តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
មេដឹកនាំក្រុមប្រឆាំងរុស្ស៊ីលោក Alexei Navalny បានទទួលអនិច្ចកម្មកាលពីថ្ងៃទី ១៦ កុម្ភៈ នៅក្នុងពន្ធនាគារមានសន្តិសុខដ៏ព្រៃផ្សៃបំផុតមួយក្នុងប្រទេសរុស្ស៊ី។ លោកជាអ្នករិះគន់ល្បីឈ្មោះបំផុតនិងជាអ្នកប្រឆាំងខាងនយោបាយខ្លាំងបំផុតរបស់លោក Putin និងជាអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយខ្លាំងក្លាម្នាក់ដែរ។
ក្រោយពីរងការយាយីមួយទសវត្សរ៍ពីអាជ្ញាធរ នៅឆ្នាំ២០២០ លោក Navalny បាននៅរស់រាន្តមានជីវិតពីការប៉ុនប៉ងធ្វើឃាតនៅរុស្ស៊ីដោយត្រូវបានបំពុលដោយ Navichok។ នៅក្រោយបានសម្រាកព្យាបាលក្នុងប្រទេសអាល្លឺម៉ង់ លោកបានទទូចវិលត្រឡប់មកប្រទេសរុស្ស៊ីវិញដែលនៅទីនោះលោកត្រូវបានចាប់ខ្លួននិងដាក់គុកជាបន្ទាន់ពីបទចោទប្រកាន់ទាក់ទិននឹងនយោបាយ។ នៅខែសីហា ២០២៣ លោក Navalny ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារបន្ថែម១៨ឆ្នាំពីបទចោទជ្រុលនិយម។ លោកបានអនុវត្តទោសនៅក្នុងជំរំគុកមួយនៅខាងកើតក្រុងមូស្គូដោយមានស្ថានភាពលំបាកខ្លាំង រហូតដល់ខែធ្នូ លោកត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារមានសន្តិសុខខ្ពស់បំផុតនៅជិតខ្សែវង់អាទីក-ដែលជាតំបន់ដាច់ស្រយាលមួយមានរដូវធ្លាក់ទឹកកកត្រជាក់ខ្លាំងណាស់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្កោលទោសមរណ ភាពរបស់លោក Nalvany ហើយបានសរសើរការការពារគោលការណ៍ប្រជាធិបតេយ្យរបស់លោក។
លោក Blinken បានមានប្រសាសន៍ថា «ក្នុងពេលជាងមួយទសវត្សរ៍ រដ្ឋាភិបាលរុស្ស៊ី Putin បានធ្វើទុក្ខបុកម្នេញ បំពុល និងដាក់គុកលោក Aleksey Navalny ហើយនៅពេលនេះមានរបាយការណ៍អំពីមរណភាពរបស់លោក...សមានចិត្តរបស់យើងមានទៅដល់ភរិយានិងគ្រួសារលោក។ ហួសពីនេះ មរណភាពលោកនៅក្នុងគុករុស្ស៊ីមួយ ការអំពល់ចិត្តនិងការភ័យខ្លាចបុរសម្នាក់គូសបញ្ជាក់ភាពកម្សោយនិងការរលួយក្នុងនៃប្រព័ន្ធដែល Putin បានកសាង»។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា «អ្វីដែលបានកើតមានឡើងដល់លោក Navalny ជាភ័ស្តុតាងថែមទៀតនៃភាពឃោរឃៅរបស់ Putin»។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា «គ្មាននរណាម្នាក់គួរត្រូវបំភាន់-មិនមែននៅរុស្ស៊ី មិនមែននៅអាមេរិក មិនមែននៅកន្លែងណាមួយក្នុងពិភពលោកទេ។ លោក Putin មិនមែនគ្រាន់តែយកពលរដ្ឋប្រទេសឯទៀតជាទីដៅនៃការវាយប្រហារប៉ុណ្ណោះទេ ដូចដែលយើងឃើញអ្វីកំពុងកើតមាននៅអ៊ុយក្រែននៅពេលនេះ លោកក៏ប្រព្រឹត្តអំពីឧក្រិដ្ឋលើប្រជារាស្ត្ររបស់លោកផ្ទាល់ដែរ»។
លោកប្រធានាធិបតី Biden មានប្រសាសន៍ថា ប្រជារាស្ត្ររុស្ស៊ីនិងប្រជារាស្ត្រនៅទូទាំងពិភពលោកកាន់ទុក្ខមរណភាពលោក Alexei Navalny ពីព្រោះលោកក្លាហាន មានគោលការណ៍និងប្តេជ្ញាចិត្តក្នុងការកសាងប្រទេសរុស្ស៊ីមួយដែលនៅទីនោះនីតិរដ្ឋត្រូវបានអនុវត្តដោយស្មើភាព។ លោកប្រធានាធិបតីបានមានប្រសាសន៍ទៀតថាលោក Navalny ដឹងថា «វាជាបុព្វហេតុមួយស័ក្តិសមនឹងប្រយុទ្ធការពារនិងស្លាប់ដើម្បីបុព្វហេតុនេះ»៕