Accessibility links

Breaking News

បទវិចារណកថា៖ កិច្ចការ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ឱ្យ​មាន​សន្តិភាព


រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield ថ្លែង​នៅឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield ថ្លែង​នៅឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ដើម្បី​ឱ្យ​មាន​សន្តិភាព ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ទទួល​បាន​អត្ថប្រយោជន៍​ស្មើៗគ្នា​ពី​ការអភិវឌ្ឍ។ ជា​ការពិត​ណាស់ ការកសាង​សន្តិភាព​ប្រកប​ដោយ​ចិរភាព​តម្រូវ​ឱ្យ​មាន​ភាពចុះសម្រុងគ្នា​នៅក្នុង​ការដោះស្រាយ​បញ្ហា​ជាច្រើន រួមទាំង​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច គុណភាព​ជីវិត សិទ្ធិ​មនុស្ស​និង​សេចក្តីថ្លៃថ្នូរ ការជឿទុកចិត្ត​លើ​រដ្ឋាភិបាល និង​រារាំង​មិនឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​គោលដៅ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា។

ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ​អ្នកស្រី Linda Thomas-Greenfield បាន​ថ្លែង​ថា៖ «នៅ​ពេល​ដែល​មនុស្ស​ទាំងអស់​នៅក្នុង​ប្រទេស​មួយ​មិន​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការអភិវឌ្ឍន៍​ស្មើៗ​គ្នា ឬ​នៅពេល​ដែល​ពួកគេ​មិន​អាច​អនុវត្ត​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​របស់​ពួកគេ​បាន​ទេ​នោះ ហានិភ័យ​នៃ​ការកើត​មាន​ជម្លោះ​ហិង្សា​នឹង​កើន​ឡើង។ ការធ្វើ​សកម្មភាព​គឺជា​រឿង​ចាំបាច់ ពីព្រោះ​យើង​បាន​ឃើញ​រួច​ទៅ​ហើយ​ថា មាន​ការលំបាក​យ៉ាងណា​ក្នុង​ការចាត់​វិធានការ បន្ទាប់​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​នោះ។ ជា​ឧទាហរណ៍ ដូច​អ្វី​ដែល​កំពុង​កើត​មាន គឺ​អសន្តិសុខ​ស្បៀង​អាហារ​សកល។ យើង​ដឹង​ហើយ​ថា សង្គ្រាម​គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំឱ្យ​មាន​ភាពស្រេក​ឃ្លាន។ ក៏ប៉ុន្តែ​យើង​ក៏​ដឹង​ដែរ​ថា ភាពស្រេកឃ្លាន​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ជម្លោះ។ វា​ជា​ការងារ​របស់​យើង​ក្នុង​ការបង្អាក់​វដ្ត​នោះ‍»។

អ្នកស្រី Thomas-Greenfield បាន​ថ្លែង​ទៀត​ថា៖ «នៅ​ឆ្នាំ២០២២ សហរដ្ឋ​អាមេរិក​មាន​មោទនភាព​ក្នុង​ការផ្តល់​នូវ​ចំនួន​ជាង​ពាក់​កណ្តាល​នៃ​ថវិកា​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក។ ក៏ប៉ុន្តែ យើង​មិន​គ្រាន់តែ​ឆ្លើយតប​ទៅ​នឹង​គ្រោះទុរ្ភិក្ស​នា​ពេល​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ​ទេ យើង​ក៏​ត្រូវ​ធ្វើការ​សហការ​គ្នា​ដើម្បី​រារាំង​មិន​ឱ្យ​វា​កើត​មាន​ឡើង​ទៀត​នៅក្នុង​ពេល​អនាគត មិន​ថា​ការជួយ​អភិវឌ្ឍ​ដំណាំ​ដែល​សម្រប​ទៅ​តាម​អាកាសធាតុ​និង​ការអនុវត្ត​ផ្នែក​កសិកម្ម ឬ​ក៏​ជួយ​កសិករ​ជា​លក្ខណៈ​គ្រួសារ​ឱ្យ​ទទួល​បាន​សិទ្ធិ​ទទួល​បាន​ដីធ្លី ចំណេះដឹង និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ស្មើៗគ្នា​នោះ​ឡើយ»។

យោង​តាម​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​ប្រឈមនឹង​«វិបត្តិ​ធំៗ‍» ដោយ​ក្នុង​នោះ​រួមមាន​ទាំង​បំណុល​យ៉ាង​ច្រើន​សម្បើម ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល និង​សមត្ថភាព​ក្នុង​ការជ្រើសរើស​ផ្នែក​ដែល​ត្រូវ​បែងចែក​មូលនិធិ និង​ការកើនឡើង​អតិផរណា។

អ្នកស្រី Thomas-Greenfield បាន​ថ្លែង​ទៀត​ថា៖ «នៅ​ពេល​ដែល​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​នៅក្នុង​ពិភពលោក​ចាត់ចែង​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ វា​ជា​រឿង​ចាំបាច់​ដែល​យើង… ត្រូវ​ទប់ស្កាត់ ជាជាង​ចូលរួម​ចំណែក​ឱ្យ​មាន​បំណុល​វ័ណ្ឌក និង​ភាពចលាចល​ដែល​បង្ក​ឡើង​ដោយ​បំណុល‍»។

អ្នកស្រី Thomas-Greenfield បាន​ថ្លែង​ទៀត​ថា៖ «សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​តាមរយៈ​សម្ព័ន្ធភាព​ទូលំទូលាយ​ដើម្បី​វិវឌ្ឍ​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី និង​ចំណាយ​ទឹកប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​សម្រាប់​លទ្ធភាព​ក្នុង​ការទទួល​បាន​ហិរញ្ញប្បទាន​ប្រកប​ដោយ​សុវត្ថិភាព និង​ចិរភាព ជាពិសេស​សម្រាប់​ប្រទេស​ក្រីក្រ​បំផុត‍»។

អ្នកស្រី Thomas-Greenfield បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​កំណត់​ចំណុច​អស្ថិរភាព កន្លែង​ដែល​ខ្វះ​ការអភិវឌ្ឍ​និង​ខ្វះ​សេរីភាព​មូលដ្ឋាន និង​កន្លែង​ដែល​បង្កើន​ហានិភ័យ​នៃ​ជម្លោះ‍»។

អ្នកស្រី Thomas-Greenfield បាន​ថ្លែង​ទៀត​ថា៖ «ខណៈពេល​ដែល​យើង​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដ​ថា ការអភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​គឺផ្អែក​លើ​គោលការណ៍​នៃ​ឯកសារ​គ្រឹះ​នេះ។ យើង​ទាំងអស់គ្នា​សុទ្ធតែ​មាន​ចំណែក ដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវតែ​ធ្វើការ​ដើម្បី​ធ្វើឱ្យ​មនុស្ស​គ្រប់រូប​ទទួល​បាន​ប្រយោជន៍​ស្មើៗគ្នា។ ដូច្នេះ​ទីបំផុត​យើង​អាច​យល់ដឹង​ពី​ចក្ខុវិស័យ​នៃ​ពិភពលោក​មួយ​ដែល​គ្មាន​ជម្លោះ។ អនាគត​កូន​ចៅ​របស់​យើង​អាស្រ័យ​លើ​រឿង​នេះ»៕

XS
SM
MD
LG