តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីប្រទេសនេះបានរងការវាយប្រហារដ៏រន្ធត់របស់ក្រុមហាម៉ាស់ (Hamas) កាលពីថ្ងៃទី ៧ ខែតុលាដែលបានធ្វើឱ្យមនុស្សជាង ១.៣០០ នាក់ស្លាប់និងមនុស្សជាច្រើនទៀតត្រូវក្រុមនេះចាប់ធ្វើជាចំណាប់ខ្មាំង។
លោកប្រធានាធិបតី Biden បានថ្លែងទៅកាន់ប្រជាពលរដ្ឋអាមេរិកាំងនៅល្ងាចនៃថ្ងៃដែលលោកត្រឡប់មកពីប្រទេសអ៊ីស្រាអែលវិញ ដោយកត់សម្គាល់ថា «អំពើអាក្រក់ទាំងស្រុងសុទ្ធសាធ» ដែលប្រព្រឹត្តឡើងដោយក្រុមហាម៉ាស់គឺជាការ «បន្ទរតាមរយៈពេលជិត ២០ ខែកន្លងមកនៃសង្គ្រាម សោកនាដកម្ម និងអំពើឃោរឃៅដែលប្រព្រឹត្ត លើប្រជាជននៃប្រទេសអ៊ុយក្រែនដែលបានរងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុតតាំងពីពេលដែល [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin បានធ្វើការឈ្លានពានពេញទំហឹង [លើអ៊ុយក្រែន] មក»។
លោកប្រធានាធិបតី Biden បាននិយាយថា៖ «ក្រុមហាម៉ាស់និងលោក Putin តំណាងឱ្យការគំរាមកំហែងផ្សេងគ្នា ប៉ុន្តែពួកគេមានចំណុចរួមដែលនោះគឺពួកគេចង់កម្ទេចចោលទាំងស្រុងនូវប្រទេសប្រជាធិបតេយ្យជិតខាង»។
លោកបានបន្ថែមថា៖ «គោលបំណងយ៉ាងជាក់ច្បាស់នៃការមានវត្តមានបន្តទៅមុខរបស់ក្រុមហាម៉ាស់គឺការបំផ្លាញរដ្ឋអ៊ីស្រាអែលនិងការសម្លាប់ជនជាតិជ្វីហ្វ។ ក្រុមហាម៉ាស់មិនមែនតំណាងឱ្យប្រជាជនប៉ាឡេស្ទីននោះទេ។ ក្រុមហាម៉ាស់បានប្រើជនស៊ីវិលប៉ាឡេស្ទីនជាខែលការពារ ហើយក្រុមគ្រួសារប៉ាឡេស្ទីនស្លូតត្រង់កំពុងរងការឈឺចាប់យ៉ាងធ្ងន់ធ្ងរដោយសារតែពួកគេ»។
ស្របពេលនេះដែរ លោកប្រធានាធិបតី Biden បាននិយាយថា លោក Putin គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនអ៊ុយក្រែនជាច្រើននិងការបំបែកចេញដោយបង្ខំនូវកុមារអ៊ុយក្រែនរាប់ពាន់នាក់ពីក្រុមគ្រួសាររបស់ពួកគេ។ លោក Putin មិនទទួលស្គាល់ថាអ៊ុយក្រែនជាប្រទេសឯករាជ្យពិតប្រាកដមួយនោះទេ។
លោកប្រធានាធិបតី Biden បានបន្ថែមថា៖ «ការធ្វើឱ្យប្រាកដថា អ៊ីស្រាអែលនិងអ៊ុយក្រែនទទួលជោគជ័យគឺសំខាន់សម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក»។
លោកប្រធានាធិបតី Biden ថ្លែងដូច្នេះថា៖ «ប្រវត្តិសាស្ត្របានបង្រៀនយើងថា នៅពេលដែលពួកភេរវករមិនទទួលនូវផលវិបាកសម្រាប់អំពើភេរវកម្មរបស់ខ្លួន នៅពេលដែលពួកមេដឹកនាំផ្ដាច់ការមិនទទួលផលវិបាកសម្រាប់ភាពគឃ្លើនរបស់ខ្លួន ពួកគេបានបង្កភាពចលាចល ការស្លាប់ និងការបំផ្លិចបំផ្លាញកាន់តែច្រើនថែមទៀត។ ពួកគេនៅតែបន្តប្រព្រឹត្តដូច្នេះ ហើយផលវិបាកនិងការគំរាមកំហែងចំពោះសហរដ្ឋអាមេរិកនិងពិភពលោកនៅតែបន្តកើនឡើង»។
លោក Biden បានលើកឡើងបន្តថា៖ «ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកគឺជាអ្វីដែលធ្វើឱ្យពិភពលោករួបរួមគ្នា»។
លោកមានប្រសាសន៍ដូច្នេះថា៖ «សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកគឺជាអ្វីដែលរក្សាសហរដ្ឋអាមេរិកឱ្យមានសុវត្ថិភាព។ គុណតម្លៃរបស់សហរដ្ឋអាមេរិកគឺជាអ្វីដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាដៃគូដែលប្រទេសផ្សេងទៀតចង់ធ្វើការជាមួយ។ ប្រសិនបើយើងដើរចេញពីអ៊ុយក្រែន ប្រសិនបើយើងបែរខ្នងដាក់អ៊ីស្រាអែល គឺវាមិនចំណេញអ្វីនោះទេដោយវានឹងធ្វើឱ្យសម្ព័ន្ធភាពនិងគុណតម្លៃរបស់សហរដ្ឋអាមេរិកប្រឈមនឹងហានិភ័យ»។
ដើម្បីបំពេញតម្រូវការសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនិងដើម្បីគាំទ្រដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលក្នុងនោះរួមទាំងអ៊ីស្រាអែលនិងអ៊ុយក្រែនផងដែរ លោកប្រធានាធិបតី Bidenបានបញ្ជូនសំណើថវិកាបន្ទាន់ទៅកាន់សភា។
លោកប្រធានាធិបតី Biden បានថ្លែងថា៖ «យើងមិនអាចនិងមិនអនុញ្ញាតឱ្យក្រុមភេរវករដូចជាក្រុមហាម៉ាស់និងជនផ្ដាច់ការដូចជាលោក Putin ឈ្នះនោះទេ។ ខ្ញុំមិនអនុញ្ញាតឱ្យករណីនេះកើតឡើងនោះឡើយ»៕