តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ការចូលរូមក្នុងពិធីបុណ្យសពមួយអាចមានគ្រោះថ្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ ជាពិសេសប្រសិនបើអ្នកស្លាប់ជានារីវ័យក្មេងម្នាក់ដែលបានបាត់បង់ជីវិតក្រោយពីបានប្រឈមជាមួយពួកប៉ូលិសវិន័យ ដោយសារតែមិនបានពាក់ក្រណាត់គ្របសក់ hijab ឱ្យបានត្រឹមត្រូវតាមការដាក់កំហិត។
មេធាវីសិទ្ធិមនុស្សល្បីឈ្មោះលោកស្រី Nasrin Sotoudeh និងអ្នកការពារសិទ្ធិមនុស្សមួយចំនួនទៀតត្រូវបានរាយការណ៍ថា ត្រូវបានវាយដំធ្ងន់ធ្ងរនិងត្រូវចាប់ខ្លួន នៅពេលពួកគេចូលរួមក្នុងពិធីបុណ្យសពនាង Armita Geravand ពលរដ្ឋអ៊ីរ៉ង់ដើមកំណើត Kurd អាយុ១៦ឆ្នាំ កាលពីថ្ងៃទី ២៩ ខែតុលា។ នាង Geravand បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយនៅក្រុងតេហេរ៉ង់ បន្ទាប់ពីបានសន្លប់ជាច្រើនសប្តាហ៍ ក្រោយត្រូវបានវាយតប់នៅលើរថភ្លើងដោយសារនាងមិនបានពាក់កន្សែងគ្របសក់ hijab។ មរណភាពដ៏សោកសៅរបស់នាងដូចគ្នានឹងការស្លាប់របស់ស្ត្រីអ៊ីរ៉ង់ដើមកំណើត Kurd វ័យក្មេងម្នាក់ទៀតគឺនាង Mahsa Amini។ នាង Mahsa Amini បានស្លាប់កាលពីខែកញ្ញា ២០២២ នៅក្នុងការឃុំឃាំងរបស់ពួកប៉ូលិសវិន័យ ក្រោយពីនាងត្រូវបានចាប់ខ្លួនដោយពាក់ក្រណាត់គ្របសក់ hijab រលុងពេក ដែលបានបណ្តាលឱ្យមានបាតុកម្មនៅទូទាំងប្រទេស ហើយបាតុកម្មនោះត្រូវបានបង្ក្រាបយ៉ាងឃោរឃៅដោយរដ្ឋាភិបាល។ បាតុកម្មនិងការឆ្លើយតបដ៏ឃោរឃៅរបស់អាជ្ញាធរបានចាប់ផ្តើមនៅពិធីបុណ្យសពនាង Amini ដែលមានចូលរួមដោយមនុស្សរាប់ពាន់នាក់នៅក្នុងក្រុង Saqqez ដែលជាក្រុងកំណើតរបស់នាង។
ការចាប់ខ្លួននិងការជាប់ឃុំឃាំងក្នុងពន្ធនាគារនៅក្នុងប្រទេសអ៊ីរ៉ង់ មិនមែនជារឿងថ្មីទេសម្រាប់លោកស្រី Nasrin Sotoudeh។ លោកស្រីគឺជាអ្នកការពារសិទ្ធិស្ត្រី ក្រុមជនភាគតិចខាងសាសនា និងក្រុមសកម្មជនដែលតវ៉ាដោយសន្តិវិធី។ លោកស្រីត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ទាក់ទិននឹងសន្តិសុខ ហើយបានចំណាយពេលច្រើនឆ្នាំជាប់ឃុំឃាំងក្នុងពន្ធនាគារ។ ស្វាមីលោកស្រី លោក Reza Khandan បាននិយាយថា លោកស្រី Sotoudeh ត្រូវបានវាយដំយ៉ាងដំណំហើយវ៉ែនតាលោកស្រីបានបែកនៅពេលចាប់ខ្លួនលោកស្រីនៅពិធីបុណ្យសពនាង Armita Geravand។ លោកស្រី Narin Sotoudeh ត្រូវបានផ្ទេរទៅគុក Qarchak ខាងក្រៅក្រុងតេហេរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយជាលាយលក្ខណ៍អក្សរ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានថ្កោលទោស«ការវាយដំយ៉ាងឃោរឃៅនិងការឃុំឃាំងដោយអយុត្តិធម៌ដែលកើតមានឡើងចំពោះអ្នកការពារសិទ្ធិមនុស្សមួយចំនួនកាលពីថ្ងៃទី២៩ ខែតុលា នៅក្នុងពិធីបុណ្យសពនាង Armita Geravand ដែលបានស្លាប់ដោយត្រូវបានវាយដំនៅលើរថភ្លើងក្រុងតេហេរ៉ង់ដោយសារមិនបានពាក់ក្រណាត់គ្របសក់ hijab។ សហរដ្ឋអាមេរិកអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌដល់លោកស្រី Sotoudeh និងមនុស្សឯទៀតដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ដោយរបបគ្រប់គ្រងអ៊ីរ៉ង់ឱ្យបានចេញពីពន្ធនាគារ។
អ្នកនាំពាក្យ Miller បានបន្ថែមថា «ម្តងទៀត យើងថ្កោលទោសការធ្វើបាបដោយរបបគ្រប់គ្រងអ៊ីរ៉ង់លើពលរដ្ឋខ្លួនឯងផ្ទាល់ ដែលរួមមានអំពើហិង្សារបស់អាជ្ញាធរប្រឆាំងនឹងស្ត្រីនិងក្មេងស្រីៗនៅប្រទេសអ៊ីរ៉ង់។ សហរដ្ឋអាមេរិកនឹងបន្តឈរជាមួយប្រជារាស្ត្រដ៏ក្លាហាននៃប្រទេសអ៊ីរ៉ង់ និងធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីឱ្យរបបគ្រប់គ្រងអ៊ីរ៉ង់ទទួលខុសត្រូវដល់ការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស និងក្រៅប្រទេស»៕