តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
មហាសន្និបាតអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ បានបោះឆ្នោតដោយសំឡេងច្រើនលើសលប់ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិក បញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសគុយបាដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ការបោះឆ្នោតនោះបានទទួលសំឡេងគាំទ្រចំនួន១៨៧ លើសេចក្តីសម្រេចចិត្តមួយដែលគ្មានសុពលភាពខាងផ្លូវច្បាប់។ សហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែល បានបោះឆ្នោតប្រឆាំងលើសេចក្តីសម្រេចចិត្តនេះ។ ប្រទេសអ៊ុយក្រែនបានបោះឆ្នោតអនុប្បវាទ។
សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសគុយបា កាលពីទសវត្សរ៍១៩៦០ ដើម្បីជំរុញឱ្យប្រទេសនេះ ធ្វើអន្តរកាលទៅរកការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏របាយការណ៍ស្តីពីសិទ្ធិមនុស្សនាពេលថ្មីៗបំផុតរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកត់សម្គាល់ថា «ប្រទេសគុយបានៅតែប្រកាន់យកប្រព័ន្ធដឹកនាំឯកបក្ស ដែលមានគណបក្សកុម្មុយនីស្ត ជាគណបក្សនយោបាយស្របច្បាប់តែមួយគត់ នៅក្នុងប្រទេសនេះ។ ទន្ទឹមនឹងនេះដែរ របាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានឱ្យដឹងផងដែរថា ការរំលោភសិទ្ធិមនុស្សដោយរដ្ឋាភិបាលគុយបា មានលក្ខណៈធ្ងន់ធ្ងរ កើតឡើងជាច្រើនករណី និងមិនត្រូវបានស៊ើបអង្កេតនោះឡើយ។
ក្រោយការបោះឆ្នោតរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ទីប្រឹក្សាជាន់ខ្ពស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការតំបន់អឌ្ឍគោលខាងលិចលោក Paul Folmsbee កត់សម្គាល់ថា «ការដាក់ទណ្ឌកម្មជាមធ្យោបាយមួយនៅក្នុងកិច្ចប្រឹងប្រែងទូទៅចំពោះប្រទេសគុយបា ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏ដូចជាសេរីភាពជាមូលដ្ឋានផងដែរ»។
«សហរដ្ឋអាមេរិក ឈរយ៉ាងរឹងមាំជាមួយប្រជាជនគុយបា។ មានអ្នកទោសនយោបាយប្រមាណ១.០០០ នាក់ កំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសគុយបានៅឡើយ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រប្រទេសគុយបានាពេលថ្មីៗនេះ។ ក្នុងចំណោមអ្នកជាប់ឃុំឃាំងទាំងនោះ មានអ្នកទោសប្រមាណ៧០០ នាក់ ត្រូវបានចាប់ដាក់ឃុំដោយសារតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រឆាំងតវ៉ាមួយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ដែលជាការប្រឆាំងតវ៉ា ដែលមានការចូលរួមពីសមាជិកនៃក្រុមសង្គមស៊ីវិលនានា ដែលមានក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមមនុស្សមិនទាន់គ្រប់អាយុផងដែរ ដើម្បីអនុវត្តសិទ្ធិបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធីរបស់គេ។ យើងរួមចំណែកក្នុងសុបិនរបស់ប្រជាពលរដ្ឋគុយបា ដើម្បីទទួលបាននូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្លួន ក៏ដូចជាចូលរួមជាមួយដៃគូអន្តរជាតិនានា ក្នុងការអំពាវនាវដល់រដ្ឋាភិបាលគុយបាឱ្យដោះលែងជាបន្ទាន់នូវអ្នកជាប់ឃុំទាំងឡាយ ដែលត្រូវបានចាប់ដាក់គុកដោយអយុត្តិធម៌នោះ»។
ឯកអគ្គរដ្ឋទូតលោក Folmsbee ក៏បានកត់សម្គាល់ទៀតថា គុយបាមិនបានឆ្លើយតបទៅនឹងសំណើសុំបញ្ជូនអ្នកជំនាញការឯករាជ្យទៅកាន់ប្រទេសរបស់ខ្លួនឡើយ ដែលពួកគេនឹងជួយលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។ លោកនិយាយថា សំណើមួយចំនួន ត្រូវបានធ្វើឡើងអស់រយៈពេល១០ឆ្នាំកន្លងទៅហើយ។
លោកឯកអគ្គរដ្ឋទូត Folmsbee បន្តទៀតថា៖ «យើងទទួលស្គាល់ការប្រឈមដែលប្រជាជនគុយបាកំពុងជួបប្រទះ»។
«អាស្រ័យដូចនេះហើយ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសគុយបា ដោយលើកលែងការអនុញ្ញាតឱ្យនាំចូលស្បៀងអាហារ ឱសថ និងទំនិញមនុស្សធម៌ដទៃទៀត ទៅកាន់ប្រទេសគុយបា។ សហរដ្ឋអាមេរិកនៅតែជាប្រភពដ៏សំខាន់នៃការនាំទំនិញមនុស្សធម៌ដល់ប្រជាជនគុយបា និងដៃគូពាណិជ្ជកម្មដ៏ចម្បងរបស់ប្រទេសនេះ»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Folmsbee ប្រកាសថា៖ «សហរដ្ឋអាមេរិកប្រឆាំងទៅនឹងសេចក្តីសម្រេចចិត្តនេះ។ យើងលើកទឹកចិត្តដល់ស្ថាប័ននេះ ឱ្យជំរុញដល់រដ្ឋាភិបាលគុយបាឱ្យប្រកាន់ខ្ជាប់នូវកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន និងស្តាប់ប្រជាជនគុយបាស្តីពីគោលបំណងរបស់គេ ក្នុងការកំណត់អនាគតរបស់ខ្លួន»៕