តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីពីរឆ្នាំកន្លះកន្លងទៅនេះ ក្រុមយោធាបានក្តាប់អំណាចនៅក្នុងប្រទេសភូមានៅក្នុងរដ្ឋប្រហារមួយដែលមានការបង្ហូរឈាម។ របបគ្រប់គ្រងនេះបានធ្វើឱ្យប្រទេសភូមាហិនហោច ដោយទីប្រជុំជនបួនក្នុងចំណោមទីប្រជុំជនប្រាំមានផលប៉ះពាល់ដោយការប៉ះទង្គិចដោយអាវុធរវាងកងយោធានិងក្រុមជនដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធា។
អ្នកអភិបាលរងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) លោក Michael Schiffer បាននិយាយនៅក្នុងសវនការសភាកាលពីពេលថ្មីៗនេះថា លទ្ធផលគឺមានការខ្ទេចខ្ទី។
លោកបាននិយាយថា៖ «សព្វថ្ងៃនេះ ដោយសារអំពើឃោរឃៅរបស់ពួកយោធា នៅពេលនេះមានជនភៀសខ្លួនពីផ្ទះសម្បែងជាង ១,៩ លាននាក់នៅក្នុងប្រទេសភូមានិងមានជនភៀសខ្លួនជាងមួយលាននាក់នៅបង់ក្លាដែស និងប្រទេសឯទៀតក្នុងតំបន់ផងដែរ។ សហគមន៍ជនភៀសខ្លួនពីលំនៅដ្ឋានក្នុងប្រទេសកំពុងប្រឈមនឹងកំណើនការគំរាមកំហែងពីអំពើហិង្សានៃក្រុមយោធា និងប្រឈមនឹងការស្លុតចិត្តខ្លាំងដោយសារជម្លោះនេះ ប្រឈមនឹងការឆ្លើយតបដោយធ្វេសប្រហែសនឹងជំងឺកូវីដ ការចាត់ចែងសេដ្ឋកិច្ចមិនល្អ តម្លៃស្បៀងអាហារខ្ពស់ និងការផ្លាស់ប្តូរកន្លែងរស់នៅញឹកញយនាំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សមត្ថភាពសម្របសម្រួលរបស់ពួកគេ»។
អភិបាលរងលោក Schiffer បានថ្លែងថា តាមរយៈទីភ្នាក់ងារ USAID សហរដ្ឋអាមេរិកបានដឹកនាំការឆ្លើយតបមនុស្សធម៌របស់សហគមន៍អន្តរជាតិដល់ប្រទេសភូមានិងវិបត្តិជនភៀសខ្លួន Rohingya ក្នុងប្រទេសបង់ក្លាដែសដោយបានផ្តល់ជំនួយជិត ២,១ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ២០១៧ មក។
លោក Schiffer បាននិយាយថា៖ «យើងប្រគល់ជំនួយមនុស្សធម៌ដល់ក្រុមភៀសខ្លួនពីលំនៅដ្ឋានដោយសារសង្គ្រាមនិងក្រុមជនងាយរងគ្រោះឯទៀតៗ មានរួមក្រុមជនអំបូរ Rohingya ដោយបង្កើនភាពដៃគូជាមួយអង្គការមនុស្សធម៌នានាដែលប្រគល់ជំនួយដល់ក្រុមជនអ្នកទទួលផលផ្អែកលើសេចក្តីត្រូវការមានការពិនិត្យផ្ទៀងផ្ទាត់»។
លោក Schiffer បានថ្លែងថា៖ «ហើយទោះជាការងារនេះតម្រូវឱ្យមានការទាក់ទងជាមួយអាជ្ញាធរគ្រប់គ្រងប្រទេសភូមាក៏ដោយ ក៏យើងធ្វើដូច្នេះជាមួយគោលការណ៍មនុស្សធម៌ជាដំបូងមុនគេបង្អស់»។ នៅបង់ក្លាដែស ទីភ្នាក់ងារ USAID គាំទ្រការប្រុងប្រៀបគ្រាមានអាសន្ននិងសមត្ថភាពឆ្លើយតបនៃសហគមន៍ទទួលជនភៀសខ្លួនទាំងនេះនៅស្រុក Cox’s Bazar មានរួមការផ្តល់ថវិកាសម្រាប់ការសម្របសម្រួលខាងមនុស្សធម៌ អាហារូបត្ថម្ភ ការការពារ និងការចាត់ចែងប្រថុយប្រថាន។
លោក Schiffer បានពន្យល់ថា ទីភ្នាក់ងារ USAID ក៏បានផ្តល់ការគាំទ្រពេលមានអាសន្នដល់ពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនិងអង្គការគាំទ្រក្រុមជនពូជសាសន៍ភាគតិច ក្រុមមេដឹកនាំសង្គមស៊ីវិល ពួកអ្នកកាសែត និងក្រុមអ្នកការពារសិទ្ធិមនុស្ស។ ជំនួយកំពុងមានតទៅទៀតនេះផ្តល់សន្តិសុខនិងមានរួមផ្ទះសុវត្ថិភាព ចំណាយក្នុងការរស់នៅ សេចក្តីត្រូវការព្យាបាលជំងឺគ្រាមានអាសន្ន សន្តិសុខខាង digital និងខាងរាងកាយ ជំនួយផ្លូវច្បាប់ និងការគាំទ្រខាងចិត្តសាស្ត្រដែលអាចឱ្យក្រុមបុគ្គលនិងអង្គភាពបន្តធ្វើកិច្ចការរបស់ពួកគេសម្រាប់អនាគតប្រទេសភូមា។
លោកអភិបាលរង Schiffer បានព្រមានថា៖ «ផ្លូវនៅខាងមុខក្នុងប្រទេសភូមានៅតែមានឧបសគ្គច្រើន។ តែយ៉ាងណាក៏ដោយ ក៏ទីភ្នាក់ងារ USAID នៅតែប្តេជ្ញាផ្តល់ឱ្យប្រជារាស្ត្រភូមានូវការគាំទ្រដែលពួកគេត្រូវការនៅក្នុងវិបត្តិនេះ ដោយផ្តល់អាទិភាពដល់ជំនួយមនុស្សធម៌ ការការពារជនស៊ីវិល មានរួមការព្រមានជាមុននិងការឆ្លើយតបនិងការគាំទ្រដល់ការអភិវឌ្ឍនិងការលូតលាស់នៃស្ថាប័នអភិបាលកិច្ចដើម្បីជំរុញគោលដៅគោលនយោបាយសហរដ្ឋអាមេរិកសម្រាប់ប្រទេសភូមាដែលមានយុត្តិធម៌ សន្តិភាព បរិយាប័ន្ន ជាសហព័ន្ធ និងប្រជាធិបតេយ្យ»៕