បទវិចារណកថា៖ ហេតុអ្វី​បាន​ជា​មាន​វិបត្តិ​ស្បៀង​អាហារ​នៅ​លើ​ពិភពលោក?

រូបឯកសារ៖ កសិករ​ម្នាក់​កាន់ស្រូវ​សាលី​នៅឯ​កសិដ្ឋាន​ឯកជន​មួយ​ក្នុង​ប្រទេស​អ៊ុយក្រែន។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នា​ពេល​បច្ចុប្បន្ន​នេះ យើង​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​អត់​ឃ្លាន​សាកល​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​ត្រឹមតែ ២ ឆ្នាំ ចំនួន​មនុស្ស​ដែល​ប្រឈម​ ឬ​ក៏​មាន​ហានិភ័យ​ប្រឈម​នឹង​អសន្តិសុខ​ស្បៀង​អាហារ​ធ្ងន់ធ្ងរ​បាន​កើន​ឡើង​ពី ១៣៥ លាន​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន ៥៣ ទៅ​ដល់​ចំនួន ៣៤៥ លាន​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន ៧៩ នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ។

វិបត្តិ​នេះ​ត្រូវ​បាន​ជំរុញ​ឡើង​ដោយ​ព្រឹត្តិការណ៍​ចម្បងៗ​ពីរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Cary Fowler បេសកជន​ពិសេស​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​ស្បៀង​អាហារ​សាកលលោក។

លោក​បណ្ឌិត Fowler បាន​និយាយ​ថា៖ «អាកាសធាតុ​គឺ​ជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​នោះ​យ៉ាង​ពិត​ប្រាកដ។ យើង​មាន​រយៈពេល ៥៣២ ខែ​ជាប់​ៗ​គ្នា​ដែល​សីតុណ្ហភាព​ជា​មធ្យម​នៅ​លើ​សាកលលោក​សម្រាប់​ខែ​ទាំង​នោះ​កើន​លើស​សីតុណ្ហភាព​ជា​មធ្យម​កាលពី​សតវត្សរ៍​ទី ២០»។

អ្វី​ដែល​កាន់តែ​អាក្រក់​ជាង​នេះ​ទៀត​គឺ​ថា​ កាលពី ២ ឆ្នាំ​កន្លង​ទៅ យើង​ទទួល​បាន​ប្រយោជន៍​ពី​បាតុភូត​ឡានីញ៉ា (La Nina) ដែល​ជា​បាតុភូត​ធាតុអាកាស​ត្រជាក់ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ យើង​បាន​បាត់បង់​អត្ថ​ប្រយោជន៍​នោះ។

លោក Fowler បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ​យើង​កំពុង​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ដំណាក់កាល​នៃ​បាតុភូត​អែលនីញ៉ូ (El Nino) ដែល​ជា​ទំនោរ​ធាតុអាកាស​មាន​កម្ដៅ​ដែល​ប៉ះពាល់​ជា​ពិសេស​ដល់​បណ្ដា​ប្រទេស​ត្រូពិក​ជាង​បណ្ដា​ប្រទេស​ដែល​មាន​ធាតុអាកាស​ល្មម។ ...មួយ​វិញ​ទៀត ករណី​នេះ​មិន​មែន​ជា​ស្ថានភាព​ធម្មតា​នោះ​ទេ​សម្រាប់​វិស័យ​កសិកម្ម»។

សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​គឺ​ជា​កត្តា​ចម្បង​ទី​ពីរ​ដែល​បណ្ដាល​ឱ្យ​មាន​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ ជាពិសេស​ការ​សម្រេច​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​ការ​ដក​ប្រទេស​រុស្ស៊ី​ចេញ​ពី​គម្រោង​ផ្ដួចផ្ដើម​ធញ្ញជាតិ​សមុទ្រ​ខ្មៅ (Black Sea Grain Initiative)។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត Fowler។

លោក​បាន​ចោទ​ជា​សំណួរ​ដូច្នេះ​ថា៖ «តើ​អ្វី​ជា​ផល​ប៉ះពាល់​លើ​ការ​បង្អាក់​របស់​រុស្ស៊ី​ដល់​កសិកម្ម​និង​ការ​នាំចេញ​របស់​អ៊ុយក្រែន?»។

លោក​បណ្ឌិត Fowler មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ក្នុង​ចំណោម​ប្រទេស​នាំ​ចូល​កំពូល​ទាំង ១៥ នូវ​ធញ្ញជាតិ​របស់​អ៊ុយក្រែន ​គឺ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដែល​មាន​ភាគរយ​ខ្ពស់​នៃ​ការ​មាន​កុមារ​ក្រិន។ ...ជាការពិត ប្រទេស​ភាគ​ច្រើន​នៅ​លើ​ផែនដី​នេះ​គឺ​ជា​ប្រទេស​នាំចូល​ស្បៀង​អាហារ ដែល​ក្នុង​នោះ​គឺ​ប្រទេស​ចំនួន ១៣១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៩៦»។

លោក​បណ្ឌិត Fowler បាន​ថ្លែង​បន្ត​ថា៖ «បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពិតជា​ត្រូវការ​ការ​ជួយ​ជ្រោមជ្រែង​របស់​យើង​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ស្បៀង​អាហារ​កសិកម្ម​របស់​ពួកគេ។ ពួកគេ​ត្រូវការ​សន្តិសុខ​ស្បៀង​អាហារ​ដែល​រឹងមាំ»។

លទ្ធភាព​ដែល​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម​មួយ ​គឺ​កម្មវិធី​ចក្ខុវិស័យ​សម្រាប់​ដំណាំ​និង​ដី​ដែល​អាច​សម្រប​តាម​ការ​ប្រែប្រួល​អាកាសធាតុ (Vision for Adapted Crops and Soils) ដែល​ជា​កម្មវិធី​ឧបត្ថម្ភ​រួម​គ្នា​ដោយ​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​និង​សហភាព​អាហ្វ្រិក។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​បណ្ឌិត Fowler។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​កំពុង​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​នានា​នៅ​ទ្វីប​អាហ្វ្រិក​ដើម្បី​កំណត់​អំពី​ដំណាំ​ប្រពៃណី​និង​ដំណាំ​ក្នុង​ស្រុក​ដែល...មាន​សក្តានុពល​ខ្ពស់​បំផុត​នៅ​ក្នុង​ការ​បន្ថែម​ទៅ​នឹង​អាហារ​ដែល​មាន​ជីវជាតិ...នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។ យើង​កំពុង​វាយតម្លៃ​ថា ​តើ​ដំណាំ​ទាំង​នេះ​អាច​ដាំដុះ​តាម​របៀប​ណា​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ដែល​យើង​បាន​ឃើញ​រួច​ទៅ​ហើយ។ ករណី​នេះ​នឹង​ផ្ដល់​នូវ​មូលដ្ឋាន​សម្រាប់​ការ​ធ្វើការ​របស់​យើង​ជាមួយ​នឹង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​នៅ​ក្នុង​កម្មវិធី​លើក​កម្ពស់​ដំណាំ​សម្រាប់​ដំណាំ​ទាំង​នោះ»។

លោក​បណ្ឌិត Fowler បាន​បន្ថែម​ថា៖ «យើង​កំពុង​សញ្ជឹង​គិត [យ៉ាង​យូរ] អំពី​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ។ យើង​មិន​ចាំបាច់​ត្រូវ​ដក​ធញ្ញជាតិ​និង​អាហារ​ចេញ​ពី​ទីផ្សារ​នោះ​ទេ។ យើង​ចាំបាច់​ត្រូវ​ជួយ​ប្រទេស​នានា​ពង្រឹង​សន្តិសុខ​ស្បៀង​អាហារ​របស់​ពួកគេ»៕