តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសនៅក្នុងសន្និសីទកាសែតដំណាច់ឆ្នាំ២០២៣ថា៖ «នៅពេលយើងចូលក្នុងឆ្នាំ២០២៤ យើងនឹងបន្តឈរស្មាទល់នឹងស្មាជាមួយប្រទេសទាំងឡាយណាដែលមានទស្សនវិស័យដូចយើងអំពីពិភពលោកមួយសេរី បើកចំហ សំបូររុងរឿង និងមានសន្តិសុខ»។
លោករដ្ឋមន្ត្រីការបរទេស Blinken បាននិយាយថា៖ «ទីមួយ យើងនឹងបន្តប្រមូលប្រទេសនៅទូទាំងពិភពលោកដើម្បីគាំទ្រសេរីភាព និងឯករាជ្យនៃប្រទេសអ៊ុយក្រែន និងធ្វើឱ្យប្រាកដប្រជាថា ការឈ្លានពានរបស់រុស្ស៊ីនៅតែជាបរាជ័យខាងយុទ្ធសាស្ត្រមួយ»។
លោកបានថ្លែងថា៖ «ប្រទេសរុស្ស៊ីខ្សោយជាងមុនខាងយោធា សេដ្ឋកិច្ច និងខាងការទូត។ អង្គការអូតង់ធំនិងខ្លាំងជាងមុននិងរួបរួមគ្នាជាងពេលណាៗទាំងអស់ក្នុងប្រវត្តិជិត៧៥ឆ្នាំរបស់ផងខ្លួន។ នៅឆ្នាំនេះ យើងបានបន្ថែមសមាជិកទី៣១របស់យើងនៃអង្គការអូតង់ គឺប្រទេសហ្វាំងឡង់។ ហើយប្រទេសស៊ុយអែតនឹងចូលរួមក្នុងពេលឆាប់ៗនេះដែលនាំឱ្យមានកម្លាំងនិងសមត្ថភាពជាងមុនដល់សម្ព័ន្ធភាពការពាររបស់យើង»។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា អាទិភាពមួយទៀតសម្រាប់ឆ្នាំ២០២៤ គឺបន្តទាក់ទងជាមួយប្រទេសចិនពីគោលជំហរនៃកម្លាំង។
លោកបានពោលថា៖ «យើងពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលរវាងអង្គការអូតង់និងពួកសម្ព័ន្ធមិត្តយើងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការប្រឹងប្រែងទាំងនេះបានអនុញ្ញាតឱ្យយើងទាក់ទងគ្នាដោយមានប្រសិទ្ធិភាពជាងមុននៅពេលដោះស្រាយបញ្ហានាំឱ្យមានកង្វល់ ដូចជាការអនុវត្តខាងពាណិជ្ជកម្ម និងខាងសេដ្ឋកិច្ចបែបបង្ខិតបង្ខំដោយប្រទេសចិន សន្តិភាព និងស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់និងក្នុងសមុទ្រចិនខាងកើតនិងខាងត្បូង និងសិទ្ធិមនុស្ស»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា អាទិភាពទីបី គឺសហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយប្រទេសឯទៀតៗសម្រាប់ភាពល្អប្រសើររបស់ប្រជារាស្ត្រយើងនិងសម្រាប់មនុស្សនៅទូទាំងពិភពលោក។
លោកនិយាយទៀតថា៖ «ទាំងនេះជាអ្វីៗដែលយើងបានធ្វើក្នុងឆ្នាំ២០២៣ ដោយប្រមែប្រមូលក្រុមចម្រុះនៃរដ្ឋាភិបាល ធុរកិច្ច សង្គមស៊ីវីល ស្ថាប័នក្នុងតំបន់និងពហុភាគីដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀង ដើម្បីឧបត្ថម្ភផ្ចុងផ្តើមប្រព័ន្ធបញ្ញាសិប្បនិមិត្តមានសន្តិសុខ សុវត្ថិភាព និងទុកចិត្តបានដើម្បីប្រយុទ្ធនឹងវិបត្តិគ្រឿងញៀនសំយោគ ដើម្បីបញ្ឈប់សកម្មភាពអាក្រក់របស់រដ្ឋាភិបាលនានាដែលចាប់ឃុំឃាំងជនបរទេសដោយចេតនាសម្រាប់ឱ្យខ្លួនមានឥទ្ធិពល ដើម្បីប្រមូលប្រាក់ច្រើនរយពាន់លានដុល្លារសម្រាប់កសាងប្រព័ន្ធអគារ digital ថាមពលស្អាត និងប្រព័ន្ធសុខាភិបាលនៅក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍»។
ស្តីពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ លោករដ្ឋមន្ត្រី Blinken បានមានប្រ សាសន៍ថា សហរដ្ឋអាមេរិកនឹងផ្តោតការយកចិត្តទុកដាក់លើ«ការជួយអ៊ីស្រាអែលធ្វើឱ្យប្រាកដថា អ្វីដែលបានកើតមានកាលពីថ្ងៃទី៧ ខែតុលា មិនអាចកើតឡើងទៀត ធ្វើឱ្យសង្គ្រាមនេះចប់យ៉ាងឆាប់តាមអាចធ្វើបាននៅពេលបន្ថយការបាត់បង់ជីវិតនិងទុក្ខវេទនារបស់ជនស៊ិវីល ធ្វើឱ្យក្រុមចំណាប់ខ្មាំងអាចវិលមកផ្ទះវិញបានជួបជុំជាមួយក្រុមគ្រួសារពួកគេ បញ្ចៀសកុំឱ្យសង្គ្រាមនេះរាលដាល និងបញ្ឈប់ភាពវិលវល់ដដែលៗនៃអំពើហិង្សានិងធ្វើចលនាឆ្ពោះទៅកាន់សន្តិភាពឋិតថេរនិងជាប់លាប់»។
សហរដ្ឋអាមេរិកនឹងពង្រឹងបណ្តាញនៃសម្ព័ន្ធភាពនិងភាពដៃគូរបស់ខ្លួនដើម្បីដោះ ស្រាយបញ្ហាជាឧបសគ្គក្នុងឆ្នាំ២០២៤៕