នាំ២០២០​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ​ឬ​កូរ៉េ​ខាងជើង​ បាន​បិទ​ព្រំដែន​របស់​ប្រទេស​នេះ ​ដើម្បី​បង្ការ​ការរីករាលដាល​ជំងឺ​កូវីដ១៩។ ការ​បិទ​នោះ​បន្ត​ដល់​បច្ចុប្បន្ននេះ។ លោក Volker Türk​ ស្នងការជាន់ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​និយាយ​ថា ​ពិតហើយ​ «កម្រ​ណាស់​ដែល​កូរ៉េ​ខាងជើងបាន​បិទ​ទ្វារ​យ៉ាង​ឈឺចាប់​ពី​ពិភពលោក​ខាងក្រៅ​ជាង​សព្វថ្ងៃ​នេះ។ ការបង្កើន​ការគាប​សង្កត់​លើ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ ភាពឯកជន​ និង​ការដើរហើរ។ ទម្លាប់​នៃ​ការធ្វើ​ការងារ​ដោយ​បង្ខំ​ជា​ទូទៅ ​និង​ស្ថានភាព​កាន់តែ​អាក្រក់​សម្រាប់​សិទ្ធិសេដ្ឋកិច្ច ​និង​សង្គម​ ដោយសារតែ​ការបិទ​ទីផ្សារ ​និង​ទម្រង់​ផ្សេង​ទៀត​នៃ​ការរក​ប្រាក់​ចំណូល»​ បាន​បណ្តាល​ឱ្យ​មនុស្ស​រងទុក្ខ​វេទនា​យ៉ាង​ធំ​សម្បើម។

ជិត​មួយ​ទសវត្សរ៍​មុន​ គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចេញ​របាយការណ៍​សំខាន់​មួយ​ «ដែល​បាន​រកឃើញ​ថា​ រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​ប្រព្រឹត្ត៖ «ការរំលោភ​សិទ្ធិមនុស្ស​ជាប្រព័ន្ធ​ យ៉ាង​រីករាលដាល ​និង​ទាំងស្រុង»​ ហើយ​ថា ​ក្នុង​ករណី​ជាច្រើន​ ការរំលោភ​នោះ​បាន​ឈាន​ដល់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ លោកស្រី Linda Thomas-Greenfield។ អ្នកស្រីបាន​និយាយ​ថា ​ចាប់​តាំង​ពី​ពេល​នោះ​មក​ស្ថានភាព​មិន​បាន​ប្រសើរ​ឡើង​ទេ។

«របាយការណ៍​បង្ហាញ​ថា ​កូរ៉េ​ខាងជើង​នៅតែ​បន្ត​ឃុំឃាំង​បុគ្គល​ជាង​ ៨០​.០០០​ នាក់​នៅក្នុង​ជំរំពន្ធនាគារ​នយោបាយ​ ដែលយោង​ទៅ​តាម​របាយការណ៍​ ពួកគេ​ត្រូវ​បាន​ទទួល​រង​នូវ​ការប្រហារ​ជីវិត​ដោយ​បំពាន​ ឬ​គ្មាន​ការកាត់​ទោស​ ការធ្វើ​ទារុណកម្ម ​ការអត់ឃ្លាន ​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​ ការរំលូត​កូន​ដោយ​បង្ខំ ​និង​ពលកម្ម​ដោយ​បង្ខំ»។

លើសពីនេះ ​លោកស្រី​ឯកអគ្គរដ្ឋទូត​ Thomas-Greenfield ​បាន​និយាយ​ថា​ «រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ក៏បាន​ចូលរួម​ក្នុង​សកម្មភាព​គាបសង្កត់​ឆ្លងដែន​ប្រឆាំង​នឹង​ពលរដ្ឋ​របស់​ខ្លួន​ និង​ជនបរទេស​ផងដែរ»។

«សកម្មភាព​របស់​កូរ៉េ​ខាងជើង​នៅក្រៅ​ប្រទេស​រួមមាន​ការធ្វើឃាត​ ការឃ្លាំមើល​ ការគំរាម​កំហែង​ ការចាប់​ពង្រត់​ និង​ការបង្ខំ​ឱ្យ​ធ្វើ​មាតុភូមិ​និវត្តន៍។ ពេលខ្លះ ​ដោយមាន​ជំនួយ​ពី​រដ្ឋាភិបាល​ផ្សេង​ទៀត។ ហើយ​ពេល​ខ្លះ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​ផ្សេង​ទៀត ​ដែល​បង្ហាញ​ពី​ការ​ខ្វះ​ការ​គោរព​របស់​កូរ៉េខាងជើង​ចំពោះ​អធិបតេយ្យភាព​រដ្ឋ»។

លោកស្រី​ឯកអគ្គរដ្ឋទូត​ Thomas-Greenfield​ បាន​និយាយ​ថា​៖ «ការគាប​សង្កត់​ ការគ្រប់គ្រង​ដោយ​ផ្តាច់ការ​របស់​លោក ​Kim Jong Un ​លើ​សង្គម ​និង​ការបដិសេធ​ជា​ប្រព័ន្ធយ៉ាង​ទូលំ​ទូលាយ​នៃ​សិទ្ធិមនុស្ស ​និង​សេរីភាព​ជាមូលដ្ឋាន​ ធានា​ឱ្យ​របប​នេះ​អាច​ចំណាយ​ធនធាន​សាធារណៈ​ដោយ​ឯកឯង ​ដើម្បី​អភិវឌ្ឍ​កម្មវិធី​អាវុធ​ប្រល័យ​លោក និង​មីស៊ីល​ផ្លោង​ខុស​ច្បាប់​ ដោយ​គ្មាន​ការជំទាស់​ជា​សាធារណៈ»។ លោក​ស្រី ​Thomas-Greenfieldបាន​បន្ថែម​ថា៖ «ម៉ាស៊ីន​សង្គ្រាម​នេះ … ​ត្រូវ​បាន​ដំណើរការ​ដោយ​ការ​គាបសង្កត់​ និង​ភាព​ឃោរឃៅ»។

លោកស្រី​បញ្ជាក់​ថា៖ «សូម​កុំ​ច្រឡំ​៖ របប​នេះ​មិន​អើពើ​នឹង​សុខុមាលភាព​របស់​ប្រជាជន​នៅ​កូរ៉េ​ខាងជើង​ទេ។ គោលនយោបាយ​ចែកចាយ​ស្បៀង​របស់​ពួកគេ​ផ្តល់អាទិភាព​ដល់​ក្រុម​យោធា ​ហើយ​នាំ​ឱ្យ​មាន​ការ​ខ្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​របស់​ខ្លួន»។

លោកស្រីឯកអគ្គរដ្ឋទូត​ Thomas-Greenfield ​បាន​និយាយ​ថា​៖ «ពិភពលោក​ទំនើប​មិនមាន​កន្លែង​សម្រាប់​ភាពឃោរឃៅ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ទេ។ សហគមន៍​អន្តរជាតិ​ … ​ត្រូវតែ​បន្ត​និយាយ​ប្រឆាំងនឹង​ភាពអយុត្តិធម៌​នេះ ​និង​ផលប៉ះពាល់​អស្ថិរភាព​របស់​វា​ទៅ​លើ​សន្តិភាព​ និង​សន្តិសុខ​ក្នុង​តំបន់ ​និង​អន្តរជាតិ។

«សហរដ្ឋ​អាមេរិក​… នឹង​បន្ត​លើក​កម្ពស់​សិទ្ធិមនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​ នៅក្នុង​ប្រទេស​ និង​ជុំវិញ​ពិភពលោក»៕