បទវិចារណកថា៖ បញ្ហា​ប្រឈម​កើនឡើង​លើ​ផ្នែក​អសន្តិសុខ​ស្បៀង​អាហារ​ពិភពលោក

រូបឯកសារ៖ មនុស្ស​មួយ​ចំនួន​កំពុង​រង់ចាំ​អាហារ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​បាន​ឡើង​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ខែ​សីហា​នេះ ហើយ​បាន​ផ្ដោត​ភ្លាមៗ​លើ​ការ​ដោះស្រាយ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​ពិភពលោក។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា៖ «ឥឡូវ​នេះ មនុស្ស​ប្រហែល ២៦០ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​កំពុង​ជួប​ប្រទះ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​ធ្ងន់ធ្ងរ»។

លោក Blinken ថ្លែង​បន្ត​ថា៖ «បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​ផ្ទាល់​បង្ក​ឱ្យ​មាន​ជម្លោះ​និង​ចំណាក​ស្រុក​ដោយ​បង្ខំ។ វា​បង្អាក់​ដល់​ការ​រីក​ចម្រើន​ទាំង​ការ​រីក​ចម្រើន​ផ្លូវ​កាយ​និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច។ វា​បង្អាក់​ដល់​ដំណើរ​វិវឌ្ឍន៍​របស់​ប្រទេស​និង​ប្រជាជន»។

លោក​បាន​បន្ថែម​ថា៖ «នៅ​ជ្រុង​ម្ខាង​ទៀត​នៃ​បញ្ហា​នេះ​គឺ​យើង​ឃើញ​មាន​ការ​កើន​ឡើង​នូវ​ការ​ប្រើ​ប្រាស់​ស្បៀង​អាហារ​ជា​អាវុធ​នៃ​សង្គ្រាម សម្រាប់​ការ​មាន​ប្រៀប សម្រាប់​គោល​បំណង​នយោបាយ​នៅ​ក្នុង​ជម្លោះ​ពី​មួយ​ទៅ​មួយ។ ...យើង​ទើប​នឹង​មាន​ប្រទេស​ចំនួន ៩១ ដែល​ប្ដេជ្ញា​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ដើម្បី​បញ្ចប់​ការ​ប្រើប្រាស់​ស្បៀង​អាហារ​ជា​អាវុធ​នៃសង្គ្រាម។ ការ​ប្ដេជ្ញា​នេះ​គឺ​ជា​ការ​បញ្ជាក់​ដ៏​មាន​ឥទ្ធិពល​មួយ ហើយ​យើង​ជំរុញ​ប្រទេស​ដទៃ​ទៀត​ឱ្យ​ចូលរួម»។

ករណី​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ទី​នោះ ប្រទេស​រុស្ស៊ី ដែល​បាន​ដក​ខ្លួន​ចេញ​ពី​គម្រោង​ផ្ដួចផ្ដើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ (Black Sea Grain Initiative) ដែល​ជា​គម្រោង​មួយ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​អាច​នាំចេញ​ស្បៀង​អាហារ​បាន បាន «សំដៅ​វាយ​ប្រហារ​ដោយ​ចេតនា​លើ​ឃ្លាំង​ស្បៀង​អាហារ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដោយ​បាន​បំផ្លាញ​ស្បៀង​អាហារ​ក៏​ដូចជា​មធ្យោបាយ​នៃ​ការ​ផលិត​ស្បៀង​អាហារ​ទាំង​នោះ​ផង​ដែរ»។

ទង្វើ​របស់​រុស្ស៊ី​ទាំង​នេះ​ជះ​ផល​វិបាក​ធ្ងន់ធ្ងរ​លើ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​នៅ​ជុំវិញ​ពិភពលោក។

លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​ថា៖ «ក្នុង​ពេល​មួយ​ឆ្នាំ​កន្លះ​កន្លង​មក​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ស្បៀង​អាហារ​បន្ថែម​ចំនួន ១៤,៥ ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក។ សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​រួម​ចំណែក​ច្រើន​ជាង​គេ​បំផុត​ចំពោះ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) របស់​អង្គការ​សហប្រជាជាតិ គឺ​ចំនួន ៥០% នៃ​ថវិកា​សរុប​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ»។

លោក Blinken បាន​លើកឡើង​បន្ត​ថា៖ «ប៉ុន្តែ សម្រាប់​ជំនួយ​បន្ទាន់​ទាំង​អស់​ដែល​យើង​កំពុង​ផ្ដល់​ជូន និង​ប្រទេស​ដទៃ​ទៀត​កំពុង​ផ្ដល់​ជូន គឺ​វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ។ អង្គការ​សហប្រជាជាតិ​និង​ជាពិសេស​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​បាន​តាំងចិត្ត​ថា នៅ​ពេល​ឥឡូវ​នេះ យើង​ត្រូវការ​ដោះស្រាយ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​សម្រាប់​មនុស្ស​ជាង ១០០ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក»។

លោក​បាន​បន្ថែម​ថា៖ «នៅ​ទីបំផុត យើង​ក៏​ត្រូវតែ​មាន​ទស្សនៈ​រយៈពេល​វែង​ផង​ដែរ»។

លោក​រដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «នៅ​ត្រឹម​ឆ្នាំ ២០៥០ គេ​ប៉ាន់​ប្រមាណ​ថា ប្រជាជន​នៃ​ភព​ផែនដី​នេះ​នឹង​អាច​កើន​ដល់​ចំនួន ១០ ពាន់​លាន​នាក់។ [ដូច្នេះ] តម្រូវការ​ស្បៀង​អាហារ​គឺ​ទំនងជា​នឹង​កើនឡើង​ចំនួន ៥០% ជាង​ពេល​សព្វថ្ងៃ​នេះ។ ប៉ុន្តែ ទិន្នផល​នានា​ដែល​ជា​អ្វី​ដែល​កំពុងតែ​ផលិត​ឡើង​គឺ​កំពុង​ធ្លាក់ចុះ មិន​មែន​កើនឡើង​នោះ​ទេ»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «យើង​ត្រូវតែ ហើយ​យើង​កំពុង​ដោះស្រាយបញ្ហា​ប្រឈម​នេះ។ តាម​រយៈ​កម្មវិធី​មួយ​ចំនួន​ដូចជា​កម្មវិធី​ចក្ខុវិស័យ​សម្រាប់​ដំណាំ​និង​ដី​ដែល​សម្រប​តាម​អាកាសធាតុ (Vision for Adapted Crops and Soil) ដែល​ជា​គម្រោង​ផ្ដួចផ្ដើម​ថ្មី​របស់​សហរដ្ឋ​អាមេរិក យើង​អាច​ដាំ​ដំណាំ​អាហារ​ដែល​មាន​ភាព​ធន់​និង​មាន​ជីវជាតិ​ជាង​មុន។ នេះ​គឺ​ជា​វិធី​ថ្មី​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​ធ្វើ​ឱ្យ​មាន​លទ្ធផល​ប្រសើរ​ជាង​មុន​សម្រាប់​រយៈពេល​វែង​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ច្បាស់​ថា​យើង​មាន​សមត្ថភាព​និង​ផលិតកម្ម​ផ្នែក​កសិកម្ម​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក»៕