Accessibility links

Breaking News

បទវិចារណកថា៖ សេរីភាព​បណ្តាញ​ព័ត៌មាន​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ


រូបឯកសារ៖ សកម្មជន​កាន់​ផ្ទាំង​បដា​ពាក្យស្លោក​អំឡុង​ពេល​បាតុកម្ម​នៅ​ប្រទេស​ហ្វីលីពីន។
រូបឯកសារ៖ សកម្មជន​កាន់​ផ្ទាំង​បដា​ពាក្យស្លោក​អំឡុង​ពេល​បាតុកម្ម​នៅ​ប្រទេស​ហ្វីលីពីន។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោកស្រី​ Samantha Power​ ​អភិបាល​ទីភ្នាក់ងារ​ស.រ.អ.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) ​បាន​កត់​សម្គាល់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក Alexis de Tocqueville​ អ្នក​ការទូត​ ​ទស្សនវិទូ​នយោបាយ​ និង​ជា​អ្នក​ប្រវត្តិ​សាស្ត្រ​បារាំង​កាលពី​សត​វត្សរ៍​ទី​១៩​ បាន​មាន​ប្រសាសន៍​ថា​ «បណ្តាញ​ផ្សាយ​ព័ត៌មាន​ជួយឱ្យ​យើង​ថែរក្សា​អារ្យធម៌»។ ​លោកស្រី​បាន​និយាយថា ​«នេះ​ជា​ការ​សរសើរ​ដ៏​ខ្ពង់ខ្ពស់ និង​ជា​ការ​និយាយ​អំពី​ការ​ចាំបាច់​មិនអាច​គ្មាន» បណ្តាញ​ព័ត៌មាន។​

ហើយ​លោកស្រី​បាន​គូស​បញ្ជាក់​ថា ​«បណ្តាញ​ព័ត៌មាន​សេរីកំពុង​ប្រឈម​នឹង​ឧបសគ្គ​ច្រើន​នៅ​ពេល​នេះ។ ​ឧបសគ្គ​មួយ​ក្នុងបណ្តា​ឧបសគ្គ​ទាំង​នេះ​...គឺ​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ពី​ពួក​អ្នក​កាន់​អំណាច​ផ្តាច់ការ‍»។​

លោកស្រី ​Samantha Power ​បាន​និយាយ​ថា៖​ «ពួកផ្តាច់​ការយកបណ្តាញ​ព័ត៌មាន​ឯករាជ្យ​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ ពីព្រោះព័ត៌មាន​ធ្វើឱ្យ​យើង​មាន​អំណាច​ គឺ​មិន​មែន​ដូច​ជា​ពួក​អ្នក​កាន់​អំណាច​ផ្តាច់​ការ​និយាយថា បណ្តាញ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​ជា​មេរោគនោះ​ទេ។ ​គេ​និយាយ​ដូច្នេះ ​គឺ​ដើម្បីគ្រប់គ្រងសង្កត់​សង្កិន។​ ទោះជា​ប្រជារាស្ត្រកំពុង​ទប់ទល់​នឹងការ​បំពាន ​កំពុង​ធ្វើ​យុទ្ធនាការ​ជ្រើសរើស​អ្នក​កែ​ទម្រង់​ជំនួស​ពួក​មេដឹកនាំ​ពុក​រលួយ​ ​ កំពុង​ប្រឹង​ប្រែង​ដោះស្រាយ​បញ្ហាអាកាសធាតុ​ប្រែប្រួល​ក៏​ដោយ​ ​ក៏សកម្មភាព​រួមគ្នា​ប្រាកដ​ជា​មិន​អាច​ចាប់​ផ្តើម​ធ្វើ​បាន ដោយ​មិន​មាន​ការ​ស្វែង​យល់រួមគ្នា​អំពី​ឧបសគ្គ និង​ឱកាសនៅ​ខាង​មុខ​យើង‍​នោះ​ទេ»។

អ្នកស្រី​អភិបាល​ Power ​បាន​ថ្លែង​ថា ​«អ្វី ដែល​គួរកត់​សម្គាល់ ហើយ​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្តិច​បន្តួច​នោះ​បង្ហាញថា​ ក្នុង​ចំណោម​កត្តា​ចុះ​ថយ​ខាងសិទ្ធិ​មនុស្ស​ និង​សេរីភាព​ពលរដ្ឋ​នោះ សេរីភាព​នៃ​បណ្តាញ​ព័ត៌មាន​និងសេរីភាព​ខាង​ការ​និយាយ​ស្តី​បញ្ចេញមតិបាន​ចុះ​ថមថយ​ជាង​គេ‍»។​ នេះ​បើ​តាម​ការ​តាម​ដាន​ដោយក្រុម​ស្រាវជ្រាវ ​Freedom House‍។​

លោកស្រី​ Power បានពោល​ថា៖​ «កាល​ពី​១៧​ឆ្នាំ​កន្លង​ទៅនេះ​ ​ចំនួន​ប្រទេសដែល​ទទួល​ពិន្ទុសូន្យ​ក្នុង​បណ្តា​ពិន្ទុ​បួនទាក់ទង​នឹង​សេរីភាពបណ្តាញ​ព័ត៌មានកើន​ឡើងពីរ​ដងគឺ​ឡើង​ពី​ចំនួន​ប្រទេស​ ១៤ ដល់​៣៣​ប្រទេស។ ​នេះបើ​តាម​សន្ទស្សន៍សេរីភាព​បណ្តាញ​ព័ត៌មាន។​ ​ការ​ធ្លាក់ចុះ​នេះស៊ី​គ្នា​នឹង​សន្ទស្សន៍​ធ្លាក់​ចុះសេរីភាពនេះ​រយៈ​ពេល ១៧ ​ឆ្នាំ​បន្ត​បន្ទាប់គ្នា។ ពួក​អ្នក​មាន​អំណាច​ ដែល​ស្វះស្វែងគ្រប់គ្រង​ស្ថានភាព​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដើម្បី​កម្ចាត់​ការណ៍ពិត។ ​ពួក​គេ​បិទ​មាត់​ក្រុម​អ្នក​កាសែត‍»។​

ឧបសគ្គទីពីរ​នៃ​បណ្តាញព័ត៌មាន​ឯករាជ្យ​ គឺវិបត្តិ​ហិរញ្ញ​វត្ថុ​បណ្តាល​មក​ពីការ​ប្រែប្រួល​ឆាប់​រហ័ស​នៃ​បរិយាកាស​បណ្តាញ​ផ្សាយ​ព័ត៌មាន។ ​លោកស្រី ​Samantha Power ​បាននិយាយថា​ ស.រ.អ.​ «ធ្វើ​ជា​ដៃគូ​ជា​មួយ​ពួក​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ដូច​គ្នាក្នុង​ការទទួល​ស្គាល់​ឧបសគ្គ​ទាំង​នេះ​ និង​ស្វែង​រក​ដំណោះស្រាយ​បញ្ហាទាំង​នេះ‍»។​

ទីភ្នាក់ងារ​ USAID ​បានធ្វើ​ជា​ដៃគូ​ជា​មួយក្រុមហ៊ុន​ Microsoft, Internews និងក្រុមហ៊ុន​ព្រមទាំង​អង្គការ​នានា ដើម្បី​បង្កើតភាព​ដៃគូរវាង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជនដើម្បី​ជួយ​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មានតូច​តាច ឱ្យ​ធ្វើអន្តរកាលទៅ​កាន់​ការ​ចុះ​ឈ្មោះ​ជាវ​តាម​អ៊ីនធឺណិតដើម្បី​ជួយ​ឱ្យ​បណ្តាញ​ព័ត៌មាន​ទាំង​នេះដំណើរ​ការ​បាន​ស្រួល​និង​រកបាកកម្រៃ​ផង​ដែរ។​

បន្ទាប់​មក​ក៏​មានពួកពុក​រលួយនិង​ពួក​សង្កត់​សង្កិនដែល​បាន​ប្រើ​ពាក្យ​បណ្តឹង​ដើម្បី​ធ្វើ​ឱ្យ​បណ្តាញ​ព័ត៌មាន​ឯករាជ្យតូចតាច​ មាន​ប្រាក់​តិច​តួចដួល​រំលំ ចេញផ្សាយ​លែង​កើត។ ​ដើម្បីជួយ​បណ្តាញ​ព័ត៌មានទាំង​នេះ​ឱ្យ​ការពារ​ខ្លួន​ និង​បន្តការ​បោះ​ពុម្ពផ្សាយ​ត​ទៅ​ទៀត ​ទីភ្នាក់ងារ​ USAID ​និង​ដៃគូ​ បាន​បង្កើតអង្គការ ​Reporters Shield ​ដែល​ជា​មូលនិធិ​ធានា​រ៉ាប់រង​សាធារណៈ​សម្រាប់​ការពារ​ក្រុម​អ្នក​កាសែត​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​បំបិទ​មាត់​ពួក​គេ។​

អ្នកស្រី​អភិបាល ​Power ​បាន​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ចង់​ប្រើ​ឱកាស​នេះ​ដើម្បីធ្វើការ​អំពាវ​នាវ​ឱ្យ​មាន​សកម្មភាព​របស់​ជន​គ្រប់រូប​ដែល​យល់​ថា ​ការណ៍​នេះមាន​សារៈ​សំខាន់​ ហើយ​ចង់​មាន​ការ​រួម​ចំណែក ​សូមឱ្យចូលរូម​ជា​មួយ​យើង‍»៕

XS
SM
MD
LG