បទវិចារណកថា៖ កិច្ចប្រឹងប្រែង​របស់​ទីភ្នាក់ងារ USAID ដើម្បី​ជួយ​ពលរដ្ឋ​ភូមា

រូបឯកសារ៖ អ្នកភូមិ​នៅ​ភាគ​ខាងត្បូង​នៃ​រដ្ឋ Kayah ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​មីយ៉ាន់ម៉ា ភៀសខ្លួន​ចេញ​ពី​ការវាយ​ប្រហារ​ដោយ​កងកម្លាំង​របស់​រដ្ឋាភិបាល​យោធា។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ពីរឆ្នាំ​កន្លះ​កន្លង​ទៅ​នេះ​ ក្រុម​យោធា​បាន​ក្តាប់អំណាច​នៅក្នុង​ប្រទេសភូមា​នៅ​ក្នុង​រដ្ឋប្រហារ​មួយដែល​មាន​ការបង្ហូរ​ឈាម។ របប​គ្រប់គ្រង​នេះ​បាន​ធ្វើ​ឱ្យប្រទេស​ភូមា​ហិន​ហោច ​ដោយទី​ប្រជុំជន​បួន​ក្នុង​ចំណោម​ទីប្រជុំជន​ប្រាំមាន​ផល​ប៉ះពាល់​ដោយការប៉ះទង្គិចដោយ​អាវុធ​រវាង​កងយោធា​និង​ក្រុម​ជន​ដែល​ប្រឆាំង​នឹង​ការ​គ្រប់គ្រងរបស់​ពួក​យោធា។​

អ្នកអភិបាល​រង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​ (USAID) ​លោក Michael Schiffer ​បាន​និយាយ​នៅក្នុង​សវនការ​សភា​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ លទ្ធផល​គឺ​មានការខ្ទេច​ខ្ទី។

លោកបាននិយាយ​ថា៖​ «សព្វ​ថ្ងៃ​នេះ ​ដោយសារ​អំពើ​ឃោរឃៅ​របស់​ពួក​យោធា ​នៅ​ពេល​នេះ​មាន​ជនភៀសខ្លួនពី​ផ្ទះ​សម្បែង​ជាង​ ១,៩ លាន​នាក់​នៅ​ក្នុង​ប្រទេស​ភូមា​និង​មាន​ជន​ភៀសខ្លួន​ជាង​មួយ​លាន​នាក់​នៅ​បង់ក្លាដែស​ និងប្រទេស​ឯទៀត​ក្នុងតំបន់​ផងដែរ។ សហគមន៍​ជនភៀសខ្លួនពី​លំនៅដ្ឋាន​ក្នុងប្រទេស​កំពុង​ប្រឈមនឹង​កំណើន​ការគំរាមកំហែង​ពី​អំពើ​ហិង្សា​នៃក្រុមយោធា ​និង​ប្រឈម​នឹងការស្លុត​ចិត្តខ្លាំង​ដោយសារជម្លោះ​នេះ​ ប្រឈម​នឹង​ការឆ្លើយតប​ដោយ​ធ្វេសប្រហែស​នឹង​ជំងឺ​កូវីដ ការចាត់​ចែង​សេដ្ឋកិច្ច​មិន​ល្អ​ តម្លៃ​ស្បៀង​អាហារ​ខ្ពស់​ និង​ការផ្លាស់ប្តូរកន្លែង​រស់នៅញឹកញយ​នាំ​ឱ្យ​មាន​ផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​សម្របសម្រួល​របស់​ពួក​គេ»។

អភិបាល​រង​លោក Schiffer បានថ្លែង​ថា តាម​រយៈទីភ្នាក់ងារ ​USAID សហរដ្ឋ​អាមេរិកបាន​ដឹកនាំការឆ្លើយ​តបមនុស្សធម៌​របស់សហគមន៍​អន្តរជាតិដល់​ប្រទេស​ភូមា​និង​វិបត្តិ​ជន​ភៀសខ្លួន​ Rohingya​ ក្នុង​ប្រទេស​បង់ក្លា​ដែស​ដោយ​បាន​ផ្តល់​ជំនួយ​ជិត ​២,១​ ពាន់​លាន​ដុល្លារ​ចាប់តាំង​ពី​ឆ្នាំ​ ២០១៧ ​មក។

លោក Schiffer ​បាន​និយាយថា៖ ​«យើងប្រគល់​ជំនួយមនុស្សធម៌​ដល់​ក្រុម​ភៀសខ្លួនពី​លំនៅដ្ឋាន​ដោយសារ​សង្គ្រាម​និងក្រុម​ជនងាយរង​គ្រោះឯទៀតៗ​ ​មានរួមក្រុមជន​អំបូរ ​Rohingya ​ដោយ​បង្កើន​ភាព​ដៃគូ​ជាមួយអង្គការ​មនុស្សធម៌​នានា​ដែល​ប្រគល់​ជំនួយ​ដល់​ក្រុមជន​អ្នក​ទទួលផល​ផ្អែកលើសេចក្តី​ត្រូវការ​មាន​ការ​ពិនិត្យផ្ទៀងផ្ទាត់»។

លោក Schiffer បានថ្លែង​ថា៖ ​«ហើយ​ទោះជា​ការងារ​នេះ​តម្រូវ​ឱ្យមានការទាក់ទង​ជា​មួយ​អាជ្ញាធរគ្រប់គ្រងប្រទេស​ភូមា​ក៏ដោយ​ ក៏​យើង​ធ្វើ​ដូច្នេះ​ជាមួយ​គោលការណ៍​មនុស្សធម៌​ជា​ដំបូងមុនគេ​បង្អស់»។ ​នៅ​បង់ក្លាដែស ​ទីភ្នាក់ងារ ​USAID ​គាំទ្រ​ការប្រុងប្រៀបគ្រា​មាន​អាសន្ន​និង​សមត្ថភាព​ឆ្លើយតប​នៃ​សហគមន៍ទទួល​ជនភៀសខ្លួន​ទាំង​នេះ​នៅស្រុក Cox’s Bazar ​មានរួម​ការផ្តល់​ថវិកាសម្រាប់​ការសម្រប​សម្រួល​ខាង​មនុស្សធម៌ ​អាហារូបត្ថម្ភ ​ការការពារ​ និង​ការចាត់ចែងប្រថុយប្រថាន។

លោក Schiffer ​បាន​ពន្យល់​ថា​ ទីភ្នាក់ងារ ​USAID ​ក៏​បាន​ផ្តល់​ការគាំទ្រ​ពេល​មាន​អាសន្ន​ដល់ពួក​សកម្មជនគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យនិង​អង្គការ​គាំទ្រ​ក្រុម​ជន​ពូជសាសន៍​ភាគតិច ​ក្រុមមេដឹកនាំសង្គម​ស៊ីវិល ​ពួកអ្នកកាសែត ​និង​ក្រុមអ្នកការពារ​សិទ្ធិ​មនុស្ស។ ជំនួយកំពុង​មាន​តទៅ​ទៀត​នេះ​ផ្តល់​សន្តិសុខនិង​មាន​រួម​ផ្ទះ​សុវត្ថិភាព ​ចំណាយក្នុង​ការរស់នៅ ​សេចក្តី​ត្រូវការ​ព្យាបាល​ជំងឺ​គ្រា​មានអាសន្ន ​សន្តិសុខ​ខាង​ digital ​និងខាង​រាងកាយ ​ជំនួយ​ផ្លូវច្បាប់​ និង​ការគាំទ្រ​ខាងចិត្តសាស្ត្រ​ដែល​អាច​ឱ្យ​ក្រុមបុគ្គល​និង​អង្គភាពបន្ត​ធ្វើកិច្ចការ​របស់ពួក​គេ​សម្រាប់អនាគត​ប្រទេស​ភូមា។

លោក​អភិបាល​រង​ Schiffer បាន​ព្រមាន​ថា​៖ «ផ្លូវ​នៅ​ខាងមុខក្នុង​ប្រទេស​ភូមា​នៅ​តែ​មាន​ឧបសគ្គ​ច្រើន។ តែ​យ៉ាងណា​ក៏​ដោយ ​ក៏​ទីភ្នាក់ងារ ​USAID ​នៅ​តែ​ប្តេជ្ញា​ផ្តល់​ឱ្យ​ប្រជារាស្ត្រ​ភូមា​នូវ​ការគាំទ្រ​ដែលពួកគេ​ត្រូវការនៅ​ក្នុង​វិបត្តិ​នេះ​ ដោយផ្តល់​អាទិភាព​ដល់​ជំនួយ​មនុស្សធម៌​ ការការពារ​ជនស៊ីវិល មានរួម​ការ​ព្រមាន​ជា​មុន​និង​ការ​ឆ្លើយតបនិង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​និង​ការ​លូតលាស់នៃ​ស្ថាប័ន​អភិបាលកិច្ច​ដើម្បី​ជំរុញគោល​ដៅ​គោលនយោបាយ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​ភូមាដែល​មាន​យុត្តិធម៌ ​សន្តិភាព ​បរិយាប័ន្ន​ ជា​សហព័ន្ធ​ និង​ប្រជា​ធិបតេយ្យ»៕