តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នាពេលបច្ចុប្បន្ននេះ យើងកំពុងជួបប្រទះនឹងវិបត្តិអត់ឃ្លានសាកលមួយដែលមិនធ្លាប់មានពីមុនមក។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា នៅក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំ ចំនួនមនុស្សដែលប្រឈម ឬក៏មានហានិភ័យប្រឈមនឹងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរបានកើនឡើងពី ១៣៥ លាននាក់នៅក្នុងប្រទេសចំនួន ៥៣ ទៅដល់ចំនួន ៣៤៥ លាននាក់នៅក្នុងប្រទេសចំនួន ៧៩ នៅក្នុងឆ្នាំ ២០២៣ នេះ។
វិបត្តិនេះត្រូវបានជំរុញឡើងដោយព្រឹត្តិការណ៍ចម្បងៗពីរ។ នេះបើយោងតាមការបញ្ជាក់របស់លោក Cary Fowler បេសកជនពិសេសក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខស្បៀងអាហារសាកលលោក។
លោកបណ្ឌិត Fowler បាននិយាយថា៖ «អាកាសធាតុគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមនោះយ៉ាងពិតប្រាកដ។ យើងមានរយៈពេល ៥៣២ ខែជាប់ៗគ្នាដែលសីតុណ្ហភាពជាមធ្យមនៅលើសាកលលោកសម្រាប់ខែទាំងនោះកើនលើសសីតុណ្ហភាពជាមធ្យមកាលពីសតវត្សរ៍ទី ២០»។
អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតគឺថា កាលពី ២ ឆ្នាំកន្លងទៅ យើងទទួលបានប្រយោជន៍ពីបាតុភូតឡានីញ៉ា (La Nina) ដែលជាបាតុភូតធាតុអាកាសត្រជាក់ ប៉ុន្តែនៅក្នុងឆ្នាំ ២០២៣ នេះ យើងបានបាត់បង់អត្ថប្រយោជន៍នោះ។
លោក Fowler បានថ្លែងថា៖ «ឥឡូវនេះយើងកំពុងធ្វើដំណើរចូលទៅក្នុងដំណាក់កាលនៃបាតុភូតអែលនីញ៉ូ (El Nino) ដែលជាទំនោរធាតុអាកាសមានកម្ដៅដែលប៉ះពាល់ជាពិសេសដល់បណ្ដាប្រទេសត្រូពិកជាងបណ្ដាប្រទេសដែលមានធាតុអាកាសល្មម។ ...មួយវិញទៀត ករណីនេះមិនមែនជាស្ថានភាពធម្មតានោះទេសម្រាប់វិស័យកសិកម្ម»។
សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនគឺជាកត្តាចម្បងទីពីរដែលបណ្ដាលឱ្យមានបញ្ហាអសន្តិសុខស្បៀងអាហារ ជាពិសេសការសម្រេចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងការដកប្រទេសរុស្ស៊ីចេញពីគម្រោងផ្ដួចផ្ដើមធញ្ញជាតិសមុទ្រខ្មៅ (Black Sea Grain Initiative)។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត Fowler។
លោកបានចោទជាសំណួរដូច្នេះថា៖ «តើអ្វីជាផលប៉ះពាល់លើការបង្អាក់របស់រុស្ស៊ីដល់កសិកម្មនិងការនាំចេញរបស់អ៊ុយក្រែន?»។
លោកបណ្ឌិត Fowler មានប្រសាសន៍ដូច្នេះថា៖ «ក្នុងចំណោមប្រទេសនាំចូលកំពូលទាំង ១៥ នូវធញ្ញជាតិរបស់អ៊ុយក្រែន គឺប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដែលមានភាគរយខ្ពស់នៃការមានកុមារក្រិន។ ...ជាការពិត ប្រទេសភាគច្រើននៅលើផែនដីនេះគឺជាប្រទេសនាំចូលស្បៀងអាហារ ដែលក្នុងនោះគឺប្រទេសចំនួន ១៣១ ក្នុងចំណោមប្រទេសចំនួន ១៩៦»។
លោកបណ្ឌិត Fowler បានថ្លែងបន្តថា៖ «បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ពិតជាត្រូវការការជួយជ្រោមជ្រែងរបស់យើងពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធស្បៀងអាហារកសិកម្មរបស់ពួកគេ។ ពួកគេត្រូវការសន្តិសុខស្បៀងអាហារដែលរឹងមាំ»។
លទ្ធភាពដែលពោរពេញដោយក្ដីសង្ឃឹមមួយ គឺកម្មវិធីចក្ខុវិស័យសម្រាប់ដំណាំនិងដីដែលអាចសម្របតាមការប្រែប្រួលអាកាសធាតុ (Vision for Adapted Crops and Soils) ដែលជាកម្មវិធីឧបត្ថម្ភរួមគ្នាដោយអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិនិងសហភាពអាហ្វ្រិក។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត Fowler។
លោកបានបញ្ជាក់ដូច្នេះថា៖ «យើងកំពុងធ្វើការជាមួយនឹងរដ្ឋាភិបាលនានានៅទ្វីបអាហ្វ្រិកដើម្បីកំណត់អំពីដំណាំប្រពៃណីនិងដំណាំក្នុងស្រុកដែល...មានសក្តានុពលខ្ពស់បំផុតនៅក្នុងការបន្ថែមទៅនឹងអាហារដែលមានជីវជាតិ...នៅក្នុងទ្វីបអាហ្វ្រិក។ យើងកំពុងវាយតម្លៃថា តើដំណាំទាំងនេះអាចដាំដុះតាមរបៀបណានៅក្នុងទ្វីបអាហ្វ្រិកដែលរងការប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ ដែលយើងបានឃើញរួចទៅហើយ។ ករណីនេះនឹងផ្ដល់នូវមូលដ្ឋានសម្រាប់ការធ្វើការរបស់យើងជាមួយនឹងបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកនៅក្នុងកម្មវិធីលើកកម្ពស់ដំណាំសម្រាប់ដំណាំទាំងនោះ»។
លោកបណ្ឌិត Fowler បានបន្ថែមថា៖ «យើងកំពុងសញ្ជឹងគិត [យ៉ាងយូរ] អំពីការព្យាយាមដោះស្រាយបញ្ហាអសន្តិសុខស្បៀងអាហារ។ យើងមិនចាំបាច់ត្រូវដកធញ្ញជាតិនិងអាហារចេញពីទីផ្សារនោះទេ។ យើងចាំបាច់ត្រូវជួយប្រទេសនានាពង្រឹងសន្តិសុខស្បៀងអាហាររបស់ពួកគេ»៕