តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកស្រី Samantha Power អភិបាលទីភ្នាក់ងារស.រ.អ.សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានកត់សម្គាល់កាលពីពេលថ្មីៗនេះថា លោក Alexis de Tocqueville អ្នកការទូត ទស្សនវិទូនយោបាយ និងជាអ្នកប្រវត្តិសាស្ត្របារាំងកាលពីសតវត្សរ៍ទី១៩ បានមានប្រសាសន៍ថា «បណ្តាញផ្សាយព័ត៌មានជួយឱ្យយើងថែរក្សាអារ្យធម៌»។ លោកស្រីបាននិយាយថា «នេះជាការសរសើរដ៏ខ្ពង់ខ្ពស់ និងជាការនិយាយអំពីការចាំបាច់មិនអាចគ្មាន» បណ្តាញព័ត៌មាន។
ហើយលោកស្រីបានគូសបញ្ជាក់ថា «បណ្តាញព័ត៌មានសេរីកំពុងប្រឈមនឹងឧបសគ្គច្រើននៅពេលនេះ។ ឧបសគ្គមួយក្នុងបណ្តាឧបសគ្គទាំងនេះ...គឺការវាយប្រហារយ៉ាងខ្លាំងពីពួកអ្នកកាន់អំណាចផ្តាច់ការ»។
លោកស្រី Samantha Power បាននិយាយថា៖ «ពួកផ្តាច់ការយកបណ្តាញព័ត៌មានឯករាជ្យជាទីដៅនៃការវាយប្រហារ ពីព្រោះព័ត៌មានធ្វើឱ្យយើងមានអំណាច គឺមិនមែនដូចជាពួកអ្នកកាន់អំណាចផ្តាច់ការនិយាយថា បណ្តាញផ្សាយព័ត៌មានឯករាជ្យជាមេរោគនោះទេ។ គេនិយាយដូច្នេះ គឺដើម្បីគ្រប់គ្រងសង្កត់សង្កិន។ ទោះជាប្រជារាស្ត្រកំពុងទប់ទល់នឹងការបំពាន កំពុងធ្វើយុទ្ធនាការជ្រើសរើសអ្នកកែទម្រង់ជំនួសពួកមេដឹកនាំពុករលួយ កំពុងប្រឹងប្រែងដោះស្រាយបញ្ហាអាកាសធាតុប្រែប្រួលក៏ដោយ ក៏សកម្មភាពរួមគ្នាប្រាកដជាមិនអាចចាប់ផ្តើមធ្វើបាន ដោយមិនមានការស្វែងយល់រួមគ្នាអំពីឧបសគ្គ និងឱកាសនៅខាងមុខយើងនោះទេ»។
អ្នកស្រីអភិបាល Power បានថ្លែងថា «អ្វី ដែលគួរកត់សម្គាល់ ហើយដែលមានការយកចិត្តទុកដាក់បន្តិចបន្តួចនោះបង្ហាញថា ក្នុងចំណោមកត្តាចុះថយខាងសិទ្ធិមនុស្ស និងសេរីភាពពលរដ្ឋនោះ សេរីភាពនៃបណ្តាញព័ត៌មាននិងសេរីភាពខាងការនិយាយស្តីបញ្ចេញមតិបានចុះថមថយជាងគេ»។ នេះបើតាមការតាមដានដោយក្រុមស្រាវជ្រាវ Freedom House។
លោកស្រី Power បានពោលថា៖ «កាលពី១៧ឆ្នាំកន្លងទៅនេះ ចំនួនប្រទេសដែលទទួលពិន្ទុសូន្យក្នុងបណ្តាពិន្ទុបួនទាក់ទងនឹងសេរីភាពបណ្តាញព័ត៌មានកើនឡើងពីរដងគឺឡើងពីចំនួនប្រទេស ១៤ ដល់៣៣ប្រទេស។ នេះបើតាមសន្ទស្សន៍សេរីភាពបណ្តាញព័ត៌មាន។ ការធ្លាក់ចុះនេះស៊ីគ្នានឹងសន្ទស្សន៍ធ្លាក់ចុះសេរីភាពនេះរយៈពេល ១៧ ឆ្នាំបន្តបន្ទាប់គ្នា។ ពួកអ្នកមានអំណាច ដែលស្វះស្វែងគ្រប់គ្រងស្ថានភាពបានផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីកម្ចាត់ការណ៍ពិត។ ពួកគេបិទមាត់ក្រុមអ្នកកាសែត»។
ឧបសគ្គទីពីរនៃបណ្តាញព័ត៌មានឯករាជ្យ គឺវិបត្តិហិរញ្ញវត្ថុបណ្តាលមកពីការប្រែប្រួលឆាប់រហ័សនៃបរិយាកាសបណ្តាញផ្សាយព័ត៌មាន។ លោកស្រី Samantha Power បាននិយាយថា ស.រ.អ. «ធ្វើជាដៃគូជាមួយពួកប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដូចគ្នាក្នុងការទទួលស្គាល់ឧបសគ្គទាំងនេះ និងស្វែងរកដំណោះស្រាយបញ្ហាទាំងនេះ»។
ទីភ្នាក់ងារ USAID បានធ្វើជាដៃគូជាមួយក្រុមហ៊ុន Microsoft, Internews និងក្រុមហ៊ុនព្រមទាំងអង្គការនានា ដើម្បីបង្កើតភាពដៃគូរវាងវិស័យសាធារណៈនិងវិស័យឯកជនដើម្បីជួយក្រុមហ៊ុនបណ្តាញព័ត៌មានតូចតាច ឱ្យធ្វើអន្តរកាលទៅកាន់ការចុះឈ្មោះជាវតាមអ៊ីនធឺណិតដើម្បីជួយឱ្យបណ្តាញព័ត៌មានទាំងនេះដំណើរការបានស្រួលនិងរកបាកកម្រៃផងដែរ។
បន្ទាប់មកក៏មានពួកពុករលួយនិងពួកសង្កត់សង្កិនដែលបានប្រើពាក្យបណ្តឹងដើម្បីធ្វើឱ្យបណ្តាញព័ត៌មានឯករាជ្យតូចតាច មានប្រាក់តិចតួចដួលរំលំ ចេញផ្សាយលែងកើត។ ដើម្បីជួយបណ្តាញព័ត៌មានទាំងនេះឱ្យការពារខ្លួន និងបន្តការបោះពុម្ពផ្សាយតទៅទៀត ទីភ្នាក់ងារ USAID និងដៃគូ បានបង្កើតអង្គការ Reporters Shield ដែលជាមូលនិធិធានារ៉ាប់រងសាធារណៈសម្រាប់ការពារក្រុមអ្នកកាសែត និងអង្គការក្រៅរដ្ឋាភិបាលប្រឆាំងនឹងការគំរាមកំហែងបំបិទមាត់ពួកគេ។
អ្នកស្រីអភិបាល Power បានមានប្រសាសន៍ថា៖ «ខ្ញុំចង់ប្រើឱកាសនេះដើម្បីធ្វើការអំពាវនាវឱ្យមានសកម្មភាពរបស់ជនគ្រប់រូបដែលយល់ថា ការណ៍នេះមានសារៈសំខាន់ ហើយចង់មានការរួមចំណែក សូមឱ្យចូលរូមជាមួយយើង»៕