តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ស្ថានភាពមនុស្សធម៌សម្រាប់ប្រជារាស្ត្រអាហ្វហ្គានីស្ថាន មានភាពធ្ងន់ធ្ងរដោយមនុស្ស៦សែននាក់ដែលពាក់កណ្តាលជាកុមារ បានខ្ចាត់ព្រាត់ពីផ្ទះសំបែងដោយសារសង្គ្រាមនិងការភ័យខ្លាចអំពើហិង្សា និងការស្រេកឃ្លានដែលបានរាលដាល ដោយមានកុមារជាងមួយលាននាក់ដែលមានអាយុតិចជាង៥ឆ្នាំ មានគ្រោះថ្នាក់ដោយសារការអត់បាយ និងប្រព័ន្ធសុខាភិបាលបានដួលរលំ។
ថ្លែងទៅកាន់ជំនួបកម្រិតខ្ពស់ទីមួយអំពីស្ថានភាពមនុស្សធម៌នៅអាហ្វហ្គានីស្ថានចាប់តាំងពីក្រុមតាលីបង់បានក្តោបក្តាប់អំណាចមក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonia Guterres បានមានប្រសាសន៍ថា «ប្រជារាស្ត្រអាហ្វហ្គានីស្ថានត្រូវការជំនួយស្រោចស្រង់អាយុជីវិត។ ក្រោយពីសង្គ្រាមរាប់ទសវត្សរ៍ ការរងទុក្ខវេទនានិងអសន្តិសុខ ប្រជារាស្ត្រនេះ ប្រឈមនឹងពេលវេលាប្រកបដោយគ្រោះថ្នាក់បំផុត។ ពេលនេះ ជាពេលវេលាមួយដែលសហគមន៍អន្តរជាតិត្រូវឈរជាមួយពួកគេ»។
អ្នកស្រី Linda-Thomas Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានមានប្រសាសន៍«ច្បាស់លាស់»ប្រាប់សន្និសីទនេះថា «សហរដ្ឋអាមេរិក សន្យាផ្តល់ជំនួយមនុស្សធម៌និងគាំទ្រប្រជារាស្ត្រអាហ្វហ្គានីស្ថាន»។
អ្នកស្រីបានប្រកាសអំពីជំនួយមនុស្សធម៌ថ្មីជិត៦៤លានដុល្លារជូនដល់អ.ស.ប. និងអង្គការក្រៅរដ្ឋាភិបាលដែលនឹងបង្កើនជំនួយស.រ.អ.ដល់អាហ្វហ្គានីស្ថានក្នុងឆ្នាំសារពើពន្ធនេះដល់ចំនួន៣៣០លានដុល្លារ។ អ្នកស្រីបានមានប្រសាសន៍ថា «ថវិកានេះ នឹងជួយផ្តល់ជំនួយស្រោចស្រង់ជីវិតខាងស្បៀងអាហារ។ វានឹងបំពេញសេចក្តីត្រូវការខាងសុខាភិបាលនិងអាហារូបត្ថម្ភ។ វានឹងផ្តល់កិច្ចការពារដល់ស្ត្រី កុមារ និងក្រុមមនុស្សនៃពូជសាសន៍ផ្សេង ក្រុមជនភាគតិច និងក្រុមកាន់សាសនាផ្សេងៗផងដែរ។ ហើយជំនួយនេះ នឹងជួយកុមារច្រើនជាងមុន ដោយមានរួមបញ្ចូលក្រុមកុមារីឱ្យវិលទៅសាលារៀនវិញ។ ហើយវា នឹងផ្តល់ទឹកស្អាតសម្រាប់បរិភោគថែមទៀតផង»។
តែយ៉ាងណាក៏ដោយ ក៏អ្នកស្រីឯកអគ្គរដ្ឋទូតបាននិយាយទទូចថា ជំនួយនេះមិនគ្រប់គ្រាន់ទេសម្រាប់គាំទ្រប្រជារាស្ត្រអាហ្វហ្គានីស្ថាននិងកិច្ចខិតខំប្រឹងប្រែងរបស់អ.ស.ប.និងអង្គការក្រៅរដ្ឋាភិបាលជាដៃគូនោះ។ ប្រជារាស្ត្រអាហ្វហ្គានីស្ថានក៏ត្រូវការប្រទេសជិតខាងឱ្យបើកព្រំដែន។ ពួកគេក៏ត្រូវការក្រុមអ្នកធ្វើការមានបទពិសោធន៍ដែរ។ ប្រជារាស្ត្រនេះ ក៏ត្រូវការការសន្យាតាមពាក្យសម្តីនិងជាលាយលក្ខណ៍អក្សរដោយពួកតាលីបង់អំពីសិទ្ធិប្រតិបត្តិការនៃទីភ្នាក់ងារមនុស្សធម៌ និងអំពីការប្រព្រឹត្តទៅលើនិងសិទ្ធិនៃក្រុមជនភាគតិច ស្ត្រី និងកុមារី។
អ្នកស្រីឯកអគ្គរដ្ឋទូត Linda-Thomas Greenfield បានមានប្រសាសន៍ទៀតថា «ពាក្យសម្តីមិនគ្រប់គ្រាន់ទេ។ យើងត្រូវតែឃើញសកម្មភាព»។ អ្នកស្រីបានសម្តែងការសោកស្តាយដល់របាយការណ៍ដែលថា ពួកតាលីបង់បានរារាំង និងជ្រៀតជ្រែកដល់កិច្ចខិតខំប្រឹងប្រែងការចែកចាយជំនួយ ដោយរួមមានទាំងការហាមប្រាមមិនឱ្យពួកបុគ្គលិកស្ត្រីជួយស្រោចស្រង់ជីវិតព្រមទាំងបានធ្វើទុក្ខបុកម្នេញលើពួកអ្នកទទួល និងអ្នកចែកជំនួយផងដែរ។ អ្នកស្រីបាននិយាយថា «នេះជាការគួរឱ្យខ្លាច ហើយមិនអាចទទួលយកបានទេ»។
អ្នកស្រីឯកអគ្គរដ្ឋទូត Linda-Thomas Greenfield បានប្រកាសថា «នេះជាពេលវេលាមួយដែលសហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នា។ ចូរយើងសន្យានៅថ្ងៃនេះថា ត្រូវតែបំពេញតាមការអំពាវនាវសុំការគាំទ្រខាងហិរញ្ញវត្ថុជាបន្ទាន់នេះ។ យើងត្រូវតែសន្យាឈរជាមួយក្រុមអ្នកធ្វើការខាងមនុស្សធម៌ដែលពួកគេធ្វើការងារសំខាន់ទាំងអស់របស់ពួកគេ និងបង្កើនសកម្មភាពមនុស្សធម៌ក្នុងប្រទេសអាហ្វហ្គានីស្ថានដើម្បីឱ្យយើងអាចជួយជីវិតប្រជារាស្ត្រអាហ្វហ្គាស្ថានដែលមានការខ្វះខាតច្រើន»៕