តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកថ្កោលទោសខ្លាំងក្លាលើករណីដែលអាជ្ញាធរទីក្រុងហុងកុងចាប់ខ្លួនកាឌីណាល់ Joseph Zen អាយុ ៩០ ឆ្នាំ ដែលជាអតីតអេវ៉ែកកាតូលិកនៃទីក្រុងហុងកុងនិងជាអ្នករិះគន់មិនសំចៃមាត់លើគណបក្សកុម្មុយនីស្តចិន និងអ្នកតស៊ូមតិដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យល្បីឈ្មោះ ៣ រូបផ្សេងទៀត។ អ្នកតស៊ូមតិ ៣ រូបផ្សេងទៀតនោះគឺអ្នកស្រី Margaret Ng ដែលជាមេធាវីនិងជាអតីតសមាជិកសភា លោក Hui Po-keung ដែលជាបញ្ញវន្តនិងជាអតីតសាស្ត្រាចារ្យ និងអ្នកស្រី Denise Ho ដែលជាតួសម្ដែងនិងជាអ្នកចម្រៀង។
អ្នកទាំង ៤ រូបគឺជាអ្នកទទួលរ៉ាប់រងនៃមូលនិធិជួយសង្គ្រោះផ្នែកមនុស្សធម៌ ៦១២ (612 Humanitarian Relief Fund) ដែលត្រូវបានរំលាយនៅពេលបច្ចុប្បន្ននេះ។ មូលនិធិនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៩ ដើម្បីផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុនិងផ្នែកច្បាប់ដល់អ្នកដែលបានចូលរួមនៅក្នុងបាតុកម្មដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។
ពួកគេត្រូវបានអាជ្ញាធរចោទប្រកាន់ដោយមិនត្រឹមត្រូវនិងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១១ ខែឧសភាពីបទគប់គិតជាមួយកងកម្លាំងបរទេស និងបន្ទាប់មកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែអាចប្រឈមនឹងទោសជាប់ពន្ធនាគារមួយជីវិត។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយថា៖ «នៅក្នុងការចាប់ខ្លួនសកម្មជន បញ្ញវន្ត និងមេដឹកនាំសាសនាជើងចាស់ទាំងនេះនៅក្រោមអ្វីដែលហៅថាច្បាប់សន្តិសុខជាតិ អាជ្ញាធរហុងកុងបានបង្ហាញម្ដងទៀតថា ពួកគេនឹងបន្តគ្រប់មធ្យោបាយទាំងអស់ដែលចាំបាច់ដើម្បីបង្ក្រាបអ្នកប្រឆាំងនិងបំផ្លាញសិទ្ធិនិងសេរីភាពនានា»។
អតីតអ្នកនាំពាក្យរងសេតវិមានអ្នកស្រី Karine Jean-Pierre បានអំពាវនាវឱ្យ «សាធារណរដ្ឋប្រជាមានិតចិននិងអាជ្ញាធរហុងកុងបញ្ឈប់ការវាយប្រហារសំដៅលើអ្នកតស៊ូមតិនៅក្នុងទីក្រុងហុងកុង» ដោយអ្នកស្រីបានកត់សម្គាល់ថា «សេរីភាពនៃការបញ្ចេញមតិមានសារៈសំខាន់សម្រាប់សង្គមដែលមានភាពរុងរឿងនិងមានសន្តិសុខ»។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលចិនបានបង្កើនការត្រួតត្រារបស់ខ្លួនលើទីក្រុងហុងកុង ដោយបានចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ បិទអង្គការសង្គមស៊ីវិល និងបង្ខំស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឱ្យបិទទ្វារ។
សាធារណរដ្ឋប្រជាមានិតចិនបានរំលោភកាន់តែខ្លាំងឡើងលើសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋហុងកុង ដែលត្រូវបានធានានៅក្នុងច្បាប់មូលដ្ឋានរបស់ទីក្រុងហុងកុងនិងនៅក្នុងសេចក្ដីប្រកាសរួមរវាងចិននិងចក្រភពអង់គ្លេសនៅពេលដែលការត្រួតត្រាទីក្រុងហុងកុងត្រូវបានផ្ទេរពីចក្រភពអង់គ្លេសឱ្យសាធារណរដ្ឋប្រជាមានិតចិននៅក្នុងឆ្នាំ ១៩៩៧។
ការចាប់ខ្លួនបានធ្វើឡើងក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតប្រធានផ្នែកសន្តិសុខទីក្រុងហុងកុងលោក John Lee Ka-chiu ដែលជាបេក្ខជនតែម្នាក់គត់ដែលយល់ព្រមដោយគណបក្សកុម្មុយនីស្តចិនសម្រាប់តំណែងជាមេដឹកនាំទីក្រុងហុងកុងបានឡើងកាន់អំណាច។
បន្ទាប់ពីលោក John Lee Ka-chiu ត្រូវបានជ្រើសរើសជាមេដឹកនាំទីក្រុងហុងកុងមក បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 ដែលរួមមានប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានចេញផ្សាយនូវសេចក្ដីថ្លែងការណ៍មួយបង្ហាញនូវ «ក្ដីបារម្ភជាខ្លាំងអំពីដំណើរការជ្រើសរើសតំណែងមេដឹកនាំទីក្រុងហុងកុងនេះថាជាផ្នែកមួយនៃការបំពានជាបន្តលើពហុភាពនយោបាយនិងសេរីភាពជាមូលដ្ឋាន»។
បណ្ដារដ្ឋមន្ត្រីការបរទេសទាំងនោះបានប្រកាសថា៖ «យើងបន្តអំពាវនាវឱ្យប្រទេសចិនចាត់វិធានការស្របទៅតាមសេចក្ដីប្រកាសរួមរវាងចិននិងចក្រភពអង់គ្លេសនិងកាតព្វកិច្ចផ្លូវច្បាប់ផ្សេងទៀតរបស់ខ្លួន»៕