តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អ្នកតំណាងបម្រុងរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចការនយោបាយពិសេសប្រចាំនៅអង្គការសហប្រជាជាតិលោក Robert Wood បាននិយាយថា៖ «សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារដែលមិនធ្លាប់មានពីមុនមកទៅលើរដ្ឋអ៊ីស្រាអែលដោយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ និងក្រុមតំណាងសកម្មប្រយុទ្ធនិងដៃគូរបស់ខ្លួន»។
លោក Wood បានថ្លែងថា៖ «ចេតនារបស់អ៊ីរ៉ង់គឺធ្វើឱ្យខូចខាត និងមានការស្លាប់យ៉ាងច្រើននៅអ៊ីស្រាអែល។ អ៊ីរ៉ង់បានបាញ់ដ្រូននិងមីស៊ីល៣០០ ដែលជាង១០០គ្រាប់ជាគ្រាប់មីស៊ីលបាល្លីស្ទិកនិងកាំជ្រួចវាយប្រហារលើដីនៅអ៊ីស្រាអែល ក៏ដូចជាយន្តហោះគ្មានមនុស្សបើកដែលបំផ្ទុះផងដែរ។ សកម្មភាពដែលមិនបានគិតគូរឱ្យបានហ្មត់ចត់របស់អ៊ីរ៉ង់មិនត្រឹមតែបង្កការគំរាមកំហែងដល់ប្រជាពលរដ្ឋក្នុងប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេ គឺថែមទាំងដល់រដ្ឋដែលជាសមាជិករបស់អង្គការសហប្រជាជាតិផ្សេងទៀតនៅក្នុងតំបន់ រួមទាំងប្រទេសហ្ស៊កដានី និងអ៊ីរ៉ាក់ផងដែរ»។
លោក Wood បាននិយាយថា ប្រទេសអ៊ីរ៉ង់មានកំណត់ត្រាជាយូរមកហើយនៃការរំ លោភលើកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់ខ្លួន ជាពិសេសតាមរយៈសកម្មភាពរបស់កងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់ខ្លួន។
លោក Wood បានថ្លែងបន្តថា៖ «តាមរយៈការផ្តល់អាវុធដល់ក្រុមហេសបូឡា អ៊ីរ៉ង់បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខលេខ១៧០១។ តាមរយៈការផ្តល់អាវុធ សម្របសម្រួល និងជួយក្រុមហ៊ូធីវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ហើយថ្មីៗនេះ វាយប្រហារទៅលើកប៉ាល់ពាណិជ្ជកម្ម និងការដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហមនោះ វាជាការបំពានយ៉ាងច្បាស់លើសេចក្តីសម្រេចលេខ២២១៦ និងដោយរំលោភលើសេចក្តីសម្រេចលេខ២៧២២»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អ៊ីរ៉ង់ក៏បានបំពានច្បាប់អន្តរជាតិម្តងហើយម្តងទៀត ដោយកំណត់គោលដៅដោយការដាក់គ្រាប់មីន និងរឹបអូសយកនាវាពាណិជ្ជកម្មនៅក្នុងដែនទឹកអន្តរជាតិនៃឈូងសមុទ្រពែក្ស និងផ្លូវទឹកជុំវិញផងដែរ។
លោក Wood បានថ្លែងទៀតថា៖ «នៅក្នុងន័យទូលំទូលាយ អ៊ីរ៉ង់ក៏មានការពាក់ព័ន្ធនៅក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលផងដែរ ពីព្រោះអ៊ីរ៉ង់បានផ្តល់មូលនិធិ និងការបណ្តុះបណ្តាលយ៉ាងច្រើនដល់ក្រុមយោធារបស់ក្រុមហាម៉ាស់»។
លោក Wood បានបន្តជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ«ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពគឃ្លើនរបស់អ៊ីរ៉ង់ និងអំពាវនាវឱ្យអ៊ីរ៉ង់និងដៃគូ និងភាគីពាក់ព័ន្ធបញ្ឈប់ការវាយប្រហាររបស់ពួកគេ»។
លោក Wood បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគាំទ្រការអនុវត្តសិទ្ធិរបស់អ៊ីស្រា អែលដើម្បីការពារខ្លួន នៅពេលប្រឈមនឹងការវាយប្រហារនេះ។
លោក Wood បានថ្លែងទៀតថា៖ «ហើយខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ប្រសិនបើអ៊ីរ៉ង់ ឬអ្នកតំណាងរបស់ខ្លួនចាត់វិធានការប្រឆាំងនឹងសហរដ្ឋអាមេរិក ឬមានសកម្មភាពបន្ថែមទៀតប្រឆាំងនឹងអ៊ីស្រាអែល អ៊ីរ៉ង់នឹងទទួលខុសត្រូវ»។
មធ្យោបាយដ៏ល្អបំផុតក្នុងការទប់ស្កាត់មិនឱ្យការវាយប្រហារមានការកើនឡើងបន្ថែមទៀតនោះ គឺការថ្កោលទោសយ៉ាងច្បាស់លាស់ពីក្រុមប្រឹក្សាសន្តិសុខចំពោះការវាយប្រហារទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់ និងការអំពាវនាវយ៉ាងច្បាស់លាស់ដល់អ៊ីរ៉ង់និងអ្នកតំណាង និងដៃគូរបស់ខ្លួនមិនឱ្យមានអំពើហិង្សាបន្ថែមទៀត៕