តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ពិភពលោកកំពុងដើរថយក្រោយក្នុងការបញ្ចប់ការស្រេកឃ្លាន អសន្តិសុខស្បៀង និងការខ្វះអាហារូបត្ថម្ភ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំចេញផ្សាយដោយអ.ស.ប.កាលពីពាក់កណ្តាលខែកក្កដា។ កាលពីឆ្នាំទៅ មនុស្ស៨២៨លាននាក់ប្រឈមនឹងការស្រេកឃ្លាន ដែលជាការកើនឡើង៤៦លាននាក់ពីឆ្នាំ២០២០ និង១៥០លាននាក់ច្រើនជាងកាលពីឆ្នាំ២០១៩។
«ក្នុងឆ្នាំ២០២១ មនុស្ស១៩៣លាននាក់ក្នុងប្រទេស៥៣នៅទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ីនិងអាមេរិកឡាទីនបានប្រឈមនឹងដំណាក់កាលទីបីនៃវិបត្តិស្រេកឃ្លាននេះ»។នេះជាសម្តីរបស់នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID លោកស្រី Samantha Power។
លោកស្រីបានថ្លែងថា៖ «តួលេខនោះឆ្លុះបញ្ចាំងឱ្យឃើញបញ្ហាជាច្រើន គឺការបាត់បង់ការងារនិងប្រាក់ចំណូល ការបង្អាក់សង្វាក់ផ្គត់ផ្គង់ដោយសារការរាតត្បាតជំងឺកូវីដ១៩ វិបត្តិនៃការប្រែប្រួលអាកាសធាតុ សង្គ្រាមរ៉ាំរ៉ៃនិងការរឹតត្បិតរបស់រដ្ឋាភិបាលមិនសម្រួលការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយទាំងនេះ។ តែតួលេខនេះមិនបានរាប់បញ្ចូលការបង្កើនទុក្ខវេទនារបស់មនុស្សកាលពីពេលថ្មីៗបំផុតដោយសារការវាយលុកដោយអមនុស្សធម៌របស់លោក Vladimir Putin ក្នុងប្រទេសអ៊ុយក្រែននោះទេ»។
តាំងពីរុស្ស៊ីវាយប្រហារប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក កងយោធារុស្ស៊ីបានបំផ្លាញដីស្រែចម្ការ កន្លែងស្តុកកសិផល និងកន្លែងកែប្រែផលិតផលកសិកម្ម ហើយបានរាំងខ្ទប់កំពង់ផែសមុទ្រខ្មៅនៃប្រទេសអ៊ុយក្រែន បណ្តាលឱ្យពោតនិងស្រូវសាឡី២០លានតោនជាក់គាំងក្នុងកន្លែងរក្សាទុកគ្រាប់ធញ្ញជាតិ និងនៅតាមកន្លែងនាវាចតក្នុងផែ។ លោកស្រី Power បានថ្លែងថា៖ «ការហាមប្រាមលើការដឹកជញ្ជូនជីរុស្ស៊ីទៅក្រៅប្រទេសដែលគេមិនសូវចាប់អារម្មណ៍នោះ ក៏ជារឿងអាក្រក់ដូចការណ៍ដែលលោក Putin បានរារាំងការដឹកជញ្ជូនកសិផលអ៊ុយក្រែនទៅប្រទេសក្រៅដែរ»។
លោកស្រីបានមានប្រសាសន៍ថា៖ «ប្រទេសរុស្ស៊ីជាប្រទេសដឹកជញ្ជូនជីច្រើនជាងគេទៅលក់ឯប្រទេសក្រៅ តែចាប់ពីខែវិច្ឆិកាឆ្នាំទៅមក រុស្ស៊ីបានចាប់ផ្តើមរឹតត្បិតការផ្គត់ផ្គង់ខ្លះរបស់ខ្លួនដល់ផ្សារសាកល នាំឱ្យជីឡើងថ្លៃជាងមុនជិតបីដងកាលពីឆ្នាំទៅ»។
សម្រាប់កសិករនៅអាហ្វ្រិក ការណ៍នេះអាចនាំឱ្យកសិផលមានតិចជាងមុនចំនួន២០ភាគរយនៅពេលច្រូតកាត់។
ស.រ.អ.កំពុងធ្វើការដើម្បីឱ្យមានការឆ្លើយតបដោយសកម្មដល់វិបត្តិដែលលេចឡើងនេះ។ កាលពីខែឧសភា នៅពេលធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស.រ.អ.បានដាក់ចេញផែនទីបង្ហាញផ្លូវមួយសម្រាប់សន្តិសុខស្បៀងសាកល។ ប្រេសិតពិសេសស.រ.អ.សម្រាប់សន្តិសុខស្បៀងសាកលលោក Cary Fowler បាននិយាយថា ការផ្តើមគំនិតនេះ«ពិនិត្យមើលការអំពាវនាវឱ្យធ្វើសកម្មភាពមួយចំនួន មានរួមបញ្ចូលការបង្កើនជំនួយស្បៀងខាងមនុស្សធម៌ ការរក្សាផ្សារឱ្យបើកចំហ ការបង្កើនការផលិតជីនិងការធ្វើវិនិយោគក្នុងប្រព័ន្ធស្បៀងសាកលខ្លាំងក្លា»។
លោក Cary Fowler បានថ្លែងថា៖ «ក្នុងការឆ្លើយតបចំពោះវិបត្តិស្បៀងអាហារ ស.រ.អ.សន្យាផ្តល់ប្រាក់ជិត២៨០០លានដុល្លារជាជំនួយស្បៀងគ្រាមានអាសន្នដល់ទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិកឡាទីន និងតំបន់ Caribbean ចាប់តាំងពីខែកុម្ភៈ»។
លោកបណ្ឌិត Fowler បានពោលថា៖ «ស.រ.អ.នឹងបន្តនាំមុខគេជាមួយសកម្មភាពក្នុងប្រទេសនិងសកម្មភាពសាកលរបស់យើងដើម្បីបញ្ចប់វិបត្តិស្បៀងដែលមិនធ្លាប់មានពីមុនមកនេះ។ យើងអំពាវនាវដល់ប្រទេសទាំងអស់ឱ្យបញ្ជាក់ជាថ្មីអំពីការសន្យារបស់ពួកគេចំពោះស្ថាប័នពហុភាគី ធ្វើឱ្យមានជំនឿលើប្រព័ន្ធពាណិជ្ជកម្មសាកល និងចាត់វិធានការជាក់ស្តែងដើម្បីកែលម្អទស្សនវិស័យក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែងសម្រាប់សន្តិសុខស្បៀងសាកល។ ពិភពលោកកំពុងពឹងផ្អែកលើយើង ដូច្នេះចូរយើងទាំងអស់គ្នាបំពេញភារកិច្ចរបស់យើង»៕