បទវិចារណកថា៖ ក្រុម​អ្នកសារព័ត៌មាន​ស្ថិត​នៅ​ក្រោម​ការឡោមព័ទ្ធ​កាន់តែ​ខ្លាំង​ជាងមុន

រូបឯកសារ៖ អ្នកសារព័ត៌មាន​កាន់ទៀន និង​ស្លាកសញ្ញា​ក្នុង​អំឡុងពេល​ការកាន់​​ភ្លើងទៀន​ដើម្បីជាការ​​ប្រឆាំងនឹង​អំពើ​ឃោរឃៅ​របស់​ប៉ូលិស និង​ការវាយប្រហារ​លើ​សេរីភាព​សារព័ត៌មាន។

តទៅ​នេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក​ រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក​លោក Antony Blinken ​បាន​កត់សម្គាល់​ថា៖ ​«ក្រុម​អ្នក​សារព័ត៌មាននៅ​ទូទាំង​ពិភពលោកកំពុង​ស្ថិត​នៅ​ក្រោម​ការ​ឡោមព័ទ្ធ​ច្រើន​ជាង​មុន...​ក្នុងវិធីផ្សេងៗ​គ្នា‍»។ ការ​ពិត​ជាក់ស្តែង​នេះបាន​ត្រូវ​លាតត្រដាង​យ៉ាង​ខ្លាំង​ក្លា​ នៅ​ក្នុង​ករណី​នៃការ​ចាប់ឃុំឃាំងលោក Evan Gerschkovich អ្នករាយការណ៍​ឱ្យ​កាសែត Wall Street Journal ក្នុង​ប្រទេស​រុស្ស៊ី។

លោក​រដ្ឋមន្ត្រី​ Blinken បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​ប្រទេស​មួយ​ក្នុង​ករណី​នៃ​ប្រទេស​រុស្ស៊ីដែល​ដូច​ជា​ប្រទេស​មួយ​ក្តាប់​តូច​ក្នុង​ពិភពលោក​ដែរ បាន​ឃុំឃាំង​មនុស្ស​ខុស ដោយ​ប្រើ​ពួក​គេ​ជា​កូន​អុក​នយោបាយ​ ប្រើ​ពួក​គេ​ជា​អានុភាព​ក្នុង​ការ​អនុវត្ត​មួយ​ដែល​មិនអាច​ទទួល​យក​បាន​ជា​ដាច់ខាត ​ហើយយើង​កំពុង​ធ្វើការ​ខ្លាំងដើម្បី​ប្រឹងប្រែង​ដើម្បី​បង្ការ​ដល់​សកម្មភាព​បែបនេះ ​តែ​ក៏​នៅ​ពេល​ជា​មួយ​គ្នា​នេះ​យើង​ព្យាយាម​ធ្វើ​ឱ្យ​មាន​ការ​ដោះលែង​ក្រុម​ជនដែល​ត្រូវ​បាន​ចាប់​ឃុំឃាំងដោយ​អយុត្តិធម៌‍»។

បើ​តាម​អ្នក​សម្របសម្រួលពិធី​នេះ គឺ​លោក David Ignatius អ្នក​សរសេរ​ខ្ទង់​កាសែត Washington Post ថា​ ជា​ការពិត​មាន​អ្នកសារព័ត៌មាននិង​អ្នក​ធ្វើ​ការ​ខាង​បណ្តាញ​ព័ត៌មាន​៦៧នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ឆ្នាំទៅ ចំណែក​ឯ​ប្រមាណ​៥៧០នាក់​ទៀតជាប់ឃុំឃាំង​ក្នុង​ពន្ធនាគារក្នុង​ប្រទេស​៣០​នៅ​ទូទាំង​ពិភពលោក។

សហរដ្ឋ​អាមេរិក​ប្រើ​ឧបករណ៍​ផ្សេងៗប្រឆាំងក្រុម​នានាដែល​ធ្វើ​បាបក្រុម​អ្នក​សារព័ត៌មាន។ ឧបករណ៍​មួយ​ក្នុងចំណោម​ឧបករណ៍ទាំង​នេះ​គឺច្បាប់ Robert Levinson សម្រាប់ជួយដោះលែង​ពួក​ចំណាប់ខ្មាំង ​និង​ធ្វើ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ដល់​ការ​ចាប់​ចំណាប់ខ្មាំង ដែលដាក់​ទណ្ឌកម្មប្រឆាំង​ពួក​ជន​ទាំង​ឡាយ​ណា​ដែល​ឃុំឃាំងពលរដ្ឋ​សហរដ្ឋ​អាមេរិកដោយ​ខុស​ច្បាប់នៅ​ក្រៅប្រទេស។ លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «ច្បាប់ Levinson ជា​ឧបករណ៍​សំខាន់​មួយ»។

លោក​បានថ្លែង​ថា៖ ​«ច្បាប់នេះផ្តល់​ឱ្យ​យើងនូវអំណាចថ្មីៗសម្រាប់​ប្រឆាំងនឹងក្រុម​ជន​ទាំង​ឡាយ​ណាដែលឃុំឃាំងដោយ​ខុស​ក្រុម​អ្នក​សារព័ត៌មាន ឬ​ពលរដ្ឋ​យើង។​ ច្បាប់​នេះមាន​រួម​ការ​ដាក់ទណ្ឌកម្មលើ​ពួកជនល្មើស​ដូចជា​ ការ​ហាមប្រាម​មិន​ឱ្យ​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក ការ​បង្កក​ទ្រព្យសម្បត្តិ​ជា​ដើម...សេចក្តី​សង្ឃឹម​របស់​យើង​គឺ​ថា ​ដោយ​អនុវត្ត​ច្បាប់​នេះ ​យើង​អាច​ធ្វើ​ឱ្យ​មាន​ការ​ភ័យខ្លាច​ដល់ក្រុម​ជនដែល​បាន​ធ្វើ​សកម្មភាព​បែបនេះ មិន​ធ្វើ​តទៅ​ទៀត​ទៅ​អនាគត»។

លោក​រដ្ឋមន្ត្រី Blinken បាននិយាយ​ថា សហរដ្ឋ​អាមេរិក​«កំពុងព្យាយាមប្រយុទ្ធ​ប្រឆាំង​និង​រុញ​ច្រាននៅ​ទូទាំង​ពិភពលោក ដើម្បី​ជួយ​ក្រុម​អ្នក​សារព័ត៌មានដែល​កំពុង​ប្រឈម​នឹងការ​បំភិត​បំភ័យ​ ការបង្ខិត​បង្ខំ ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​ការ​យក​មក​កាត់ទោស និង​ការ​តាម​ឃ្លាំ​មើល»។​ ការណ៍​នេះមានរួម​ទឹកប្រាក់​ផ្តល់​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​នូវ​បច្ចេកវិទ្យាដើម្បីការពារពួក​គេ​ប្រឆាំង​នឹងរឿង​ក្តីក្តាំ​ដែល​មាន​លក្ខណៈ​ព្យាបាទ។ មានទឹកប្រាក់​មួយ​ទៀត​សម្រាប់​ជួយ​ក្រុម​អ្នក​សារព័ត៌មានឱ្យ​ការពារ​ខ្លួន​ឯង​ប្រឆាំង​នឹង​ការ​ធ្វើទុក្ខបុកម្នេញនិង​ការ​បង្ខិត​បង្ខំពី​រដ្ឋ។

លោក Blinken បាន​មាន​ប្រសាសន៍​ថា៖ ​«យើង​ផ្តល់​ប្រាក់រាប់​សិប​លាន​ដុល្លារ​ដល់មូលនិធិ​សេរីភាពបណ្តាញ​ព័ត៌មាន​សម្រាប់បណ្តាញ​ព័ត៌មាន​ឯករាជ្យដើម្បី​បង្កើនសមត្ថភាព​ពួកគេ​ក្នុងការ​បន្តធ្វើ​ការងារ​ពួក​គេក្នុង​កន្លែង​មាន​ការ​ពិបាក​ខ្លាំង​ណាស់»។

លោក​រដ្ឋមន្ត្រី Blinken ​បាននិយាយ​ថា​ វា​មាន​សារៈសំខាន់​ណាស់​ដែល​«យើង​ទាក់ទង​ជាមួយក្រុម​មនុស្ស​ដែល​មាន​ការ​ទទួល​ខុសត្រូវ​សំខាន់​បំផុតមួយក្នុង​ពិភពលោក​នេះ ដែល​នោះ​គឺធ្វើ​ឱ្យ​រដ្ឋាភិបាល​និង​ស្ថាប័ន​មាន​ការ​ទទួល​ខុសត្រូវខ្ពស់ ដើម្បី​បញ្ចាំង​ភ្លើងបំភ្លឺ​ទៅកន្លែង​ដែលងងឹត​ ដើម្បី​ធ្វើ​ឱ្យប្រជាពលរដ្ឋ​មាន​ការ​ទុកចិត្ត​លើ​ស្ថាប័នពួកគេ ​មាន​ទំនុកចិត្ត​លើក្រុមជនដែល​មានការ​ទទួល​ខុស​ត្រូវក្នុង​ការ​ធ្វើ​ជា​អ្នក​តំណាង​ពួកគេ»៕