តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
មានរយៈពេលពីរឆ្នាំមកហើយចាប់តាំងពីពួកនាយទាហានក្នុងរដ្ឋាភិបាលរុស្ស៊ីបានប៉ុនប៉ងធ្វើឃាតមេដឹកនាំក្រុមប្រឆាំងកាន់លទ្ធិប្រជាធិបតេយ្យ លោក Aleksey Navalny ដោយប្រើសារធាតុពុលធ្វើឱ្យខូចសរសៃប្រសាទឈ្មោះ Novichok នៅលើដែនដីរុស្ស៊ី។ នៅពេលលោក Navalny បានរស់រានជីវិតពីការវាយប្រហារយ៉ាងគឃ្លើន ហើយបានវិលត្រឡប់យ៉ាងក្លាហានទៅកាន់ប្រទេសរុស្ស៊ីវិញក្រោយពីសុខភាពរបស់លោកបានល្អប្រសើរជាងមុននៅឯប្រទេសក្រៅ អាជ្ញាធរវិមានក្រឹមឡាំងបានចាប់លោកដាក់ពន្ធនាគារដោយគ្មានអៀនខ្មាសពីបទចោទប្រកាន់ទាក់ទិននឹងនយោបាយ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសស.រ.អ.«បានថ្កោលទោសជាថ្មីម្ដងទៀតដល់ការប្រើអាវុធគីមីដោយប្រទេសរុស្ស៊ីក្នុងការបំពុលអ្នកប្រឆាំងខាងនយោបាយ ហើយលោកបានអំពាវនាវដល់វិមានក្រឹមឡាំងឱ្យរំលាយកម្មវិធីអាវុធគីមីរបស់ខ្លួនចោល»។
ស.រ.អ.ចូលរួមជាមួយក្រុមគ្រួសាររបស់លោក Navalny សហការី និងក្រុមអ្នកគាំទ្រលោកនៅទូទាំងពិភពលោកក្នុងការអំពាវនាវឱ្យមានការដោះលែងលោកជាបន្ទាន់។
ក្រុមសកម្មជនរុស្ស៊ីឯទៀតៗក៏បានរងគ្រោះដោយជោគវាសនាប្រហែលគ្នានេះដែរ។ កាលពីខែមេសា អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនលោក Vladimir Kara-Murza អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនិងជាអ្នករិះគន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅតាមដងផ្លូវជិតអគារស្នាក់នៅរបស់លោកក្នុងទីក្រុងមូស្គូ។ នៅពេលលោកស្ថិតក្នុងការឃុំឃាំងដោយសារការបំពានខាងរដ្ឋបាលមួយដែលត្រូវបានគេប្រតិដ្ឋ ពួកគេបានចោទប្រកាន់លោកពីបទ«ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយចេតនា»អំពីកងយោធពលរុស្ស៊ី។ នៅពេលនេះលោក Kara-Murza កំពុងស្ថិតក្នុងការឃុំឃាំងមុនការកាត់ក្តី ហើយលោកអាចប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំប្រសិនបើតុលាការរកឃើញថា លោកមានទោសពៃរ៍។
នេះមិនមែនជាលើកទីមួយទេដែលវិមានក្រឹមឡាំងបានធ្វើទុក្ខបុកម្នេញលោក Kara-Murza។ លោកត្រូវបានបំពុលចំនួនពីរដងរួចមកហើយគឺកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៧ ហើយលោកបានភ្លឹកបាត់ស្មារតីមិនដឹងខ្លួន។ ការប៉ុនប៉ងទាំងនេះមកលើជីវិតលោកត្រូវបានយល់ឃើញជាទូទៅថាជាការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលរុស្ស៊ីអំពីកិច្ចការរបស់លោកស្តីពីច្បាប់ Magnitsky ដែលដាក់ទណ្ឌកម្មលើក្រុមអ្នករំលោភលើសិទ្ធិមនុស្សរុស្ស៊ី។
ចាប់តាំងពីចាប់ផ្ដើមបើកការលុកលុយរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនមក អាជ្ញាធរវិមានក្រឹមឡាំងបានបង្កើនការបង្ក្រាបលើក្រុមប្រឆាំងនិងបណ្តាញព័ត៌មានឯករាជ្យក្នុងប្រទេសរុស្ស៊ី ដោយរួមមានតាមរយៈច្បាប់ស្តីពីការរឹតត្បិតដែលមានការដាក់ទោសជាប់ពន្ធនាគារផងដែរ។ វិមានក្រឹមឡាំងស្វះស្វែងបញ្ចៀសប្រជាជនរុស្ស៊ីមិនឱ្យដឹងអំពីអំពើហិង្សាដែលកងកម្លាំងខ្លួនបានធ្វើលើជនស៊ីវិលអ៊ុយក្រែននោះទេ និងមិនឱ្យជនជាតិរុស្ស៊ីដឹងអំពីចំនួនទាហានរុស្ស៊ីដែលស្លាប់ច្រើននាក់នៅក្នុងសង្គ្រាមដ៏មិនត្រឹមត្រូវមួយនេះ។
លោក Price បានបញ្ជាក់ជាថ្មីអំពី«សាមគ្គីភាពរបស់ស.រ.អ.ជាមួយលោក Aleksey Navalny លោក Vladimir Kara-Murza និងអ្នកទោសនយោបាយឯទៀតៗនៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងពលរដ្ឋរុស្ស៊ីក្លាហានរាប់ពាន់នាក់ដែលហ៊ានចេញមុខប្រឆាំងនឹងការកុហករបស់វិមានក្រឹមឡាំង បើទោះជាប្រឈមមុខនឹងគ្រោះថ្នាក់ខ្លួនឯងក៏ដោយ»៕