Accessibility links

Breaking News

បទវិចារណកថា៖ រដ្ឋាភិបាល​ភូមា​ត្រូវ​បំពេញ​តាម​កិច្ចព្រមព្រៀង​៥​ចំណុច


ក្នុង​រូបថត​ដែល​ទទួល​បាន​ពី​ក្រុម​មនុស្សធម៌ Free Burma Rangers ដែល​ថត​នៅ​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បង្ហាញ​ពី​សុនខ​មួយ​ក្បាល​ដែល​កំពុង​រត់ក្បែរ​ផ្ទះ​សម្បែង​ដែល​ត្រូវ​បាន​ឆេះ បន្ទាប់ពី​ការវាយ​ប្រហារ​តាម​អាកាស និង​ការវាយ​ប្រហារ​ដោយ​កាំភ្លើងត្បាល់​ដោយ​យោធា​មីយ៉ាន់ម៉ា។
ក្នុង​រូបថត​ដែល​ទទួល​បាន​ពី​ក្រុម​មនុស្សធម៌ Free Burma Rangers ដែល​ថត​នៅ​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បង្ហាញ​ពី​សុនខ​មួយ​ក្បាល​ដែល​កំពុង​រត់ក្បែរ​ផ្ទះ​សម្បែង​ដែល​ត្រូវ​បាន​ឆេះ បន្ទាប់ពី​ការវាយ​ប្រហារ​តាម​អាកាស និង​ការវាយ​ប្រហារ​ដោយ​កាំភ្លើងត្បាល់​ដោយ​យោធា​មីយ៉ាន់ម៉ា។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា NLD ​បាន​ឈ្នះ​ឆ្នោត​ដោយបាន​ទទួលសន្លឹក​ឆ្នោត​គាំទ្រច្រើន​លើសលប់នៅក្នុង​ការ​បោះឆ្នោត​ជាតិ។​ ក្នុង​ពេល​តិច​ជាង​បី​ខែ​បន្ទាប់​មក យោធា​ភូមា​បាន​ក្តាប់​អំណាចដោយ​ត្រួត​ត្រា​រដ្ឋាភិបាលភូមានិង​ចាប់​ឃុំឃាំងពួក​មេដឹកនាំ​ប្រទេស​ ដោយ​មាន​រួម​បញ្ចូលលោកស្រី​ Aung San Suu Kyi ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​និង​លោក​ប្រធានាធិបតី​ Win Myint ព្រម​ទាំងក្រុម​សមាជិក​គណបក្ស​លោកស្រី​ផង​ដែរ។ របប​គ្រប់គ្រងនេះបាន​ធ្វើ​រដ្ឋប្រហារនៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ២០២១​ ខណៈ​ពេលដែលសភា​ទើប​ជាប់​ឆ្នោតប្រុងប្រៀប​បើក​សម័យ​ប្រជុំដំបូង​របស់​ខ្លួន។

របប​គ្រប់គ្រងនេះ​បាន​ប្រើកម្លាំង​ដ៏​ប្រល័យដើម្បី​បង្ក្រាបបាតុកម្ម​នៅ​ទូទាំង​ប្រទេស។​ បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាលមាន​ឈ្មោះ​ថា​ សមាគមជួយ​ក្រុមអ្នក​ទោស​នយោបាយ​ថា​ កង​កម្លាំង​សន្តិសុខ​ភូមា​បាន​សម្លាប់​មនុស្ស​ជាង​២.០០០ពាន់​នាក់ និង​បាន​ចាប់​ឃុំឃាំងមនុស្ស​ជាង​១៤.០០០​នាក់​តាម​អំពើ​ចិត្ត។​ កង​យោធាក៏​បាន​ពង្រីកកិច្ច​ប្រតិបត្តិការដ៏​រំលោភ​បំពាន​នៅ​ក្នុងតំបន់មាន​ក្រុមជន​អំបូរ​ភាគ​តិច​រស់​នៅ ​ដោយ​ធ្វើ​ឱ្យមនុស្ស​ជាង​៧៥០.០០០​នាក់​ត្រូវខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង​របស់ពួក​គេ។

នៅ​ក្នុងការ​ប៉ុនប៉ង​មួយដើម្បី​បញ្ឈប់ការ​បង្ហូរ​ឈាម ពួក​មេដឹកនាំនៃ​ប្រទេស​អាស៊ាន​៩​ទៀត​បាន​ជួប​ជាមួយ​ឧត្តមសេនីយ៍ Min Aung Hlaing អគ្គ​មេបញ្ជាការ​កង​យោធពល​ភូមា។ ពួក​គេ​បាន​ធ្វើឱ្យ​ឧត្តមសេនីយ៍​រូប​នេះ​យល់ព្រមតាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច (Five-Point Consensus) ដោយរបបគ្រប់គ្រង​យោធា​ភូមាបាន​យល់​ព្រម​បញ្ឈប់​អំពើ​ហិង្សា​នៅភូមា ធ្វើ​ការ​សន្ទនា​គ្នាក្នុង​ចំណោម​ភាគី​ទាំង​អស់ យល់ព្រមដល់​ការ​តែងតាំង​ប្រេសិត​ពិសេស​ម្នាក់ យល់​ព្រម​ទទួល​ជំនួយ​មនុស្សធម៌​ពី​សមាគម​អាស៊ាន​ និងអនុញ្ញាត​ឱ្យ​ប្រេសិត​ពិសេស​ជួបជាមួយភាគី​ទាំង​អស់។​

ជា​អកុសល កិច្ច​ព្រមព្រៀង​នេះ​មិន​បាន​ផ្លាស់​ប្តូរ​អ្វី​ទេ ពីព្រោះរបប​គ្រប់គ្រង​យោធានេះ​បាន​ខកខាន​មិន​បាន​ធ្វើ​តាម​ការសន្យា​របស់​ខ្លួន​ឡើយ។ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Bliken បាន​មានប្រសាសន៍​ថា៖ «ជា​អកុសលដែល​យើង​និយាយថា យើង​មិនបាន​ឃើញ​ការ​វិវត្ត​អ្វី​ជា​វិជ្ជមាន​ទេ»។​

លោក Blinken ​បាន​មានប្រសាសន៍​ថា៖ «យើង​នៅ​តែ​ឃើញ​មាន​ការ​បង្ក្រាបលើ​ប្រជាជន​ភូមា​ត​ទៅទៀត។ យើង​នៅ​តែ​ឃើញ​អំពើ​ហិង្សា​ដែលរបបគ្រប់គ្រង​នេះ​ធ្វើ​លើប្រជាជន​នេះ​តទៅ​ទៀត។ យើង​នៅ​តែ​ឃើញ​ក្រុម​ប្រឆាំង​ស្ទើរ​ទាំង​អស់​ ជាប់ឃុំឃាំងក្នុង​ពន្ធនាគារឬ​និរទេស​ខ្លួន​ត​ទៅទៀត។ ហើយ​យើង​នៅ​តែ​ឃើញ​ស្ថានភាពមនុស្សធម៌​ដ៏​អាក្រក់ត​ទៅទៀត ហើយត្រូវ​ធ្វើ​ឱ្យធ្ងន់ធ្ងរឡើង​ដោយសាររបបគ្រប់គ្រងនេះ​មិនបាន​ផ្ដល់អ្វីៗ​ជា​ចាំបាច់សម្រាប់​ប្រជាជន»។

លោក Blinken បាន​មាន​ប្រសាសន៍ទៀត​ថា៖ «យើង​នឹង​បន្ត​រក​វិធី​ដែល​យើង...និងប្រទេស​ឯទៀតៗ​អាចដាក់​ឱ្យ​មាន​សម្ពាធ​ប្រកប​ដោយ​ប្រសិទ្ធភាពលើ​របបគ្រប់គ្រង​នេះ​ឱ្យ​វិល​មក​ប្រកាន់​តាម​មាគ៌ាប្រជាធិបតេយ្យ​វិញ»។

លោករដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ Blinken បាន​និយាយ​ថា៖ «ការ​គាំទ្រក្នុង​តំបន់​ឱ្យ​របបគ្រប់គ្រង​នេះធ្វើតាមកិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច ដែលត្រូវ​តាក់តែង​ឡើង​ដោយ​សមាគម​អាស៊ាន​ មាន​សារៈសំខាន់​ណាស់។ ប្រទេស​អាស៊ាន​ទាំង​អស់​គួរ​បន្ត​ទាមទារ​ឱ្យ​មានការ​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់ ឱ្យ​មាន​ការ​ដោះលែង​ក្រុម​អ្នក​ទោស​នយោបាយ និងធ្វើ​ឱ្យ​មាន​មាគ៌ា​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ភូមា​ឡើងវិញ»។

លោក​រដ្ឋមន្ត្រី Blinken បានថ្លែង​ថា៖ «ប្រទេស​ទាំង​អស់​ត្រូវតែ​បន្ត​និយាយ​ដោយ​ច្បាស់លាស់អំពី​អ្វីដែល​របបគ្រប់គ្រងនេះ​កំពុង​ធ្វើក្នុងការ​បង្ក្រាប​និង​ការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​របស់​ពួក​គេ។ យើង​មានកាតព្វកិច្ចមួយ​ចំពោះ​ប្រជាជន​ភូមាក្នុង​ការ​ធ្វើ​ឱ្យរបប​គ្រប់គ្រង​យោធា​ភូមា​មានការទទួល​ខុស​ត្រូវ​ខ្ពស់»៕

XS
SM
MD
LG