តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ការគាំទ្រខ្លាំងនិងរួមគ្នាដល់ប្រទេសអ៊ុយក្រែននៅពេលប្រទេសនេះការពារខ្លួនឯងប្រឆាំងនឹងសង្គ្រាមឃោរឃៅរបស់រុស្ស៊ីជាអាទិភាពកំពូលមួយសម្រាប់អង្គការអូតង់។ ឯកអគ្គរដ្ឋទូតស.រ.អ.ប្រចាំអង្គការអូតង់លោកស្រី Julianne Smith បាននិយាយថា ការគាំទ្រនេះមានឡើងដោយសារ«កងកម្លាំងយោធាអ៊ុយក្រែនមិនមែនប្រយុទ្ធគ្រាន់តែការពារដែនដីផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែពួកគេក៏ប្រយុទ្ធដើម្បីការពារគុណតម្លៃជាស្នូលនៃសម្ព័ន្ធភាពអូតង់និងធម្មនុញ្ញអ.ស.ប. ផងដែរ»។
លោកស្រីឯកអគ្គរដ្ឋទូត Smith បានថ្លែងថា ជាការពិត គំនិតយុទ្ធសាស្ត្ររបស់អង្គការអូតង់«ហៅរុស្ស៊ីថាជាការគំរាមកំហែងមួយដល់សម្ព័ន្ធភាពនេះ»។ លោកស្រី Smith បាននិយាយថា៖
«តែគំនិតយុទ្ធសាស្ត្រនេះក៏និយាយដែរអំពីឧបសគ្គជាច្រើនដែលយើងប្រឈម ទោះជាការប្រឈមជាមួយសាធារណរដ្ឋប្រជាមានិតចិននិងការប្រឹងប្រែងរបស់ប្រទេសនេះក្នុងការបំបែកបំបាក់សម្ព័ន្ធភាពនេះពីខាងក្នុង ឬឧបសគ្គឯទៀតៗដូចជាសន្តិសុខ cyber ឧបសគ្គខាងសន្តិសុខធាតុអាកាសបណ្តាលមកពីបច្ចេកវិទ្យាថ្មីៗ ឬឧបសគ្គទាក់ទងនឹងអវកាស»។
លោកស្រីឯកអគ្គរដ្ឋទូត Smith បានថ្លែងថា «គំនិតយុទ្ធសាស្ត្រនេះសំខាន់សម្រាប់អង្គការអូតង់ក្នុងពេលអនាគត»។ លោកស្រីបាននិយាយទៀតថា៖
«យើងពិនិត្យមើលការប្រឈមនានាដូចជាសន្តិសុខ cyber ឬការវាយប្រហារ cyber ហើយនៅពេលមានការប្រឈមទាំងនេះសម្ព័ន្ធភាពអូតង់រួបរួមគ្នាជាដំបូងដើម្បីការពារប្រព័ន្ធបណ្តាញរបស់ខ្លួនផ្ទាល់ហើយក៏ដើម្បីផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ឧបករណ៍ថ្មីៗ ការផ្តើមគំនិតថ្មីៗដែលអាចការពារយើងបានល្អប្រសើរជាងមុនពីពួកប្រទេសដែលប្រើការវាយប្រហារ cyber ដើម្បីគំរាមកំហែងយើងឬប្រឹងប្រែងបំបែកបំបាក់យើង ឬមួយជំរុញយើងទៅកាន់គោលជំហរមួយ ឬគោលជំហរមួយទៀត។ យើងក៏ពិនិត្យមើលដែរអំពីល្បិចផ្សំឯទៀតៗដែលពួកសត្រូវយើងពឹងពាក់។ ប្រទេសខ្លះដូចជាប្រទេសរុស្ស៊ីជាដើមពឹងពាក់ច្រើនជាងមុនលើការផ្សាយព័ត៌មានក្លែងក្លាយ។ នេះជាប្រធានបទមួយនៃការសន្ទនាគ្នា។ សន្តិសុខថាមពលក៏ជាប្រធានបទមួយទៀតនៃការសន្ទនាគ្នាដែរ»។
លោកស្រីឯកអគ្គរដ្ឋទូត Smith បានថ្លែងថា «សម្ព័ន្ធភាពអូតង់ក៏ពិនិត្យមើលដិតដល់ដែរអំពីហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រ ជាពិសេសនៅក្រោយការវាយប្រហារលើបំពង់ឧស្ម័ន North Stream One និង North Stream Two»។ ហើយនៅទីបញ្ចប់ អង្គការអូតង់ទន្ទឹងរង់ចាំស្វាគមន៍សម្ពន្ធមិត្តថ្មីពីរគឺប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់ ដែលបានសុំចូលជាសមាជិកជាការឆ្លើយតបនឹងការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ លោកស្រីបានពោលថា៖
«ប្រទេសទាំងពីរនេះជាប្រទេសដែលតំណាងគុណតម្លៃដែល...យើងនៅទីនេះដើម្បីការពារ។ ប្រទេសទាំងនេះជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យពេញលេញ តែពួកគេក៏ជាសម្ព័ន្ធមិត្តមានសមត្ថភាពខ្លាំងណាស់ដែរ។ ប្រទេសទាំងពីរនេះក៏បានធ្វើសមយុទ្ធនិងហ្វឹកហ្វឺនជាមួយកងកម្លាំងនៃអង្គការអូតង់ច្រើនឆ្នាំមកហើយ ហើយពួកគេក៏បានចូលរួមក្នុងបេសកកម្មរបស់អង្គការអូតង់ផងដែរ»។
លោកស្រី Smith បានមានប្រសាសន៍ថា «ជាមួយគ្នា សម្ព័ន្ធភាពអូតង់ពិនិត្យមើលឧបសគ្គខាងយោធាមានយូរយាមកហើយដោយពង្រឹងការធ្វើឱ្យរា និងការការពាររបស់ខ្លួន។ តែសម្ព័ន្ធនេះ ក៏ពិនិត្យមើលអ្វីៗហួសពីនេះ ហួសពីបេសកកម្មស្នូលរបស់ខ្លួនដើម្បីទប់ទល់នឹងឧបសគ្គថ្មីៗដែលយើងទាំងអស់គ្នាកំពុងប្រឈម»៕