តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ៣ខែក្រោយពីបានចាញ់ការបោះឆ្នោតថ្នាក់ជាតិយ៉ាងច្រើន យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារ ហើយបានចាប់ខ្លួនក្រុមមេដឹកនាំស៊ីវិលដែលបានជាប់ឆ្នោតនៅក្នុងប្រទេស។ ប្រជាពលរដ្ឋមីយ៉ាន់ម៉ាភាគច្រើនបានធ្វើបាតុកម្មតវ៉ាដែលភាគច្រើនធ្វើឡើងដោយសន្តិវិធីរហូតមកដល់សព្វថ្ងៃ។
ហើយមកទល់សព្វថ្ងៃនេះ របបយោធាមីយ៉ាន់ម៉ានៅតែព្យាយាមបង្ក្រាបអ្នកតវ៉ាដោយប្រើវិធីឃោរឃៅកាន់តែខ្លាំងឡើង។ សេចក្ដីថ្លែងការណ៍រួមថ្កោលទោសទង្វើរបស់របបយោធាមីយ៉ាន់ម៉ាដែលបានចុះហត្ថលេខាដោយសមាជិកចំនួន ១៣ ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ បានកត់សម្គាល់ថា៖ «នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានអំពើហិង្សាកើតឡើងឥតស្រាកស្រាន្តនៅទូទាំងប្រទេសមីយ៉ាន់ម៉ា»។ ប្រទេសរុស្ស៊ីនិងចិនដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាឥណ្ឌាដែលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សានេះផងដែរ ដែលអាណត្តិរបស់ខ្លួនបានបញ្ចប់ទៅ មិនបានបោះឆ្នោតលើសេចក្ដីថ្លែងការណ៍រួមនេះ។
សេចក្ដីថ្លែងការណ៍រួមនេះបានលើកឡើងថា៖ «អស់រយៈពេលជាងពីរឆ្នាំកន្លះមកនេះ តាំងពីពេលដែលយោធាមីយ៉ាន់ម៉ាបានដាក់ប្រទេសនៅក្នុងស្ថានភាពអាសន្នកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ យើងនៅតែមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផលប៉ះពាល់នៃស្ថានការណ៍នេះលើប្រជាពលរដ្ឋមីយ៉ាន់ម៉ា»។
អ្នកតំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Linda Thomas-Greenfield បានថ្លែងថា៖ «របាយការណ៍ចុងក្រោយបង្អស់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាបានសន្និដ្ឋានថា របបយោធាមីយ៉ាន់ម៉ាបានដៅគោលដៅវាយប្រហារជាបន្តឥតឈប់ឈរលើជនស៊ីវិលតាមរយៈការវាយប្រហារតាមអាកាស និងការកម្ទេចចោលនូវតំបន់ដែលមានមនុស្សរស់នៅច្រើន»។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានបន្ថែមថា របាយការណ៍ស្រដៀងគ្នានេះរបស់យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា (Independent Investigative Mechanism for Myanmar) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ «បានបញ្ជាក់ថា មានភ័ស្តុតាងរឹងមាំដែលថា យោធាមីយ៉ាន់ម៉ានិងកងជីវពលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមកាន់តែញឹកញាប់និងគ្មានអៀនខ្មាស ដែលរួមមានទាំងការវាយប្រហារដោយគ្មានរើសមុខនិងគ្មានសមាមាត្រលើជនស៊ីវិលតាមរយៈការទម្លាក់គ្រាប់បែកពីលើអាកាសផងដែរ»។
ក្នុងរយៈពេលតែពីរខែប៉ុណ្ណោះបន្ទាប់ពីរដ្ឋប្រហារ ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាបានយល់ព្រមចំពោះផែនការរបស់សមាគមអាស៊ាន (ASEAN) ដែលតម្រូវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានិងជំរុញឱ្យមានការចរចាក្នុងចំណោមភាគីទាំងអស់ដោយមានការសម្របសម្រួលពីបេសកជនរបស់អាស៊ាន។
បន្ទាប់មកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចលេខ ២៦៦៩ ដែលអំពាវនាវផងដែរឱ្យមានការបញ្ចប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ជំរុញឱ្យមានការអត់ធ្មត់ ទាមទារឱ្យមានការដោះលែងអ្នកទោសដែលឃុំឃាំងដោយខុសច្បាប់ និងអំពាវនាវឱ្យមានការអនុវត្តពេញលេញនូវផែនការរបស់សមាគមអាស៊ាន។
បើយោងតាមអង្គការសហប្រជាជាតិ គេមិនឃើញមានដំណើរវិវឌ្ឍណាមួយគ្រប់គ្រាន់ទាក់ទិននឹងការអនុវត្តសេចក្ដីសម្រេចអង្គការសហប្រជាជាតិលេខ ២៦៦៩ នោះទេ។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានថ្លែងថា៖ «អំពើឃោរឃៅដ៏សាហាវយង់ឃ្នងរបស់របបយោធាមីយ៉ាន់ម៉ាត្រូវតែបញ្ឈប់។ ដោយសារភាពដាច់អហង្ការនិងការរំលោភសិទ្ធិមនុស្សជាបន្តរបស់របបយោធាមីយ៉ាន់ម៉ា វាដល់ពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់វិធានការផ្សេងក្រៅពីសេចក្ដីសម្រេចលេខ ២៦៦៩ នេះ»។
អ្នកស្រីបានបន្ថែមថា៖ «យើងរួមសាមគ្គីជាមួយនឹងប្រជាពលរដ្ឋមីយ៉ាន់ម៉ានៅពេលដែលពួកគេអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកសន្តិភាព អភិបាលកិច្ចប្រជាធិបតេយ្យ និងនីតិរដ្ឋឡើងវិញ»៕