តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ថ្ងៃទី ២៤ ខែឧសភា កត់សម្គាល់រយៈពេល២៧ខែចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ដែលជាការបើកការប្រយុទ្ធនៅក្នុងសង្គ្រាមដ៏សាហាវឃោរឃៅនៃការដណ្តើមយកទឹកដីប្រទេសអ៊ុយក្រែនរបស់លោក Vladimir Putin។ អ្នកស្រី Izumi Nakamitsu អ្នកតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការរំសាយអាវុធបាននិយាយថា «នេះជាការបង្ហាញឱ្យឃើញរយៈពេលជាង៨០០ថ្ងៃនៃការស្លាប់ ការបំផ្លិចបំផ្លាញ ការរន្ធត់យ៉ាងខ្លាំង និងការរងទុក្ខដ៏ធំធេងសម្រាប់ប្រជាជនអ៊ុយក្រែន»។ អ្នកស្រីបានព្រមានថា «ការផ្ទេរអាវុធ និងគ្រាប់រំសេវណាមួយត្រូវតែធ្វើឡើងក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិដែលអាចអនុវត្តបាន»។
ហើយតាមការទស្សន៍ទាយដូចដែលខ្លួនមានកាលពីពេលអតីតកាល រុស្ស៊ីបានព្យាយាមជាថ្មីម្តងទៀតដើម្បីបង្វែរការស្តីបន្ទោសចំពោះសង្រ្គាមនេះដាក់ប្រទេសលោកខាងលិចចំពោះការជួយឧបត្ថម្ភដល់ប្រទេសអ៊ុយក្រែនក្នុងគោលបំណងដើម្បីការពារខ្លួន។
អ្នកតំណាងបម្រុងរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចការនយោបាយពិសេសប្រចាំនៅអង្គការសហប្រជាជាតិលោក Robert Wood បាននិយាយថា «ការក្លែងបន្លំរបស់រុស្ស៊ីដែលថាវាជាជំនួយដល់អ៊ុយក្រែន ហើយមិនមែនជាការឈ្លានពានរបស់ខ្លួនដែលកំពុងអូសបន្លាយរយៈពេលនៃសង្រ្គាមនោះ គឺជាអំពើខុសឆ្គងក៏ដូចជាការគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ចូរកុំភ្លេចថា នរណាជាអ្នកចាប់ផ្តើមសង្គ្រាមនេះ»។
លោក Robert Wood បាននិយាយថា «រុស្ស៊ីបានលុបបំបាត់យ៉ាងងាយនូវការពិតដែលមានប្រទេសជាង១៤០បានថ្កោលទោសខ្លួនម្តងហើយម្តងទៀតចំពោះការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យខ្លួនដកចេញភ្លាមៗពីទឹកដីអ៊ុយក្រែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ យើងយល់ពីការលុបបំបាត់នេះ ព្រោះការពិតគឺមិនមានភាពងាយស្រួល។ វាមិនស៊ីគ្នានឹងការរៀបរាប់របស់រដ្ឋាភិបាលក្រុងម៉ូស្គូដែលថាខ្លួនកំពុងប្រយុទ្ធជាមួយ«លោកខាងលិច»ទេ។ វាមិនស៊ីគ្នានឹងការរៀបរាប់របស់រដ្ឋាភិបាលក្រុងមូស្គូដែលថាខ្លួនជាជនរងគ្រោះដោយរបៀបណាមួយដែលខ្លួនព្យាយាមបង្ក្រាបរដ្ឋដែលជាសមាជិកអង្គការសហប្រជាជាតិមួយផ្សេងទៀតយ៉ាងព្រៃផ្សៃ»។
លោកឯកអគ្គរដ្ឋទូត Wood បាននិយាយថា ការពិតគឺថា «រុស្ស៊ីធ្វើការអំពាវនាវទៅក្រុមប្រឹក្សានេះ ខណៈពេលដែលខ្លួនបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាដោយគ្មានកោតញញើត»។ ចាប់តាំងពីខែធ្នូឆ្នាំមុនមក កងកម្លាំងរុស្ស៊ីបានប្រើប្រាស់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងដើម្បីវាយប្រហារអ៊ុយក្រែនជិត១២ដង។ រុស្ស៊ីក៏ទទួលបានសព្វាវុធពីប្រទេសអ៊ីរ៉ង់និងការគាំទ្រយ៉ាងច្រើនពីចិនផងដែរ។
លោកឯកអគ្គរដ្ឋទូត Wood បាននិយាយថា «ខ្ញុំសូមបញ្ជាក់ថា រុស្ស៊ីមិនអាចទ្រទ្រង់សង្គ្រាមរបស់ខ្លួនក្នុងការដណ្តើមយកទឹកដីដោយគ្មានការគាំទ្រនេះទេ»។
លោក Wood បាននិយាយថានៅទីបញ្ចប់«កាលពីដើមខែឧសភា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះការប្រើប្រាស់អាវុធគីមីប្រឆាំងនឹងអ៊ុយក្រែន»។
លោក Wood បានបន្តទៀតថា «យើងបានវាយតម្លៃថាកងកម្លាំងរុស្ស៊ីបានប្រើប្រាស់សារធាតុគីមី chloropicrin និងភ្នាក់ងារគ្រប់គ្រងកុបកម្មជាវិធីសាស្រ្តនៃសង្គ្រាមដើម្បីបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីទីតាំងដែលមានកំពែងដ៏រឹងមាំ។ … សហរដ្ឋអា មេរិកថ្កោលទោសក្នុងពាក្យពេជន៍ខ្លាំងបំផុតដែលអាចធ្វើទៅបានចំពោះការប្រើអាវុធគីមីនៅគ្រប់ទីកន្លែងដោយប្រទេសណាមួយក្នុងកាលៈទេសៈណាមួយ»។
លោកឯកអគ្គរដ្ឋទូត Wood បាននិយាយបន្ថែមថា «យើងជំរុញឱ្យប្រទេសទាំងអស់បញ្ឈប់កិច្ចសហប្រតិបត្តិការយោធារបស់ពួកគេជាមួយរុស្ស៊ី ដែលឆ្ពោះទៅកាន់ការគាំទ្រសង្រ្គាមឈ្លានពានខុសច្បាប់ប្រឆាំងនឹងអ៊ុយក្រែន»។
លោកឯកអគ្គរដ្ឋទូត Wood បាននិយាយបន្តទៀតថា «លុះត្រាតែរុស្ស៊ីបញ្ឈប់ការវាយប្រហារនិងដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែន បើមិនដូច្នេះទេ សហរដ្ឋអាមេរិកនឹងនៅតែតាំងចិត្តផ្តល់ឱ្យអ៊ុយក្រែននូវអ្វីដែលអ៊ុយក្រែនត្រូវការដើម្បីការពារខ្លួន ស្របតាមមាត្រាទី៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»៕