តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានព្រមាននៅក្នុងសុន្ទរកថាមួយទៅកាន់អង្គការ Freedom House ថា ឧបសគ្គមួយក្នុងបណ្តាឧបសគ្គដែលវិវត្តលឿនបំផុតដល់សិទ្ធិមនុស្ស គឺបច្ចេកវិទ្យា។
នៅពេលមួយនោះ វាហាក់ដូចជាថា ការលូតលាស់ខាងបច្ចេកវិទ្យាបានទាញតុល្យភាពអំណាចពីពួកអ្នករំលោភលើសិទ្ធិមនុស្សទៅកាន់ក្រុមអ្នកការពារសិទ្ធិមនុស្ស។ នៅក្នុងកន្លែងដដែលជាច្រើនដែលនៅទីទាំងនោះពួកអ្នកការពារសិទ្ធិមនុស្សប្រើបច្ចេកវិទ្យាសម្រាប់អំពើល្អ ក្រុមផ្តាច់ការនិងរបបគ្រប់គ្រងសង្កត់សង្កិនបានរំលោភលើបច្ចេកវិទ្យាដោយធ្វើការបំពានរបស់ពួកគេផ្ទាល់។
លោករដ្ឋមន្ត្រី Blinken បានពន្យល់ថា អនាគតសិទ្ធិមនុស្សរបស់យើងនឹងត្រូវមានរូបរាងក្នុងផ្នែកសំខាន់ៗបួន ហើយផ្នែកទីមួយ គឺបច្ចេកវិទ្យាខាងការឃ្លាំមើល។
លោកបាននិយាយថា៖ «ជីវិតឌីជីថលរបស់យើងធ្វើឱ្យយើងអាចរងគ្រោះដោយងាយដោយសារទម្រង់ថ្មីៗនៃបច្ចេកវិទ្យាខាងការឃ្លាំមើល...ក្រុមអ្នកកាសែត ក្រុមសកម្មជននយោបាយ ពួកឥស្សរជនប្រឆាំង ក្រុមអ្នកការពារសិទ្ធិមនុស្សនិងក្រុមជនឯទៀតៗនៅក្នុងសឹងតែគ្រប់ទ្វីបត្រូវបានយកធ្វើជាទីដៅដោយ spyware ពាណិជ្ជកម្មដែលពួកតួអង្គក្នុងរដ្ឋាភិបាល និងក្រុមតួអង្គក្រៅរដ្ឋាភិបាលមានដូចគ្នា»។
លោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់ថា៖ «យើងដឹងថា ការមានសេវាអ៊ីនធឺណិត គ្មានការរឹតត្បិតមានសារៈសំខាន់សម្រាប់ការពារសិទ្ធិមនុស្សនិងសេរីភាពមនុស្ស»។ ប៉ុន្តែបើតាមអង្គការ Freedom House ថា ការត្រួតពិនិត្យនិងការបិទអ៊ីនធឺណិតដោយរដ្ឋាភិបាលនៅពេលនេះមានច្រើន។
លោកបានថ្លែងថា៖ «បណ្តាញព័ត៌មាន Iran Wire របស់អ្នកស្រី Aida Ghajar បានប្រើអ៊ីនធឺណិតសម្រាប់ទទួលព័ត៌មានសំខាន់ៗពីខាងក្នុងប្រទេសអ៊ីរ៉ង់ដើម្បីធ្វើអ្វីៗគ្រប់យ៉ាងចាប់តាំងពីការប្រមូលឯកសារអំពីចំនួនមនុស្សស្លាប់ឱ្យបានត្រឹមត្រូវពីការបង្ក្រាបបាតុកម្ម ចែកចាយវីដេអូនៃការបង្ក្រាបដោយរបបគ្រប់គ្រងអ៊ីរ៉ង់ ប្រមែប្រមូលនិងចែកចាយការរាយការណ៍ផ្ទាល់ដោយបណ្តាញរបស់ផងខ្លួននិងដោយក្រុមអ្នកកាសែតជាពលរដ្ឋ»។
លោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់ថា៖ «ខណៈពេលដែលយើងធ្វើការដើម្បីផ្ចុងផ្ដើមការប្រើអ៊ីនធឺណិតសម្រាប់មនុស្សគ្រប់គ្នា យើងក៏ធ្វើការដើម្បីដោះស្រាយ...ការយាយីការរំលោភនិងការផ្តល់ព័ត៌មានក្លែងក្លាយតាមអនឡាញដែរ»។
លោករដ្ឋមន្ត្រី Blinken បានព្រមានថា បច្ចេកវិទ្យានិងសិទ្ធិមនុស្សជួបប្រសព្វគ្នាលើវិស័យបញ្ញាសិប្បនិម្មិត ឬ AI និងជីវបច្ចេកវិទ្យា មានរួមផ្នែក genomics ផងដែរ។
លោកបានមានប្រសាសន៍ថា៖ «ការលូតលាស់ខាងជីវបច្ចេកវិទ្យាបានធ្វើឱ្យមានការឃ្លាំមើលខាងហ៊្សែន (genome) ផ្អែកលើ DNA របស់មនុស្សម្នាក់ដែលអាចសម្រួលដល់ការរំលោភសិទ្ធិមនុស្ស។ ហើយយើងបានឃើញការរំលោភខ្លះក្នុងបណ្តាការរំលោភទាំងនេះ ជាឧទាហរណ៍ការរំលោភធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតចិនប្រឆាំងនឹងក្រុមជនអំបូរ Uighur និងក្រុមជនភាគតិចឯទៀតៗក្នុងតំបន់ Xinjiang។ យើងក៏ខ្វល់ខ្វាយដែរដោយរបាយការណ៍អំពីការប្រមូល DNA របស់មនុស្សច្រើននាក់នៅក្នុងតំបន់ទីបេត៍ជាទម្រង់បន្ថែមមួយនៃការគ្រប់គ្រងនិងការឃ្លាំមើលប្រជាជនទីបេត៍»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងបន្តបង្កើនការគាំទ្រនិងជំនួយខាងផ្លូវច្បាប់ដល់ជនទាំងឡាយណាដែលការពារសិទ្ធិមនុស្សនៅទូទាំងពិភពលោកនិងធ្វើការជាមួយពួកដៃគូសង្គមស៊ីវិល ដូចជាអង្គការ Freedom House ជាដើម អំពីរបៀបប្រសើរបំផុតដើម្បីការពារនិងជំរុញសិទ្ធិមនុស្សនៅក្នុងការប្រឈមនឹងការគំរាមកំហែងដែលចេះតែវិវត្តជាបន្តបន្ទាប់៕