Accessibility links

Breaking News

បទវិចារណកថា៖ លើក​កម្ពស់​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​គុយបា


រូបឯកសារ៖ បុរស​នៅក្នុង​រូប​នេះគឺជា​កម្មករ​ធ្វើការ​នៅក្នុង​កសិដ្ឋាន​មួយ​កន្លែង​នៅ​ជិត​ក្រុង Bejucal នៃ​ប្រទេស​គុយបា។
រូបឯកសារ៖ បុរស​នៅក្នុង​រូប​នេះគឺជា​កម្មករ​ធ្វើការ​នៅក្នុង​កសិដ្ឋាន​មួយ​កន្លែង​នៅ​ជិត​ក្រុង Bejucal នៃ​ប្រទេស​គុយបា។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

មហា​សន្និបាត​អង្គការ​សហប្រជាជាតិកាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​បោះឆ្នោតដោយ​សំឡេងច្រើន​លើស​លប់​ដើម្បី​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក បញ្ចប់​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចលើ​ប្រទេស​គុយបា​ដែល​មានរយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។​ ​ការ​បោះ​ឆ្នោត​នោះ​បាន​ទទួល​សំឡេង​គាំទ្រ​ចំនួន​១៨៧ លើ​សេចក្តី​សម្រេច​ចិត្តមួយ​ដែល​គ្មាន​សុពលភាព​ខាង​ផ្លូវច្បាប់​។​ ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ីស្រាអែល​ បាន​បោះឆ្នោត​ប្រឆាំង​លើ​សេចក្តី​សម្រេច​ចិត្ត​នេះ។ ប្រទេស​អ៊ុយក្រែន​បាន​បោះឆ្នោត​អនុប្បវាទ។ ​

សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​គុយបា​ កាល​ពី​ទសវត្សរ៍១៩៦០​ ដើម្បី​ជំរុញ​ឱ្យ​ប្រទេសនេះ​ ធ្វើ​អន្តរកាល​ទៅ​រក​ការ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​របាយការណ៍​ស្តី​ពី​សិទ្ធិ​មនុស្ស​នា​ពេល​ថ្មីៗ​បំផុតរបស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​កត់សម្គាល់​ថា​ «ប្រទេស​គុយបា​នៅ​តែ​ប្រកាន់​យកប្រព័ន្ធ​ដឹកនាំ​ឯក​បក្ស​ ដែល​មានគណបក្ស​កុម្មុយនីស្ត​ ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់​តែ​មួយ​គត់​ នៅក្នុងប្រទេស​នេះ។ ទន្ទឹម​នឹងនេះ​ដែរ របាយការណ៍​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរថា​ ការ​រំលោភ​សិទ្ធិមនុស្សដោយ​រដ្ឋាភិបាល​គុយបា​ មាន​លក្ខណៈ​ធ្ងន់ធ្ងរ កើត​ឡើង​ជា​ច្រើន​ករណី​ និង​មិន​ត្រូវ​បាន​ស៊ើបអង្កេត​នោះ​ឡើយ។​

ក្រោយ​ការ​បោះឆ្នោតរបស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ​ទីប្រឹក្សា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិកប្រចាំ​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អឌ្ឍគោល​ខាង​លិចលោក​ Paul Folmsbee កត់​សម្គាល់ថា​ «ការ​ដាក់​ទណ្ឌកម្ម​ជា​មធ្យោបាយ​មួយ​នៅ​ក្នុង​កិច្ចប្រឹងប្រែងទូទៅ​ចំពោះ​ប្រទេស​គុយបា​ ក្នុង​ការលើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​ និងសិទ្ធិ​មនុស្ស ក៏​ដូច​ជា​សេរីភាព​ជា​មូលដ្ឋានផង​ដែរ‍»។

«សហរដ្ឋ​អាមេរិក​ ឈរ​យ៉ាង​រឹងមាំ​ជា​មួយ​ប្រជាជន​គុយបា។ ​មាន​អ្នក​ទោស​នយោបាយប្រមាណ​១.០០០ ​នាក់​ កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​គុយបា​នៅ​ឡើយ ​ដែល​ជា​ចំនួន​ដ៏​ច្រើនមិន​ធ្លាប់​មាន​ ក្នុង​ប្រវត្តិសាស្ត្រប្រទេស​គុយបានា​ពេល​ថ្មីៗ​នេះ។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំឃាំង​ទាំង​នោះ​ មាន​អ្នក​ទោស​ប្រមាណ​៧០០​ នាក់​ ​ត្រូវ​បាន​ចាប់​ដាក់​ឃុំដោយ​សារតែ​ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍ប្រឆាំង​តវ៉ា​មួយ​ កាល​ពី​ថ្ងៃទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០២១​ ដែល​ជា​ការ​ប្រឆាំង​តវ៉ា​ ​ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​នៃ​ក្រុម​សង្គម​ស៊ីវិលនានា​ ដែល​មាន​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ និងក្រុម​មនុស្ស​មិន​ទាន់​គ្រប់អាយុ​ផង​ដែរ​ ​ដើម្បី​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ និងសិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធីរបស់​គេ​។ យើង​រួម​ចំណែក​ក្នុង​សុបិន​របស់​ប្រជាពលរដ្ឋ​គុយបា​ ដើម្បី​ទទួល​បាន​នូវលទ្ធិ​ប្រជាធិបតេយ្យនៅ​ក្នុង​ប្រទេស​របស់ខ្លួន​ ក៏​ដូច​ជា​ចូល​រួម​ជា​មួយ​ដៃគូ​អន្តរជាតិ​នានា​ ​ ក្នុង​ការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​គុយបា​ឱ្យ​ដោះលែង​ជា​បន្ទាន់​នូវ​អ្នក​ជាប់ឃុំ​ទាំង​ឡាយ​ ដែលត្រូវ​បានចាប់​ដាក់​គុកដោយ​អយុត្តិធម៌​នោះ»។

ឯកអគ្គរដ្ឋទូត​លោក​ Folmsbee ​ក៏បាន​កត់​សម្គាល់​ទៀតថា​ គុយបាមិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើសុំ​បញ្ជូនអ្នកជំនាញការឯករាជ្យទៅ​កាន់​ប្រទេស​របស់​ខ្លួន​ឡើយ​ ​ដែល​ពួក​គេ​នឹង​ជួយ​លើក​កម្ពស់ការគោរព​សិទ្ធិមនុស្ស​។​ ​លោក​និយាយ​ថា សំណើ​មួយ​ចំនួន​ ​ត្រូវ​បាន​ធ្វើឡើង​អស់រយៈ​ពេល​១០​ឆ្នាំកន្លង​ទៅហើយ។

លោក​ឯកអគ្គរដ្ឋទូត ​Folmsbee​ ​បន្ត​ទៀត​ថា៖ «យើង​ទទួល​ស្គាល់ការ​ប្រឈម​ដែល​ប្រជាជន​គុយ​បា​កំពុង​ជួប​ប្រទះ»។

«អាស្រ័យ​ដូច​នេះ​ហើយ​ ​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេសគុយបា​ ​ដោយ​លើក​លែងការ​អនុញ្ញាត​ឱ្យ​នាំ​ចូល​ស្បៀងអាហារ​ ឱសថ​ និង​ទំនិញ​មនុស្សធម៌ដទៃ​ទៀត​ ទៅកាន់​ប្រទេស​គុយបា។​ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ប្រភព​ដ៏​សំខាន់​នៃការនាំ​ទំនិញ​មនុស្សធម៌ដល់​ប្រជាជន​គុយបា​ និង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ចម្បងរបស់ប្រទេស​នេះ»។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក Folmsbee ប្រកាស​ថា៖ «សហរដ្ឋ​អាមេរិក​ប្រឆាំង​ទៅនឹង​សេចក្តី​សម្រេចចិត្ត​នេះ។ យើង​លើក​ទឹកចិត្ត​ដល់​ស្ថាប័ន​នេះ ឱ្យ​ជំរុញ​ដល់​រដ្ឋាភិបាល​គុយបា​ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​របស់​ខ្លួន និង​ស្តាប់​ប្រជាជន​គុយបា​ស្តីពី​គោលបំណង​របស់​គេ ក្នុង​ការកំណត់​អនាគត​របស់​ខ្លួន»៕

XS
SM
MD
LG