តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បន្ទាប់ពីសង្គ្រាមស៊ីវិលកើតឡើងអស់មួយឆ្នាំកន្លះកន្លងមក ដែលបានធ្វើឱ្យពលរដ្ឋអេត្យូពីរាប់ពាន់នាក់ស្លាប់ និងមនុស្សរាប់លាននាក់ទៀតរងគ្រោះតក់ស្លុត រដ្ឋាភិបាលអេត្យូពីនិងអាជ្ញាធរតំបន់ Tigray បានឯកភាពគ្នាឱ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នាបែបមនុស្សធម៌ និងការបញ្ចប់អរិភាពដើម្បីអនុញ្ញាតឱ្យមានការបញ្ជូនជំនួយដែលត្រូវការចាំបាច់ខ្លាំងបំផុតដល់ពលរដ្ឋនៃតំបន់ Tigray។
គ្រោះរាំងស្ងួតដែលបណ្ដាលមកពីភ្លៀងធ្លាក់តិចតួចក្នុងរដូវវស្សា ៣ រដូវជាប់ៗគ្នាបានបណ្ដាលឱ្យមានការប្រមូលផលបានតិចតួចនៅក្នុងប្រទេសអេត្យូពី។ សូម្បីតែនៅក្នុងពេលដែលមានសន្តិភាព ក៏ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងក្លានៅត្រូវការជំនួយស្បៀងអាហារដែរ។
ប៉ុន្តែ ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលនិងរណសិរ្សរំដោះប្រជាជន Tigray (Tigray People's Liberation Front (TPLF)) បានធ្វើឱ្យស្ថានភាពដែលអាក្រក់ស្រាប់រួចទៅហើយកាន់តែអាក្រក់បន្ថែមទៀតរហូតដល់ក្លាយទៅជាមហន្តរាយមនុស្សធម៌។
បើយោងតាមអង្គការសហប្រជាជាតិ ជាង ៩០% នៃប្រជាជនសរុបចំនួន ៥ លាន ៥ សែននាក់នៅតំបន់ Tigray កំពុងត្រូវការជំនួយស្បៀងអាហារខ្លាំងក្លាបំផុត។
ជាងនេះទៀត អ្នកដែលត្រូវការជំនួយផងដែរគឺប្រជាពលរដ្ឋនៅក្នុងតំបន់ជិតខាងតំបន់ Tigray នៅភាគខាងជើងប្រទេសអេត្យូពី ជាពិសេសនៅក្នុងរដ្ឋ Afar និងរដ្ឋ Amhara ដែលអ្នកទាំងនោះបានរងផលប៉ះពាល់ដោយសារការប្រយុទ្ធគ្នានៅតំបន់ Tigray។
ជាសរុប មនុស្សប្រហែល ៩ លាន ៤ សែននាក់នៅក្នុងប្រទេសអេត្យូពីត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។
ជំនួយមនុស្សធម៌គឺមាន ប៉ុន្តែអង្គការជំនួយនានាបានបញ្ជាក់ថា ក្បួនរថយន្តដឹកជញ្ជូនជំនួយរបស់ពួកគេបានជួបឧបសគ្គនៅក្នុងការដឹកជញ្ជូនជំនួយទៅកាន់តំបន់ Tigray ដោយសារការបិទផ្លូវនិងការវាយប្រយុទ្ធគ្នា។
តាំងពីខែធ្នូ ឆ្នាំ ២០២១ មក ជំនួយដែលអាចដឹកជញ្ជូនទៅកាន់តំបន់ Tigray បានគឺតាមរយៈយន្តហោះ ដោយរារាំងដល់ការដឹកជញ្ជូនទាំងស្បៀងអាហារនិងប្រេងឥន្ធនៈ។ ភាគីជម្លោះទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរារាំងក្បួនរថយន្តដឹកជញ្ជូនជំនួយមនុស្សធម៌។
ប៉ុន្តែ កាលពីថ្ងៃទី ២៤ ខែមីនា រដ្ឋាភិបាលអេត្យូពីបានប្រកាសអំពីកិច្ចឈប់វាយប្រយុទ្ធគ្នាគ្មានកាលកំណត់បែបមនុស្សធម៌ ហើយរណសិរ្សរំដោះប្រជាជន Tigray បានបញ្ជាក់ថា ខ្លួននឹងធ្វើការដើម្បីធានាថាកិច្ចឈប់វាយប្រយុទ្ធគ្នានេះទទួលបានជោគជ័យ។
កាលពីថ្ងៃទី ១ និងទី ២ ខែមេសា ក្បួនរថយន្តមនុស្សធម៌ពីរខ្សែរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិ ដែលជាដៃគូរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានដឹកជញ្ជូនជំនួយស្បៀងអាហារបន្ទាន់ ប្រេងឥន្ធនៈ និងគ្រឿងផ្គត់ផ្គង់ចាំបាច់ផ្សេងៗទៀតទៅកាន់តំបន់ Tigray និងតំបន់ Afar។ ជាងនេះទៀត ក្បួនរថយន្តតូចមួយរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមក៏បានដឹកជញ្ជូនជំនួយទៅកាន់តំបន់ទាំងនោះផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា៖ «សហរដ្ឋអាមេរិកស្វាគមន៍ជំហានរបស់រដ្ឋាភិបាលអេត្យូពីនិងរបស់អាជ្ញាធរតំបន់ [Tigray] នៅក្នុងការអនុវត្តកិច្ចឈប់វាយប្រយុទ្ធគ្នា។ យើងសរសើរពួកគេអំពីការបញ្ជូនជំនួយមនុស្សធម៌នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទៅជូនប្រជាពលរដ្ឋអេត្យូពីនៅក្នុងតំបន់ Tigray និងតំបន់ Afar។ ពលរដ្ឋអេត្យូពីជាង ១០០.០០០ នាក់នឹងទទួលបានស្បៀងអាហារសង្គ្រោះជីវិតពីក្បួនរថយន្តពីរខ្សែដំបូងនេះ ដែលបានចាត់ចែងនៅក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ»។
លោក Blinken បានបន្ថែមថា៖ «សហរដ្ឋអាមេរិកជំរុញគ្រប់ភាគីទាំងអស់ឱ្យផ្អែកលើការវិវឌ្ឍផ្នែកមនុស្សធម៌ដ៏វិជ្ជមាននេះ ដើម្បីចាត់វិធានការបន្ទាប់ដ៏លំបាកនៅក្នុងការសម្រេចឱ្យបានសន្តិភាពនៅភាគខាងជើងនៃប្រទេសអេត្យូពី»៕